(សៀមរាប)៖ រដ្ឋបាលជលផលកម្ពុជា សហការជាមួយគម្រោងអច្ឆរិយភាពនៃទន្លេមេគង្គ លែងត្រីជិតផុតពូជនៅបឹងទន្លេសាប ដោយបំពាក់ស្លាកសញ្ញាតាមដាន ដើម្បីសិក្សាស្រាវជ្រាវបន្ត។

ថ្លែងក្នុងឱកាសលែងត្រីនៅតំបន់ចុងឃ្នៀស ខេត្តសៀមរាប នាថ្ងៃទី៤ ខែមីនា ឆ្នាំ២០២២ លោកបណ្ឌិត ហ្សេប ហូហ្គេន ជីវវិទូមច្ឆជាតិ ពីសាកលវិទ្យាល័យណេវ៉ាដា រ៉េណូ និងជាអ្នកដឹកនាំគម្រោងអច្ឆរិយភាពនៃទន្លេមេគង្គ បានលើកឡើងថា នេះគឺជាជំហានដំបូងក្នុងកិច្ចខិតខំប្រឹងប្រែង ដើម្បីស្ដារត្រីទឹកសាបទន្លេមេគង្គ ដែលមានទំហំខ្លួនធំៗ។ ការថែរក្សា និងអភិរក្ស ត្រូវបានបង្ហាញឱ្យឃើញថា វាជាវិធីសាស្ត្រដ៏មានប្រសិទ្ធភាពមួយ ក្នុងការការពារជីវចម្រុះក្នុងទឹក និងការជំរុញជីវម៉ាសរបស់ត្រីផងដែរ។ លោកបន្តថា វាជាសកម្មភាពមួយក្នុងចំណោមសកម្មភាពជាច្រើន ដែលជាតម្រូវការ ដើម្បីការពារប្រភេទត្រីទាំងនោះ ឱ្យជៀសផុតពីការរងគ្រោះផុតពូជ។

ដោយឡែកប្រភេទត្រី ដែលនឹងត្រូវលែង គឺជាត្រីរាជ ដែលជាប្រភេទត្រីរងគ្រោះជិតផុតពូជ និងជាប្រភេទត្រី ដែលកាន់កាប់កំណត់ត្រាពិភពលោក ជាប្រភេទត្រីទឹកសាបឥតស្រកា មានទំហំខ្លួនធំជាងគេលើពិភពលោក វាអាចធំលូតលាស់ដល់ទម្ងន់រហូតដល់ ២៩៣គីឡូក្រាម (៦៤៦ផោន)។ ត្រីប្រាធំ ជាប្រភេទត្រីជិតផុតពូជ និងជាអាហារសំខាន់នៅក្នុងតំបន់ ដែលបរិមាណរបស់វាបានធ្លាក់ចុះយ៉ាងខ្លាំង។ ត្រីគល់រាំង ជាប្រភេទត្រីមានស្រការងគ្រោះជិតផុតពូជ ដែលមានទំហំដងខ្លួនធំជាងគេពិភពលោក និងជានិមិត្តរូបមច្ឆជាតិរបស់កម្ពុជាផងដែរ។

លោកបណ្ឌិត ង៉ោ ប៉េងប៊ុន ព្រឹទ្ធបុរសនៃមហាវិទ្យាល័យវិទ្យាសាស្ត្រជលផល នៃសាកលវិទ្យាល័យភូមិន្ទកសិកម្ម បានលើកឡើងថា គោលបំណងនៃការបង្កើតព្រឹត្តិការណ៍នេះឡើង គឺដើម្បីបង្ហាញនូវប្រភេទត្រីដែលជិតផុតពូជ និងឱ្យវាត្រឡប់ទៅរស់នៅក្នុងធម្មជាតិវិញ ព្រមទាំងធ្វើការតាមដានជោគវាសនារបស់ពួកវាផងដែរ។

លោកបានគូសបញ្ជាក់ថា «យើងត្រូវយល់ដឹងឱ្យកាន់តែច្បាស់អំពីប្រសិទ្ធភាព នៃតំបន់អភិរក្ស ដែលទីជម្រកលាក់ខ្លួនសម្រាប់ប្រភេទត្រីដែលរងការគំរាមកំហែង ហើយការលែងត្រីនៅថ្ងៃនេះ នឹងក្លាយទៅជាការអនុវត្តសម្រាប់ការអភិរក្សនាពេលអនាគត ហើយវាអាចជួយយើងឲ្យយល់ដឹងបន្ថែម ថាតើវិធីសាស្ត្របែបនេះ មានប្រសិទ្ធភាពក្នុងការជួយដល់ការស្ដារឡើងវិញ នូវបរិមាណត្រីប្រភេទនេះ នៅក្នុងធម្មជាតិដែរឬទេ?»

លោក ពុំ សុថា ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ទទួលបន្ទុកជាប្រធានរដ្ឋបាលជលផល បានលើកឡើងថា រាជរដ្ឋាភិបាល បានចាត់វិធានការក្នុងការបង្កើតតំបន់អភិរក្ស ការការពារតំបន់ស្នូលនៃតំបន់ជីវមណ្ឌលបម្រុងទុកក្នុងបឹងទន្លេសាប និងបង្កើតសហគមន៍នេសាទជាផ្លូវការ ព្រមទាំងតំបន់បម្រុងពាក់ព័ន្ធ ដែលសកម្មភាពទាំងនេះ ធ្វើឱ្យកម្ពុជា ក្លាយជាទីកន្លែងដ៏ស័ក្តសមបំផុត សម្រាប់ការចាប់ផ្ដើមស្តារបរិមាណផលស្តុកត្រីទន្លេមេគង្គ ដែលជិតផុតពូជ។ ថ្ងៃនេះជាផ្នែកនៃកិច្ចខិតខំប្រឹងប្រែងរយៈពេលជាច្រើនឆ្នាំ ដើម្បីសាកល្បងមើលពីប្រសិទ្ធភាពនៃការប្រើប្រាស់បណ្តាញតំបន់អភិរក្សដ៏ធំរបស់កម្ពុជា និងការលែងប្រភេទត្រីជិតផុតពូជ ដែលត្រូវបានថែបំប៉នជាច្រើនឆ្នាំមកហើយ ឱ្យត្រឡប់ចូលទៅទីជម្រកដើម ក្នុងធម្មជាតិវិញ។ គោលបំណងសំខាន់ គឺដើម្បីការពារត្រីទាំងនោះ រហូតដល់ពួកវាធំល្មម អាចធ្វើការបន្តពូជបាន ដើម្បីគាំទ្រដល់វិស័យជលផល និងជីវៈចម្រុះ» ។

លោកបណ្ឌិត ហូហ្គេន បានលើកឡើងថា ការលែងប្រភេទត្រីដែលជិតផុតពូជទៅក្នុងបឹងទន្លេសាប ត្រូវបានគេរំពឹងថា នឹងក្លាយជាការលែងលើកទីមួយក្នុងចំណោមការលែងក្រោយៗទៀត។ ក្នុងនោះ ក្រុមអ្នកស្រាវជ្រាវមានសុទិដ្ឋិនិយមថា ការប្តេជ្ញាចិត្តប្រកបដោយនិរន្តរភាព ក្នុងការការពារប្រភេទប្រភេទត្រីទឹកសាបខ្នាតយក្ស របស់ពិភពលោក ដែលជិតផុតពូជ នឹងទទួលបានផ្លែផ្កា។

ត្រីសរុបចំនួនជាង ១,០០០ក្បាល ត្រូវបានត្រូវលែងទៅក្នុងតំបន់អភិរក្ស ដែលគ្រប់គ្រងដោយរដ្ឋាភិបាល វាជាអតីតឡូត៍នេសាទលេខ៤ ក្នុងបឹងទន្លេសាប ដែលមានចម្ងាយមិនឆ្ងាយពីក្រុងសៀមរាប និងប្រាសាទអង្គរវត្តដ៏ល្បីល្បាញ ដោយធ្វើដំណើរតាមទូក។ ត្រីទាំងនេះភាគច្រើនជាត្រីជំទង់ មានទំហំចាប់ពី ៣០សង់ទីម៉ែត្រ (១ហ្វូត) ទៅ ១.៦ម៉ែត្រ (ជាង៥ហ្វីត) ដែលត្រូវបានថែបំប៉នទុកដោយ រដ្ឋបាលជលផលកម្ពុជា សហការជាមួយគម្រោងអច្ឆរិយភាពនៃទន្លេមេគង្គ ដែលគាំទ្រមូលនិធិដោយ USAID ។

សូមបញ្ជាក់ផងដែរ គម្រោងនេះ គឺជាការសហការរវាងរដ្ឋបាលជលផល របស់ប្រទេសកម្ពុជា ខណ្ឌរដ្ឋបាលជលផលខេត្តសៀមរាប និងគម្រោងអច្ឆរិយភាពនៃទន្លេមេគង្គ ដែលផ្តល់មូលនិធិដោយ USAID ដោយមានការចូលរួមចំណែកបន្ថែមពីអ្នកនេសាទកម្សាន្ត តាមរយៈការសហការពិសេស ជាមួយរមណីយដ្ឋាននេសាទ Gilham ក្នុងប្រទេសថៃ៕