(ភ្នំពេញ)៖ នៅថ្ងៃទី៤ ខែមីនា ឆ្នាំ២០២២ ក្រសួងពាណិជ្ជកម្ម បានរៀបចំពិធីអបអរសាទរខួបទី១១១ ទិវាអន្តរជាតិនារី ៨ មីនា ២០២២ ក្រោមប្រធានបទ «សមភាពយេនឌ័រថ្ងៃនេះ ដើម្បីចីរភាពនាពេលអនាគត» និងប្រកាសដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវផែនការយុទ្ធសាស្ត្របញ្ជ្រាបយេនឌ័រនៅក្នុងវិស័យពាណិជ្ជកម្មឆ្នាំ២០២១-២០២៥។

ពិធីនេះបានរៀបចំឡើងតាមរយៈការចូលរួមដោយផ្ទាល់ និងតាមប្រព័ន្ធវីដេអូ ក្រោមអធិបតីភាពលោក ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម និងមានការអញ្ជើញចូលរួមពីលោក លោកស្រីរដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ លោក លោកស្រីអនុរដ្ឋលេខាធិការ តំណាងក្រសួងកិច្ចការនារី និងមន្ត្រីរាជការក្រសួងពាណិជ្ជកម្មជាច្រើនរូប។

ក្នុងពិធីនោះលោករដ្ឋមន្ត្រីពាណិជ្ជកម្ម បានសម្ដែងការគាំទ្រយ៉ាងពេញទំហឹង ចំពោះប្រធានបទ «សមភាពយេនឌ័រ ថ្ងៃនេះ ដើម្បីចីរភាពនាពេលអនាគត» ព្រោះនេះជាប្រធានបទមួយឆ្លើយតបទៅនឹងបរិបទបច្ចុប្បន្នរបស់ប្រទេសកម្ពុជា ដែលកន្លងមករាជរដ្ឋាភិបាលបានដាក់ចេញនូវគោលនយោបាយ និងយុទ្ធសាស្រ្តយ៉ាងច្បាស់លាស់ អំពីការលើកកម្ពស់សមភាពយេនឌ័រ និងអនុវត្តន៍តាមគ្រប់ក្រសួង-ស្ថាប័ន។ ម្យ៉ាងវិញទៀត ការលើកឡើងនូវប្រធានបទដ៏សំខាន់នេះ ពិតជាមានអត្ថន័យ និងសារៈសំខាន់ស្របតាមគោលការណ៍រាជរដ្ឋាភិបាល ដែលបាននឹងកំពុងផ្តោតការយកចិត្តទុកដាក់ខ្ពស់ទៅលើការលើកកម្ពស់សមភាពយេនឌ័រ និងការបង្កើនភាពអង់អាចដល់ស្ត្រី ស្របទៅនឹងបរិបទបច្ចុប្បន្ន ក្នុងគោលបំណងបញ្ជាក់អំពីតម្លៃនៃការទទួលបាននូវសមភាពរវាងស្រ្តី និងបុរសសម្រាប់ការអភិវឌ្ឍគ្រប់វិស័យ និងជំរុញឱ្យគ្រប់ដៃគូពាក់ព័ន្ធ បន្តអនុវត្តវិធានការផ្នែកគោលនយោបាយកម្មវិធី និងសកម្មភាពជាក់លាក់នានា នៅក្នុងគោលដៅស្តារសេដ្ឋកិច្ច-សង្គមក្រោយវិបត្តិកូវីដ-១៩ និងការរស់នៅតាមបែបគន្លងប្រក្រតីភាពថ្មី ក៏ដូចជាការកសាងភាពរឹងមាំ និងការអភិវឌ្ឍប្រកបដោយចីរភាព។

លោករដ្ឋមន្ត្រី ប៉ាន សូរស័ក្តិ បានគូសបញ្ជាក់ថា ទិវាអន្តរជាតិនារី ៨មីនា បានឆ្លុះបញ្ចាំងពីភាពអង់អាច និងការតស៊ូយ៉ាងស្វិតស្វាញបំផុត ទម្រាំបានការទទួលស្គាល់ជាផ្លូវការក្នុងកម្រិតអន្តរជាតិថា ស្ត្រីមានសិទ្ធិស្មើនឹងបុរសក្នុងឋានៈសង្គម ក្នុងការបំពេញការងារ និងទទួលបានផលលាភ។ ស្ត្រីបានតស៊ូរហូតដល់សម្រេចបានជោគជ័យក្នុងការទាមទារការទទួលស្គាល់សិទ្ធិរបស់ស្ត្រី និងកំណត់ចេញនូវសន្ធិសញ្ញាអន្តរជាតិ ស្ដីពីការលុបបំបាត់រាល់ទម្រង់រើសអើងប្រឆាំងស្ត្រីភេទនាឆ្នាំ១៩១១ ដែលមានប្រទេសចំនួន ១៨៦ ទទួលស្គាល់ គាំទ្រ និងបានចូលរួមចុះឈ្មោះជារដ្ឋហត្ថលេខី។ ៨មីនា គឺជាព្រឹត្តិការណ៍ជាសកល ដែលមហាសន្និបាតអង្គការសហប្រជាជាតិ បានប្រកាសជាទិវារបស់អង្គការសហប្រជាជាតិ ស្តីពីសិទ្ធិស្រ្តី និងសន្តិភាពពិភពលោកនាឆ្នាំ១៩៧៧។ ព្រះរាជាណាចក្រកម្ពុជា បានក្លាយជាប្រទេសហត្ថលេខីនៃសន្ធិសញ្ញាអន្តរជាតិ ស្ដីពីការលុបបំបាត់រាល់ទម្រង់រើសអើងប្រឆាំងស្ត្រីភេទ ចាប់តាំងពីឆ្នាំ១៩៩៤ បន្ទាប់ពីសន្ធិសញ្ញានេះបានចូលជាធរមាន។ ចាប់ពីពេលនោះមក ស្ត្រីត្រូវបានទទួលស្គាល់ពីសំណាក់សង្គម ស្ត្រីមានសិទ្ធិគ្រប់គ្រាន់ចំពោះមុខច្បាប់ និងត្រូវបានការពារដោយច្បាប់ ស្ត្រីមានសិទ្ធិទទួលបានការអប់រំ ស្ត្រីមានសិទ្ធិទទួលបានការងារ និងទទួលកម្រៃលាភការពីការងារស្មើនឹងបុរស។

លោករដ្ឋមន្ត្រី បានលើកឡើងដែរថា រាជរដ្ឋាភិបាលកម្ពុជា បានដាក់ចេញនូវវិធានការជាក់លាក់ជាបន្តបន្ទាប់ក្នុងការបញ្ច្រាបយេនឌ័រ និងបង្កើនតួនាទីស្រ្តីក្នុងការធ្វើសេចក្តីសម្រេចរួមទាំងការបញ្ចូលទៅក្នុងច្បាប់ក្របខណ្ឌគតិយុត្ត គោលនយោបាយ លិខិតបទដ្ឋាន និងកម្មវិធីផ្សេងៗ។ ជាមួយនឹងគោលដៅអភិវឌ្ឍន៍ប្រកបដោយនិរន្តរភាព សម្រាប់ឆ្នាំ២០១៦-២០៣០ និងផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍ជាតិ ២០១៩-២០២៣។ រាជរដ្ឋាភិបាលបានផ្តោតការយកចិត្តទុកដាក់លើការបង្កើននូវលក្ខខណ្ឌសមធម៌ និងការទទួលស្គាល់សមាសភាពរវាងស្ត្រី និងបុរស ក្នុងគ្រប់វិស័យ ទាំងវិស័យសេដ្ឋកិច្ច សង្គមកិច្ច និងនយោបាយ ព្រមទាំងសិទ្ធិក្នុងការចូលរួមចំណែកដោយស្មើភាព និងជាដៃគូមិនអាចខ្វះបានជាមួយបុរសក្នុងការអភិវឌ្ឍប្រទេសជាតិ។

លើសពីនេះទៀត រាជរដ្ឋាភិបាលបានបន្តផ្តល់ការគាំទ្រយ៉ាងពេញទំហឹង ចំពោះការដំឡើងតួនាទីស្រ្តីតាមក្រសួង ស្ថាប័ននានា ដើម្បីឱ្យស្រ្តីមានសិទ្ធិចូលរួមពេញលេញ និងស្មើភាពក្នុងការធ្វើសេចក្តីសម្រេចនៅគ្រប់កម្រិត ហើយកិច្ចខិតខំប្រឹងប្រែងទាំងនេះ បាននាំមកនូវការកើនឡើងជាបណ្តើរៗនូវសមាមាត្រស្ត្រីជាអ្នកដឹកនាំ ទាំងនៅថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ។

លោករដ្ឋមន្ត្រីបញ្ជាក់ថា ក្នុងបរិបទនៃការរីករាលដាលនៃជំងឺកូវីដ-១៩ ស្ត្រីនៅក្នុងប្រទេសកំពុងអភិវឌ្ឍន៍ រងផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរ ដោយសារស្រ្តីភាគច្រើនមានការងារនៅក្នុងវិស័យសេវាកម្ម និងវិស័យសេដ្ឋកិច្ចក្រៅប្រព័ន្ធ។ ដើម្បីចូលរួមដោះស្រាយនូវផលប៉ះពាល់ទាំងនេះ រាជរដ្ឋាភិបាលក្រោមការដឹកនាំដោយសម្តេចតេជោ ហ៊ុន សែន បានផ្តល់នូវអត្ថប្រយោជន៍ជាច្រើនដល់ស្រ្តី និងក្រុមជនងាយរងគ្រោះក្នុងការអនុវត្តគោលនយោបាយជាតិគាំពារសង្គម ការដាក់ចេញវិធានការអន្តរាគមន៍ជំនួយសង្គម ការបង្កើនមូលធនថវិកា «សាច់ប្រាក់ពលកម្ម» ដើម្បីជួយកម្មករនិយោជិតបានព្យួរការងារ កម្មវិធីជំនួយសង្គមពិសេស គឺកម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនជនក្រីក្រ និងងាយរងគ្រោះក្នុងអំទ្បុងពេលនៃជំងឺកូវីដ-១៩ ការផ្តល់ប្រាក់ឧបត្ថម្ភសម្រាប់បុគ្គលិកក្នុងវិស័យកាត់ដេរ និងទេសចរណ៍ រៀបចំកម្មវិធីហិរញ្ញប្បទានពិសេស ជួយស្តារលទ្ធភាព និងលើកកម្ពស់អាជីវកម្មសហគ្រាសធុនតូច និងមធ្យម ជាដើម។

រាជរដ្ឋាភិបាលបានផ្តោតការយកចិត្តទុកដាក់លើ ការអភិវឌ្ឍសហគ្រាសធុនមីក្រូ តូច និងមធ្យម (MSME) ដែលម្ចាស់អាជីវកម្មជាស្ត្រីមានប្រមាណ ៦១% ព្រមទាំងការអភិវឌ្ឍបច្ចេកវិទ្យាឌីជីថល ការជំរុញភាពធន់នឹងអាកាសធាតុ កិច្ចការថែទាំគ្រួសារ និងការងារមិនមានប្រាក់កម្រៃ និងអភិបាលកិច្ចល្អ និងភាពជាអ្នកដឹកនាំដើម្បីធានាការទទួលបានសមភាពយេនឌ័រ។ ដោយឡែកនៅក្នុងក្រសួងពាណិជ្ជកម្ម ក៏បានបន្តការអនុវត្តគម្រោងជំរុញទីផ្សារសម្រាប់កសិកម្មខ្នាតតូច (AIMs) ដែលមានការចូលរួមពីស្ត្រីជាច្រើន ទៅលើផ្នែកតម្បាញសូត្រ ការចិញ្ចឹមមាន់ និងដាំបន្លែ ដែលផ្តល់និរន្តរភាពប្រាក់ចំណូលសម្រាប់ស្ត្រី ក្នុងការផ្គត់ផ្គង់ជីវភាពគ្រួសារ។ ទាំងអស់នេះ សបញ្ជាក់ថា រាជរដ្ឋាភិបាលបានយកចិត្តទុកដាក់យ៉ាងខ្លាំងចំពោះស្រ្តី ដែលជាធនធានដែលមិនអាចខ្វះបានសម្រាប់ជួយអភិវឌ្ឍន៍សង្គមជាតិ។

លោករដ្ឋមន្ត្រីសង្កត់ធ្ងន់ថា «ក្រសួងពាណិជ្ជកម្ម គាំទ្រយ៉ាងពេញទំហឹង ចំពោះគោលនយោបាយរាជរដ្ឋាភិបាល ដោយប្តេជ្ញាចិត្តជំរុញការអនុវត្តផែនការយុទ្ធសាស្ត្របញ្ជ្រាបយេនឌ័រវិស័យពាណិជ្ជកម្មសម្រាប់ ឆ្នាំ២០២១-២០២៥ ក្នុងនោះ ឯកឧត្តម លើកទឹកចិត្តឱ្យស្ត្រី និងបុរសទាំងអស់ក្នុងក្រសួងពាណិជ្ជកម្ម បន្តការចូលរួមចំណែកក្នុងការអនុវត្តផែនការយុទ្ធសាស្ត្រនេះឱ្យមានប្រសិទ្ធភាព និងប្រកបដោយជោគជ័យ»

ឆ្លៀតក្នុងឱកាសអបអរសាទរខួបទី១១១ ទិវាអន្តរជាតិនារី ៨មីនា ឆ្នំានេះ ឯកឧត្តមរដ្ឋមន្ត្រី ក៏បានប្រកាសដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវផែនការយុទ្ធសាស្ត្របញ្ជ្រាបយេនឌ័រនៅក្នុងវិស័យពាណិជ្ជកម្មឆ្នាំ២០២១-២០២៥ ដើម្បីជាឧត្តមប្រយោជន៍សម្រាប់ក្រសួង និងនារីនៅក្នុងវិស័យពាណិជ្ជកម្មផងដែរ៕