(ពោធិ៍សាត់)៖ លោក ឡាំ ជា រដ្ឋលេខាធិការ ក្រសួងមហាផ្ទៃ តំណាងដ៏ខ្ពង់ខ្ពស់ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ នារសៀល ថ្ងៃទី០៤ ខែមីនា ឆ្នាំ២០២២នេះ បានអញ្ជើញជាអធិបតី ក្នុងពិធីប្រកាសផ្ទេរភារកិច្ច និងតែងតាំងមុខតំណែង អភិបាលរងនៃគណៈអភិបាលខេត្តពោធិ៍សាត់ ចំនួន០៣រូប ឱ្យចូលមកបំពេញការងារ នៅរដ្ឋបាលខេត្តពោធិ៍សាត់។

ពិធីប្រកាសផ្ទេរភារកិច្ច និងតែងតាំងមុខតំណែង អភិបាលរងខេត្តទាំង០៣ខាងលើ ត្រូវបានធ្វើឡើង នៅសាលប្រជុំសាលាខេត្តពោធិ៍សាត់ ដោយបានការចូលរួមពីលោក ម៉ក់ រ៉ា ប្រធាក្រុមប្រឹក្សាខេត្ត លោក ជាវ តាយ អភិបាលនៃគណៈអភិបាលខេត្ត គណៈប្រតិភូក្រសួង ឯកឧត្តមអភិបាលនៃគណៈអភិបាលខេត្តសៀមរាប និងខេត្តឧត្តរមានជ័យ ប្រធានសាលាដំបូងខេត្ត ព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូងខេត្ត ប្រធានមន្ទីរអង្គភាពនានាជុំវិញខេត្ត កងកម្លាំងប្រដាប់អាវុធទាំង៣ អភិបាលក្រុងស្រុក និងសមាជិក សមាជិកាយ៉ាងច្រើនកុះករ។

អភិបាលរងនៃគណៈអភិបាលពោធិ៍សាត់ ទាំង០៣រូបនោះ រួមមាន៖
១- ផ្ទេរភារកិច្ច លោក ពៅ ពិសិដ្ឋ ឋានន្តរស័ក្តិឧត្តមមន្ត្រី ថ្នាក់លេខ២ ពីអភិបាលរងនៃគណៈអភិបាលខេត្តសៀមរាម ទៅជាអភិបាលរងនៃគណៈអភិបាលខេត្តពោធិ៍សាត់។ ដោយផ្ទេរលោក អ៊ឹង គឹមលាង ពីអភិបាលរងនៃគណៈអភិបាលខេត្តពោធិ៍សាត់ ទៅជាអភិបាលរងនៃគណៈអភិបាលខេត្តសៀមរាបវិញ។
២- ផ្ទេរភារកិច្ច លោក លឹម សុខតូ ឋានន្តរស័ក្តិឧត្តមមន្ត្រី ថ្នាក់លេខ២ ពីអភិបាលរងនៃគណៈអភិបាលខេត្តឧត្តរមានជ័យ ទៅជាអភិបាលរងនៃគណៈអភិបាលខេត្តពោធិ៍សាត់។ ដោយផ្ទេរលោក ខូយ រីដា ពីអភិបាលរងនៃគណៈអភិបាលខេត្តពោធិ៍សាត់ ទៅជាអភិបាលរងនៃគណៈអភិបាលខេត្តបាត់ដំបងវិញ។
៣-តែងតាំង លោកស្រី ប៉ុក ណាឌី ឋានន្តរស័ក្តិឧត្តមមន្ត្រី ថ្នាក់លេខ៥ ឱ្យកាន់មុខតំណែងជាអភិបាលរងនៃគណៈអភិបាលខេត្តពោធិ៍សាត់។ ដោយលោកស្រី ម៉ែន ផល្លី ត្រូវចូលនិវត្តន៍៕