(ភ្នំពេញ)៖ វីរៈកីឡាការិនីតេក្វាន់ដូកម្ពុជា ស៊ន សៀវម៉ី ត្រូវបានស្ថាប័នកីឡាអូឡាំពិកអន្ដរជាតិយកចិត្តទុកដាក់ និងចាប់អារម្មណ៍យ៉ាងខ្លាំង បន្ទាប់ពីនាងដណ្ដើមបានមេដាយមាស និងសិទ្ធិចូលរួមប្រកួតកីឡាអូឡាំពិកជាផ្លូវការ លើកដំបូង នៅប្រទេសប្រេស៊ីល ក្នុងឆ្នាំ២០១៦ នេះ។
នៅព្រឹកថ្ងៃទី៣ ខែឧសភានេះ លោក ថោង ខុន រដ្ឋមន្ដ្រីក្រសួងទេសចរណ៍ និងជាប្រធានគណៈកម្មាធិការជាតិអូឡាំពិក កម្ពុជា (NOCC) បានសម្ដែងការគួរសមក្រុមអ្នកសារព័ត៌មានកីឡាអូឡាំពិកអន្ដរជាតិ (Olympic Channel) ដើម្បីផ្សព្វ ផ្សាយពីដំណើរវិវត្តន៍របស់កីឡាការិនីវ័យជាង២០ឆ្នាំ សៀវម៉ី ឆ្ពោះទៅប្រកួតកីឡាអូឡាំពិក នៅទីក្រុង Rio ប្រទេស ប្រេស៊ីល នាខែសីហាខាងមុខ។
នៅក្នុងជំនួបសម្ដែងការគួរសមនេះ លោករដ្ឋមន្ដ្រី ថោង ខុន ក៏បានពិភាក្សាលើប្រធានបទសំខាន់ៗមួយចំនួនទៀត ជុំវិញបរិបទនៃភាពរីកចម្រើនលើវិស័យកីឡាកម្ពុជាបច្ចុប្បន្ន ប៉ុន្ដែប្រធានបទសំខាន់ ដែលក្រុមអ្នកសារព័ត៌មានអូឡាំពិក អន្ដរជាតិ ចង់ដឹងបំផុតគឺទាក់ទងនឹងកីឡាការិនី ស៊ន សៀវម៉ី ចំពោះការត្រៀមខ្លួន ដើម្បីបន្ដចូលរួមប្រកួតកីឡាំអូឡាំពិក ។
យ៉ាងណាមិញ ក្រុមអ្នកសារព័ត៌មានអន្ដរជាតិខាងលើ ក៏បានសម្ដែងពីការចាប់អារម្មណ៍ចំពោះសមត្ថភាពរបស់កីឡាការិនី ស៊ន សៀវម៉ី និងភាពរីកចម្រើននៃវិស័យ កីឡាកម្ពុជាបច្ចុប្បន្នផងដែរ ស្របពេលដែលសហព័ន្ធកីឡាតេក្វាន់ដូពិភពលោក (WTF) ក៏បានសម្តែងការអបអរសាទរ និងបានប្រកាសជាផ្លូវការ ចំពោះវត្តមានកីឡាការិនី ស៊ន សៀវម៉ី ទៅប្រកួតដណ្តើមមេដាយពិភពលោក ក្នុងព្រឹត្តិការណ៍កីឡាអូឡាំពិក នៅប្រេស៊ីល ខាងមុខទៀតផង ៕