(កំពង់ធំ)៖ លោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងជាប្រធានក្រុមការប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពង់ធំ នារសៀលថ្ងៃ៤ ខែមីនា ឆ្នាំ២០២២នេះ បានដឹកនាំការត្រួតពិនិត្យការងារ និងណែនាំការងារបន្ថែមដល់អាជ្ញាធរឃុំច្រនាង ក៏ដូចឃុំទាំងឡាយនៃស្រុកតាំងគោក ខេត្តកំពង់ធំ។

នាឱកាសនោះលោក ថោង ខុន បានណែនាំដល់សមាជិកក្រុមប្រឹក្សាឃុំត្រូវអនុវត្តឱ្យបានត្រឹមត្រូវតាមប្រតិទិនរបស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) ដើម្បីធ្វើការងារឈានឆ្ពោះទៅការបោះឆ្នោតជ្រើសរើស ក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៥ នាថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២២ខាងមុខ។

លោករដ្ឋមន្ត្រី ថោង ខុន បានត្រួតពិនិត្យការចុះឈ្មោះរបស់ប្រជាពលរដ្ឋក្នុងបញ្ជីឈ្មោះបោះឆ្នោត ក្នុងនោះលោកក៏បានណែនាំបន្ថែមទៀតដល់អាជ្ញាធរ មន្ត្រីមានសមត្ថកិច្ចត្រូវយកចិត្តទុកដាក់លើប្រជាជន ពិសេសប្រជាពលរដ្ឋដែលមានអាយុបោះឆ្នោត ពោលគឺត្រូវធានាថាពួកគាត់មានអត្តសញ្ញាណប័ណ្ណឱ្យបានគ្រប់គ្នា ឬឯកសារបញ្ជាក់អត្តសញ្ញាណ (ឯ.អ) ដើម្បីឱ្យពួកគាត់យកទៅប្រើប្រាស់ក្នុងពេលទៅបោះឆ្នោត។

ក្នុងនាមជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពង់ធំ លោក ថោង ខុន បានលើកឡើងថា រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំរបស់សម្ដេចតេជោ ហ៊ុន សែន បានអនុវត្តគោលនយោបាយចាក់វ៉ាក់សាំងជូនប្រជាជនដោយគ្មានការរើសអើស និងដាក់ចេញអនុសាសន៍ដល់ក្រសួងស្ថាប័នពាក់ព័ន្ធត្រូវជំរុញកិច្ចការនេះឱ្យបានខ្លាំងក្លាផុសផុល។

លោកប្រធានបានណែនាំដល់អាជ្ញាធរឃុំ និងរដ្ឋបាលស្រុកត្រូវចុះអប់រំណែនាំប្រជាជន ដើម្បីជំរុញឱ្យពួកគាត់ទៅទទួលការចាក់វ៉ាក់សាំងបង្ការកូវីដ១៩ និងត្រូវអនុវត្តវិធានការណ៍ «៣ការពារ ៣កុំ» នៅតាមមូលដ្ឋានឱ្យដូចភ្លៀងរលឹម ដើម្បីការពារខ្លួនពីមេរោគកូវីដបំប្លែងថ្មី អូមីក្រុង ព្រោះមានបទពិសោធន៍នៅប្រទេសមួយចំនួនដែលនៅមានការរីករាលដាលខ្លាំង។

លោកបានបន្តណែនាំអាជ្ញាធរឃុំ ស្រុក និងកងកម្លាំងសមត្ថកិច្ចត្រូវបន្តថែរក្សាការពារសន្តិសុខ សណ្ដាប់ធ្នាប់នៅមូលដ្ឋាន ដើម្បីពង្រឹងគោលនយោបាយភូមិ/ឃុំមានសុវត្ថិភាព និងចូលរួមជួយប្រជាពលរដ្ឋក្នុងការប្រកមុខបរបរ-ការងារ ដើម្បីឱ្យប្រជាជនមានលទ្ធភាពស្ដារនិងលើកស្ទួយជីវភាពគ្រួសារឡើងវិញ បន្ទាប់ពីរងផលប៉ះពាល់ដោយសារវិបត្តិជំងឺកូវីដ១៩រយៈពេល២ឆ្នាំមកនេះ។

ក្រៅពីនេះ លោក ថោង ខុន បានក្រើនរំលឹកដល់អាជ្ញាធរមូលដ្ឋាន មន្ត្រីមានសមត្ថកិច្ចត្រូវបម្រើសេវាសាធារណៈជូនប្រជាជនឱ្យបានល្អ ឱ្យប្រជាជនសប្បាយចិត្តរីករាយនឹងការងាររបស់អាជ្ញាធរ ពេញចិត្តនឹងការដឹកនាំរបស់សម្ដេចតេជោ ហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាល។

លោកបានលើកឡើងប្រាប់សមាជិកក្រុមប្រឹក្សាឃុំ និងថ្នាក់ដឹកនាំរដ្ឋបាលស្រុកអំពីសភាពការណ៍ពិភពលោកនារយៈពេលចុងក្រោយនេះ ដែលនាំឱ្យមានការឡើងថ្លៃទំនិញមួយចំនួន ដូចជាប្រេង និងទំនិញផ្សេងៗទៀត ខណៈភាគីកម្ពុជាព្យាយាមអំពាវនាវឱ្យភាគីក្នុងជម្លោះជំរុញការចរចាគ្នាបញ្ឈប់សង្គ្រាមរវាងរុស្ស៉ី និងអ៊ុយក្រែនឱ្យបានរហ័ស៕