(ភ្នំពេញ)៖ នៅព្រឹកថ្ងៃសុក្រ ទី៤ ខែមីនា ឆ្នាំ២០២២ លោក ចាយ បូរិន សមាជិគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា និងជាប្រធានផ្នែកឃោសនាអប់រំនៃយុវជនគណបក្សថ្នាក់កណ្តាលតំណាងលោកបណ្ឌិត ហ៊ុន ម៉ាណែត សមាជិកគណៈអចិន្ត្រៃយ៍គណបក្សប្រជាជនកម្ពុជា និងជាប្រធានយុវជនគណបក្សថ្នាក់កណ្តាល បានដឹកនាំប្រតិភូ ផ្នែកឃោសនាអប់រំយុវជនថ្នាក់កណ្តាល សួរសុខទុក្ខ និងសុំអនុសាសន៍ណែនាំពី លោកកិត្តិបរិរក្សបណ្ឌិត គាត ឈន់ សមាជិកគណៈអចិន្ត្រៃយ៍គណបក្សប្រជាជនកម្ពុជា ប្រធានកិត្តិយសឧត្តមក្រុមប្រឹក្សាសេដ្ឋកិច្ចជាតិ ដល់គេហដ្ឋាននៅក្នុងរាជធានីភ្នំពេញ។

លោក ចាយ បូរិន បានពាំនាំនូវការសាកសួរសុខទុក្ខពីសំណាក់សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និងជានាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា និងថ្នាក់ដឹកនាំគណបក្សគ្រប់លំដាប់ថ្នាក់ រួមនិងលោកបណ្ឌិត ហ៊ុន ម៉ាណែត ជូនចំពោះលោកកិត្តិបរិរក្សបណ្ឌិត គាត ឈន់។

លោកប្រធានប្រតិភូ បានសម្តែងការកោតសរសើរយ៉ាងខ្ពង់ខ្ពស់នូវចំណេះដឹង ទេពកោសល្យ បទពិសោធន៍ការងារ យ៉ាងច្រើនឥតគណនា របស់លោកកិត្តិបរិរក្សបណ្ឌិត គាត ឈន់ ជាពិសេសការលះបង់កម្លំាងកាយចិត្ត និងប្រាជ្ញាស្មារតី របស់លោកកិត្តិបរិរក្សបណ្ឌិត ក្នុងការចូលរួមចំណែកកសាងអភិវឌ្ឍន៍ អភិវឌ្ឍន៍ប្រទេសជាតិសឹងមួយជីវិតមកហើយនោះ។ លោកបានលើកឡើងថា លោកកិត្តិបរិរក្សបណ្ឌិត ជាធនធានប្រទេសជាតិដ៍កម្រដែលយុវជនជំនាន់ក្រោយយកជាគំរូ និងអនុវត្តតាម។

ជាមួយគ្នានេះ លោកកិត្តិបរិរក្សបណ្ឌិត គាត ឈន់ បានកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះសកម្មភាពការងាររបស់យុវជនគណបក្សប្រជជនកម្ពុជា ថ្នាក់កណ្តាល ទាំងក្នុង និងក្រៅប្រទេស ក្រោមការដឹកនាំរបស់លោកបណ្ឌិត ហ៊ុន ម៉ាណែត ពិតជាបានឆ្លុះបញ្ចាំងឲ្យឃើញ នូវទេព្យកោសល្យ និងសមត្ថភាពដឹកនាំ របស់លោកបណ្ឌិត ជាសរសរទ្រូងប្រកបដោយគុណភាពរបស់គណបក្សប្រជាជនកម្ពុជា ជាអ្នកបន្តវេន ពោពេញដោយសមត្ថភាព ជាទំពាំងស្នងឬស្សីរបស់គណបក្ស និងប្រទេសជាតិទៅថ្ងៃអនាគត។

លោកកិត្តិបរិរក្សបណ្ឌិត បានមើលឃើញពីទស្សនវិស័យ ដឹកនាំរបស់លោកបណ្ឌិត ហ៊ុន ម៉ាណែត ដ៏ត្រឹមត្រូវ ក្នុងការឲ្យតម្លៃកម្លំាងយុវជន គឺជាកម្លាំងស្នូល និងជាកម្លាំងបន្តវេន ដែលមានភារកិច្ចចូលរួមចំណែក ធានានិរន្តរភាពនៃការ ដឹកនាំប្រទេស គឺត្រូវខិតខំបំពេញការងារ ដោយប្រកាន់ខ្ជាប់នូវឧត្តមគតិស្នេហាជាតិ តម្កល់ឧត្តមប្រយោជន៍ជាតិជាធំ និងហ៊ានធ្វើពលីកម្មគ្រប់បែបយ៉ាងដើម្បីសន្តិភាព ស្ថិរភាព និងសេចក្តីសុខសាន្តរបស់ប្រជាជន ក៏ដូចជាការរួបរួមប្រមូលផ្តុំកម្លាំងមហាសាមគ្គី ដើម្បីកសាង និងអភិវឌ្ឍជាតិឱ្យរុងរឿងទៅមុខបន្តពីយុវជនជំនាន់មុន។

លោកកិត្តិបរិរក្សបណ្ឌិត គាត ឈន់ បានសម្តែងនូវទឹកចិត្តរំភើបរីករាយ និងបានថែ្លងអំណរគុណដ៏ជ្រាលជ្រៅចំពោះសម្តេចតេជោ ហ៊ុន សែន សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន និងថ្នាក់ដឹកនាំគណបក្សគ្រប់លំដាប់ថ្នាក់ ពិសេសលោកបណ្ឌិត ហ៊ុន ម៉ាណែត និងលោកស្រីដែលតែងតែយកចិត្តទុកដាក់ពីសុខទុក្ខ លើរូបខ្ញុំផ្ទាល់ ក៍ដូចជាចាស់ព្រឹទ្ធាចារ្យ ឥស្សរជន និវត្តន៍ជន សហការី សមាជិក សមាជិកា គណបក្សទាំងអស់ ដែលមានគុណបំណាច់ ចំពោះគណបក្ស និងប្រទេសជាតិមាតុភូមិ ដោយមិនដែលភ្លេចបុគ្គលណាម្នាក់នោះឡើយ។

ជាមួយគ្នានេះ លោកកិត្តិបរិរក្សបណ្ឌិត គាត ឈន់ បានចាប់អារម្មណ៍ថា ជីវភាពជាសិស្ស ជានិសិ្សត និងជីវភាពការងារសកម្មរបស់លោក ជាលទ្ធផលពីវដ្តចល័តនៃការប្រឹងប្រែងរៀនសូត្រ ទង្វើ និងពុទ្ធិរបស់លោក ដែល អន្ទោកអន្ទោលរវាង អារម្មណពុទ្ធិ និងវិចារណពុទ្ធិ ហើយដែលលោកបានប្រមូលពួតផ្តុំ និងបន្ស៊ីគ្នារវាងទម្រង់ទាំងពីរនៃពុទ្ធិ។

ជាមួយនេះ លោកកិត្តិបរិរក្សបណ្ឌិតបានជម្រាប ជូនគណៈប្រតិភូជាសង្ខេប អំពីជីវ ប្រវត្តិរបស់លោកដែលបានឆ្លងកាត់ បួនសម័យកាលដូចមានរំលេចក្នុងសៀវភៅគុណកថា របស់លោកកិត្តិបរិរក្សបណ្ឌិត ក្នុងឱកាស អបអរសាទរ ការតម្លើងគោរមងារ កិត្តិយស នៃរាជបណ្ឌិត្យសភាកម្ពុជា ពីកិត្តិសេដ្ឋាបណ្ឌិត ទៅជាកិត្តិបរិរក្សបណ្ឌិត គាត ឈន់ កាលពីឆ្នាំ២០១៨។

លោកកិត្តិបរិរក្សបណ្ឌិត បានលើកឡើងនូវគុណបំណាច់ ដ៏ធំធេងនៃ ថ្ងៃជោគជ័យ ៧មករា ដែលគណបក្សប្រជាជនកម្ពុជា បានរំដោះប្រទេសកម្ពុជា ពីរបបកម្ពុជាប្រជាធិបតេយ្យ ហើយរូបលោកផ្ទាល់ និងក្រុមគ្រួសារអាចរស់រាន មានជីវិតរហូតមកដល់សព្វថ្ងៃ។ ក្នុងឱកាសនោះដែរ ឆ្លើយតបនឹងសំណូមពររបស់គណៈប្រតិភូ លោកកិត្តិបរិរក្សបណ្ឌិត គាត ឈន់ ក៏បានលើកឡើងជាអនុសាសន៍ដ៏ថ្លៃថ្លាមួយចំនួនទៀត ដូចខាងក្រោមនេះ៖

*ទី១៖ សម្រាប់ជាការពិចារណានិងជីវិតជាក់ស្តែង សូមយុវជនយកចិត្តទុកដាក់លើ ចំណុច៣សំខាន់គឺ៖

*សូមប្រយ័ត្ន អ្វីដែលស្រួច ដែលនឹងនាំឱ្យកើតជាសម្ពាធពីចំណុចស្រួចនេះ
*សូមប្រយ័ត្នពីទឹក។ កាលណា មិនត្រូវការ លោកជ្រាបមក ហើយបើយើងមិនរាប់រកត្រូវការវិញ លោកមកដែរ តែមិនគ្រប់តាមតម្រូវការ
*ភាពរន្ថើនដែលនឹងនាំដល់ហ្វ្រេកង់គ្រីទីក (Fréquence critique) មួយ ហើយដែលមានឧទាហរណ៍ ជាប្រវត្តិសាស្ត្រ មួយគឺការបាក់ស្ពានតាកូម៉ា (Tacoma) ដែលជាស្ពានយោងវែងបំផុតទីបីនៅលើពិភពលោក នៅពេលនោះ (បន្ទាប់ពីត្រូវបានសម្ពោធដាក់ឱ្យប្រើប្រាស់ នៅថ្ងៃទី០១ ខែកក្កដា ឆ្នាំ១៩៤០ នៅសហរដ្ឋអាមេរិករួចមក នៅព្រឹកថ្ងៃទី០៧ ខែវិច្ឆិកា ឆ្នាំ១៩៤០ ស្ពាននេះរមួលធ្លាក់ចុះក្រោមកម្លាំងខ្យល់បក់ដែលរន្ថើនត្រឹម ៦៤គីឡូម៉ែត្រក្នុងមួយម៉ោង) ឬដូចករណីនាវារាប់មិនអស់ដែលសាងសង់ពីដែកថែប ក្នុងសតវត្សរ៍ទី២០កន្លងទៅ ត្រូវបាក់ជាពីរដោយគ្រាន់តែបើកបរលើរលកសមុទ្រសាមញ្ញ។

*ទី២៖ នៅក្នុងការងារដឹកនាំត្រូវឱ្យមានជាក្រុមការងារ (Equipe)។ ហើយលោកតែងតែយកភាសាបារាំង ដែលចេញពីកិរិយាសព្ទ Faire ដោយឈរលើគំនិតថា Ne rien faire, faire faire, ne laisser pas faire, faire savoir ce que vous savez faire ដោយត្រូវ យកចិត្តទុកដាក់ ក្នុងការចែករំលែក នូវចំណេះដឹងដល់អ្នកស្តាប់ និងអ្នកអនុវត្ត។

*ទី៣៖ សម្រាប់ជីវិតគណបក្ស ត្រូវខិតខំបំពេញភារកិច្ច ដោយស្មោះត្រង់ និងអនុវត្តឱ្យបានតាមលក្ខន្តិកៈ របស់គណបក្សប្រជាជនកម្ពុជា។ លក្ខន្តិកៈនេះ ត្រូវបានអនុម័ត ដោយមហាសន្និបាតរបស់គណបក្សដែលជាថ្នាក់កំពូលបំផុត របស់គណបក្ស ហើយលក្ខន្តិកៈនេះ ក៏មានចែងអំពីប្រព័ន្ធ និងគោលនយោបាយរបស់គណបក្សប្រជាជន កម្ពុជា។ ក្នុងឱកាសនោះ លោកកិត្តិបរិរក្សបណ្ឌិត បានសម្តែងនូវ អំណរសរសើរ និងការពេញចិត្តណាស់ របស់លោកលើ សៀវភៅ លក្ខន្តិកៈរបស់គណបក្សប្រជាជនកម្ពុជា បោះពុម្ព ឆ្នាំ២០២២ ដែលមានការបញ្ចូលនូវរាល់ព័ត៌មានសំខាន់ៗរបស់គណបក្សទាំងលើតួនាទី ភារកិច្ច និងអង្គការចាត់តាំងរបស់គណបក្សប្រជាជនកម្ពុជា៕