(ភ្នំពេញ)៖ ស្ថានទូតជប៉ុន ប្រចាំកម្ពុជា នៅរសៀលថ្ងៃទី០៣ ខែមីនា ឆ្នាំ២០២២នេះ បានរៀបចំពិធីជូនដំណើរដល់និស្សិតខ្មែរ ចំនួន៣៦នាក់ ដែលបានជាប់អាហារូបករណ៍ របស់រដ្ឋាភិបាលជប៉ុន។

ពិធីជូនដំណើរនេះ បានធ្វើឡើងក្រោមអធិបតីភាពលោក មិកាមិ ម៉ាសាហ៉ីរ៉ូ ឯកអគ្គរាជទូតជប៉ុន ប្រចាំកម្ពុជា, លោក យក់ ង៉ុយ រដ្ឋលេខាធិការ ក្រសួងអប់រំ យុវជន និងកីឡា លោក ង៉ូវ ប៉េងហ៊ុយ ប្រធានសមាគមអតីតនិស្សិតខ្មែរពីប្រទេសជប៉ុន នៅសាលពហុប្រយោជន៍ នៃស្ថានទូតជប៉ុន។

ថ្លែងនៅក្នុងពិធីនេះ លោក មិកាមិ ម៉ាសាហ៉ីរ៉ូ បានអបអរសារទរនិស្សិតទាំង៣៦រូប ដែលទទួលបានអាហារូបករណ៍រដ្ឋាភិបាលជប៉ុន បន្ទាប់ពីបានឆ្លងកាត់ដំណាក់កាលជ្រើសរើសយ៉ាងស្វិតស្វាញ ព្រមទាំងសូមថ្លែងអំណរគុណ យ៉ាងជ្រាលជ្រៅចំពោះក្រសួងអប់រំ យុវជន និងកីឡាសម្រាប់ការសហការដ៏ល្អរាប់តាំងពីការចាប់ផ្តើម ដំបូងរហូតដល់ដំណាក់កាលជ្រើសរើសចុងក្រោយ។

ឯកអគ្គរាជទូតជប៉ុនរូបនេះ បានបន្តថា ទោះបីជា ស្ថានភាពកូវីដ១៩ មិនអាចស្មានទុកជាមុនក៏ដោយវិធានការនានាសម្រាប់ការធ្វើដំណើរ ទៅប្រទេសជប៉ុន គឺកំពុងមានសភាពធូរស្រាលជាបន្តបន្ទាប់។ ក្នុងករណីនេះ និស្សិតអាហារូបករណ៍រ ដ្ឋាភិបាលជប៉ុន (MEXT) ត្រូវបានផ្តល់អាទិភាពមុនក្នុងការធ្វើដំណើរទៅកាន់ប្រទេសជប៉ុន។ ដូច្នេះ លោកសង្ឃឹមថា និស្សិតជាប់អាហារូបករណ៍ទាំងអស់នឹងបានចេញដំណើរទៅសិក្សានៅប្រទេសជប៉ុនដូចការ រំពឹងទុក។

នាឱកាសនោះដែរ លោក មិកាមិ ម៉ាសាហ៉ីរ៉ូ បានបង្ហាញជឿជាក់ថានិស្សិតជាប់អាហារូបករណ៍រដ្ឋាភិបាលជប៉ុនទាំងអស់ នឹងចូលរួមចំណែកបន្តដល់ការអភិវឌ្ឍនៅកម្ពុជា ក្នុងវិស័យនានាបន្ទាប់ពីការបញ្ចប់ការសិក្សា និងត្រលប់មកប្រទេសខ្លួនវិញ។ ទន្ទឹមគ្នានេះ លោកក៏សង្ឃឹមថា ខណៈពេលដែលក្មួយៗ កំពុងសិក្សានៅប្រទេសជប៉ុន ក្មួយៗនឹងរីករាយស្វែងយល់ និងទទួលនូវបទពិសោធន៍ទាក់ទងនឹងវប្បធម៌ជប៉ុន ព្រមទាំងបង្កើតមិត្តភិក្ត ជាច្រើនជាមួយជនជាតិតជប៉ុន និងជនជាតិផ្សេងៗទៀតទូទាំងពិភពលោក។

លោកបានឱ្យដឹងថា «ឆ្នាំក្រោយ គឺជាឆ្នាំនៃខួបលើកទី៧០ នៃការបង្កើតទំនាក់ទំនងការទូតរវាងជប៉ុន និងកម្ពុជា។ ទំនាក់ទំនងមិត្តភាពរបស់ប្រទេសយើងទាំងពីរ បាននឹងកំពុងបន្តយ៉ាងស្អិតរមួត ក៏ដោយសារមានការគាំទ្រពីអតីតនិស្សិតអាហារូបករណ៍រដ្ឋាភិបាលជប៉ុន ក្នុងរូបភាពជាច្រើន។ បន្ថែមពីនេះលោកសង្ឃឹមថាក្មួយៗ នឹងបន្តសកម្មភាពតាមសិស្សច្បងមុនៗដើម្បីបន្តពង្រឹងចំណងមិត្តភាពរវាងប្រទេសយើងទាំងពីរនាពេលអនាគត»

បើតាមលោក យក់ ង៉ុយ បានឱ្យដឹងថា ចាប់តាំងពីឆ្នាំ១៩៩២មក មាននិស្សិតខ្មែរ ចំនួន១,៥៣៥នាក់ បានទទួលអាហារូបករណ៍ពីរដ្ឋាភិបាលជប៉ុន លើមុខចំនាញផ្សេងៗគ្នា ដោយក្នុងនោះនិស្សិតបានវិលត្រឡប់មាតុភូមិវិញ ព្រមទាំងបានចូលរួមចំណែកជាមួយរាជរដ្ឋាភិបាលកម្ពុជា ដើម្បីអភិឌ្ឍន៍ជាតិ។ ដោយសម្រាប់ឆ្នាំ២០២២ មាននិស្សិតខ្មែរចំនួន ៣៦នាក់ បានជាប់អាហារូបករណ៍ថ្មី ពីរដ្ឋាភិបាលជប៉ុន ដើម្បីបន្តការសិក្សាលើថ្នាក់ក្រោយឧត្តមសិក្សា, ថ្នាក់ឧត្តមសិក្សា, ថ្នាក់មធ្យមសិក្សាបច្ចេកទេស និងថ្នាក់បណ្តុះបណ្តាលវិជ្ជាជីវៈ ដោយពួកគាត់អាសិក្សានៅប្រទេសជប៉ុន ចាប់ពី ២ឆ្នាំកន្លះ រហូតដល់៥ឆ្នាំ៕