(ភ្នំពេញ)៖ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ បានចេញសេចក្ដីណែនាំចាត់វិធានការចំពោះមន្ដ្រីរាជការ ក្រសួងមហាផ្ទៃ ដែលមានវិសមិតភាព ក្នុងការបំពេញមុខងារសាធារណៈ និងការប្រកបវិជ្ជាជីវៈមេធាវី។ នេះបើតាមសេចក្ដីណែនាំដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាននៅរសៀលថ្ងៃទី០៤ ខែមីនា ឆ្នាំ២០២២។

សម្ដេចក្រឡាហោម ស ខេង បានបញ្ជាក់ថា កន្លងទៅ ក្រសួងមហាផ្ទៃបានចេញសេចក្តីណែនាំស្តីពីវិសមិតភាពក្នុងការបំពេញមុខងារសាធារណៈ និងការប្រកបវិជ្ជាជីវៈជាមេធាវីរបស់មន្ត្រីរាជការក្រសួងមហាផ្ទៃ ដល់មន្ត្រីរាជការចំណុះក្រសួងមហាផ្ទៃ ឲ្យជ្រើសរើសយកការបំពេញមុខងារជា អ្នករាជការសាធារណៈឬប្រកបវិជ្ជាជីវៈជាមេធាវី និងតម្រូវឲ្យសាមីខ្លួនធ្វើការជ្រើសរើសយកវិជ្ជាជីវៈតែមួយដោយត្រូវរៀបចំនីតិវិធី ដើម្បីស្ថិតក្នុងស្ថានភាពសុំមិនប្រកបវិជ្ជាជីវៈណាមួយ ឬសុំនៅក្រៅបញ្ជីនៃគណៈមេធាវី។

ក្នុងន័យនេះ ដើម្បីឲ្យការអនុវត្តសេចក្តីណែនាំខាងលើមានប្រសិទ្ធភាពខ្ពស់ សំដៅពង្រឹងការអនុវត្តច្បាប់ ពង្រឹងការអនុវត្តតួនាទី ភារកិច្ចរបស់មន្ត្រីក្រោមឱវាទក្រសួងមហាផ្ទៃ និងជៀសវាងមន្ត្រីរាជការមានវិសមិតភាព ក្នុងការបំពេញមុខងារសាធារណៈ និងការប្រកបវិជ្ជាជីវៈជាមេធាវី ក្រសួងមហាផ្ទៃ សូមធ្វើការណែនាំបន្ថែម និងមានវិធានការចំពោះមន្ត្រីរាជការក្រោមឱវាទក្រសួងមហាផ្ទៃ ដូចខាងក្រោម៖

* បញ្ជូនបញ្ជីឈ្មោះមេធាវី ដែលស្ថិតក្នុងស្ថានភាពសុំមិនប្រកបវិជ្ជាជីវៈ ឬសុំនៅក្រៅបញ្ជី នៃគណៈមេធាវីជូនគ្រប់អង្គភាពនៅថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិចំណុះក្រសួងមហាផ្ទៃដើម្បីធ្វើជាមូលដ្ឋាន ក្នុងការពិនិត្យផ្ទៀងផ្ទាត់ឈ្មោះមន្ត្រីរាជការដែលប្រកបវិជ្ជាជីវៈជាមេធាវី ខណៈពេលកំពុងបំពេញមុខងារសាធារណៈ។

* ក្នុងករណីដែលមន្ត្រីរាជការចំណុះអង្គភាពរបស់ខ្លួនប្រកបវិជ្ជាជីវៈជាមេធាវី និងពុំមានឈ្មោះ ក្នុងបញ្ជីឈ្មោះមេធាវី ដែលស្ថិតក្នុងស្ថានភាពសុំមិនប្រកបវិជ្ជាជីវៈ ឬសុំនៅក្រៅបញ្ជីនៃគណៈមេធាវីទេប្រធានអង្គភាព ត្រូវណែនាំសាមីខ្លួនឲ្យប្រញាប់រួសរាន់សម្រេចជ្រើសរើសយកវិជ្ជាជីវៈតែមួយ ដោយទុករយៈពេល០៣(បី) ខែ គិតពីថ្ងៃចេញសេចក្តីណែនាំនេះ។ បើសាមីខ្លួននៅតែពុំជ្រើសរើសយកវិជ្ជាជីវៈតែមួយនោះទេ ប្រធានអង្គភាពត្រូវរាយការណ៍ជាលាយលក្ខណ៍អក្សរមកក្រសួងមហាផ្ទៃ ដើម្បីក្រសួង ចាត់វិធានការដោយលុបឈ្មោះចេញពីក្របខណ្ឌក្រសួងមហាផ្ទៃ។

ខាងក្រោមនេះ ជាសេចក្ដីណែនាំរបស់ក្រសួងមហាផ្ទៃ៖