(សៀមរាប)៖ និយ័តករធានារ៉ាប់រងកម្ពុជា ហៅកាត់ថា (ន.ធ.ក) បានរៀបចំសិក្ខាសាលាផ្សព្វផ្សាយអនុក្រឹត្យស្ដីពី «ការធានារ៉ាប់រង»។ ពិធីផ្សព្វផ្សាយបានរៀបចំឡើងនៅខេត្តសៀមរាប ដោយមានការចូលរួមពីស្ថាប័នពាក់ព័ន្ធ សមាគមធានារ៉ាប់រងកម្ពុជា គ្រឹះស្ថានធានារ៉ាប់រង គ្រឹះស្ថានធនាគរនិងហិរញ្ញវត្ថុ និងគ្រឹះស្ថានឯកជននានា។

ថ្លែងក្នុងពិធីនាព្រឹកថ្ងៃទី៤ ខែមីនា ឆ្នាំ២០២២ នាសណ្ឋាគារ អង្គរប៉ារ៉ាឌី លោក ប៊ូ ច័ន្ទភីរូ អគ្គនាយកនិយ័តករធានារ៉ាប់រងកម្ពុជា មានប្រសាសន៍ថា លោកពិតជារីករាយណាស់ ដែលបានចូលរួមក្នុងពិធីដ៏មានសារសំខាន់នៅពេលនេះ ពិសេសគឺការផ្សព្វផ្សាយពីអនុក្រឹត្យស្ដីពីការធានារ៉ាប់រង។

លោកគូសបញ្ជាក់ថា វិស័យធានារ៉ាប់រង កំពុងដើរតួនាទៅជាសមាសធាតុសំខាន់មួយ ក្នុងការទ្រង់វិស័យសង្គមកិច្ច និងសេដ្ឋកិច្ច។ លោកបន្តថា «ជាមួយស្ថេរភាពនយោបាយ និងកំណើនសេដ្ឋកិច្ច ដែលកម្ពុជារក្សាបាន ក្រោមការដឹកនាំរបស់សម្ដេចតេជោ ហ៊ុន សែន ធ្វើឱ្យទីផ្សារធានារ៉ាប់រងកម្ពុជា បាននិងកំពុងរីកលូតលាស់យ៉ាងឆាប់រហ័ស ស្របតាមយុទ្ធសាស្រ្ដចតុកោណដំណាក់កាលទី៤ ផែនការយុទ្ធសាស្រ្ដអភិវឌ្ឍន៍ជាតិឆ្នាំ ២០១៩ ២០២៣ និងយុទ្ធសាស្រ្ដអភិវឌ្ឍន៍វិស័យហិរញ្ញវត្ថុឆ្នាំ ២០១៦ ២០២៥ របស់រាជរដ្ឋាភិបាល»

លោក ប៊ូ ច័ន្ទភីរូ បានលើកឡើងដែរថា ទីផ្សារធានារ៉ាប់រងកម្ពុជា បានរីកចម្រើនយ៉ាងឆាប់រហ័ស ជាមួយកំណើនជាមធ្យមប្រចាំឆ្នាំប្រមាណ ២៥ភាគរយ ទោះបីសកលលោករងវិបត្តិជំងឺកូវីដ១៩ក្ដី ក៏បុព្វលាភធានារ៉ាប់រងកម្ពុជាក្នុងឆ្នាំ២០២០ បន្តកើនឡើងប្រមាណ ២៧០លានដុល្លារអាមេរិក មានកំណើនប្រមាណ៨ភាគរយ និងកើនដល់ប្រមាណ ៣០០លាន នាឆ្នាំ២០២១នេះ។ ចំណែកក្រុមហ៊ុនធានារ៉ាប់រងបច្ចុប្បន្ន បានកើនឡើងដល់៤០ រួមទាំងក្រុមហ៊ុនធានារ៉ាប់រងទូទៅ១៨ ក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិតចំនួន១៤ ក្រុមហ៊ុនធានារ៉ាប់រងខ្នាតតូចចំនួន៧ និងក្រុមហ៊ុនធានារ៉ាប់រងបន្តចំនួន១។ ជាមួយភ្នាក់ងារធានារ៉ាប់រងចំនួន២៩ ក្រុមហ៊ុនជើងសារធានារ៉ាប់រង១៧ និងក្រុមហ៊ុនវាយតម្លៃហានិភ័យចំនួន៣។

យ៉ាងណាមិញ ឆ្នាំ២០២១ វិស័យធានារ៉ាប់រងកម្ពុជារួមចំណែកក្នុងសេដ្ឋកិច្ចកម្ពុជា ប្រមាណ ១.១ភាគរយ ហើយការប្រើប្រាស់សេវាធានារ៉ាប់រង ជាដង់ស៊ីតេធានារ៉ាប់រង ប្រមាណ ១៨ដុល្លារអាមេរិកសម្រាប់មនុស្សម្នាក់។ នេះបញ្ជាក់ថា ទីផ្សារធានារ៉ាប់រងកម្ពុជា មានសក្កានុពលធំធេង សម្រាប់ការអភិវឌ្ឍនាពេលអនាគត។ ដោយឃើញចំណុចនេះ រាជរដ្ឋាភិបាលបានធ្វើកំណែទម្រង់ស៊ីជម្រៅ ដោយបង្កើតស្ថាប័នថ្មីមួយ មានសមត្ថកិច្ចធ្វើនិយ័តកម្មវិស័យធានារ៉ាប់រងកម្ពុជា គឺនិយ័តករធានារ៉ាប់រងកម្ពុជា ដែលត្រូវបានបង្កើតឡើងដោយព្រះរាជ្យក្រមថ្ងៃទី១៦ ខែមករា ឆ្នាំ២០២១ ប្រកាសឱ្យប្រើច្បាប់នៃការរៀបចំ និងការប្រព្រឹត្តិទៅ នៃអាជ្ញាធរសេវាហិរញ្ញវត្ថុមិនមែនធនាគារ។

ជាផ្លែផ្កាថ្មីៗនេះ និយ័តករធានារ៉ាប់រងកម្ពុជា បានដាក់ចេញនូវផែនការយុទ្ធសាស្រ្ដអភិវឌ្ឍន៍វិស័យធានារ៉ាប់រងកម្ពុជា ឆ្នាំ២០២១-២០៣០ ដើម្បីកំណត់ផែនទីចង្អុលផ្លូវ និងផែនការសកម្មភាពការងាររបស់និយ័តករធានារ៉ាប់រងកម្ពុជា សម្រាប់រយៈពេលខ្លី មធ្យម និងវែង។ លើសពីនេះ និយ័តករធានារ៉ាប់រងកម្ពុជា បានរៀបចំអនុក្រឹត្យស្ដីពីធានារ៉ាប់រង ក្នុងគោលបំណង កំណត់វិធាន និតីវិធី និងនិយាមសម្រាប់ការគ្រប់គ្រង ត្រួតពិនិត្យសកម្មភាពធានារ៉ាប់រង សំដៅធានាបាននូវអភិបាលកិច្ចល្អ ប្រសិទ្ធភាព ការប្រកួតប្រជែងដោយស្មើភាព និងស្មោះត្រង់ និងការការពារផលប្រយោជន៍ និងការបង្កើនទំនុកចិត្ត ដោយសាធារណជន និងវិស័យធានារ៉ាប់រងកម្ពុជា ដោយអនុលោមតាមច្បាប់ស្ដីពីការធានារ៉ាប់រង។ ហើយអនុក្រឹត្យនេះទើបទទួលបានការអនុម័តកាលពីថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២១ ជំនួសឱ្យអនុក្រឹត្យស្ដីពីធានារ៉ាប់រងឆ្នាំ២០០១ ដែលមានអាយុកាល ២០ឆ្នាំមកហើយ។

លោក ចឹក គឹមជុន នាយករងរដ្ឋបាលខេត្តសៀមរាប លើកឡើងថា វិស័យធានារ៉ាប់រង គឺជាវិស័យហិរញ្ញវត្ថុមិនមែនធនាគារមួយ ដែលមានភាពរីកចម្រើនយ៉ាងរហ័ស និងបានដើរតួយ៉ាងសកម្មក្នុងការជំរុញកំណើនសេដ្ឋកិច្ច ព្រមទាំងរួមចំណែកទ្រទ្រង់វិស័យសន្ដិសុខសង្គមនៅក្នុងព្រះរាជាណាចក្រកម្ពុជា។ លោកថា ក្នុងខេត្តសៀមរាប វិស័យធានារ៉ាប់រងមានកំណើនកើនឡើងគួរឱ្យកត់សម្គាល់ ដោយលេចមាននូវវត្តមានសាខាក្រុមហ៊ុនធានារ៉ាប់រងចំនួន ៩ ដែលបានជ្រើសរើសពង្រីកវិសាលភាពអាជីវកម្មធានារ៉ាប់រងនៅទីនេះ។ ជាសមិទ្ធផលវត្តមានសាខាក្រុមហ៊ុនធានារ៉ាប់រងនៅក្នុងខេត្តសៀមរាប បានបង្កើតសំណាញ់សុវត្ថិភាពរឹងមាំដើម្បីការពារហិរញ្ញវត្ថុប្រជាពលរដ្ឋ៕