(កំពង់ធំ)៖ លោក ងួន រតនៈ អភិបាលខេត្តកំពង់ធំ បានស្នើសុំឲ្យនារីទាំងអស់ត្រូវបង្កើនសមត្ថភាព និងមានភាពក្លាហាន ក្នុងការចូលរួមនៅក្នុងសង្គម ទាំងវិស័យការងាររដ្ឋ និងវិស័យការងារឯកជន ក្នុងនាមពលរដ្ឋស្មើភាពគ្នា ដើម្បីទទួលបានប្រយោជន៍ពីសង្គម ក៏ដូចជាទទួលបានប្រាក់កម្រៃជាដើម។

លោកបានថ្លែងនៅក្នុងពិធីជួបសំណេះសំណាល និងផ្តល់ជាកាដូរ ព្រមទាំងវត្ថុអនុស្សារីយ៍ជូនដល់មន្ត្រីរាជការជានារី ក្នុងជួររចនាសម្ព័ន្ធសាលាខេត្តកំពង់ធំ ដើម្បីអបអសាទរ ខួបលើកទី១១១ ទិវាអន្តរជាតិនារី ៨ មីនា ឆ្នាំ២០២២ ក្រោមប្រធានបទ «សមភាពយេនឌ័រថ្ងៃនេះ ដើម្បីចីរភាពនាពេលអនាគត» នាព្រឹកថ្ងៃទី៤ ខែមីនា ឆ្នាំ២០២២។

លោក ងួន រតនៈ បន្ថែមទៀតថា ស្ត្រីត្រូវបានប្រមុខរាជរដ្ឋាភិបាលយកចិត្តទុកដាក់ខ្ពស់ ក្នុងការលើកតម្តើនស្រ្តីឲ្យមានសមត្ថភាពនៅក្នុងសង្គម ទាំងវិស័យការងាររដ្ឋ និងវិស័យកាងារឯកជន ជាពិសេស បានផ្តល់ឱកាសដល់មន្ត្រី រាជការជាស្ត្រី ដែលមានសមត្ថភាពគ្រប់គ្រាន់ ក្នុងការចូលកាន់មុខតំណែង មានភាពស្មើរគ្នានឹងបុរស។ លើសពីនេះទៀត ប្រមុខរាជរដ្ឋាភិបាល និងដៃគូរនានា កំពុងយកចិត្តទុកដាក់ក្នុងការការពារស្ត្រី និងកុមារ តាមរយៈកម្មវិធីជាច្រើន ដូចជា ការទប់ស្កាត់អំពើហិង្សាក្នុងគ្រួសារ គ្រប់រូបភាព។

លោកបានអំពាវនាវដល់អាជ្ញាធរក្រុងស្រុក ក៏ដូចជាមន្ត្រីពាក់ព័ន្ធ បន្តរួមគ្នាដើម្បីពង្រឹងផ្សព្វផ្សាយឲ្យអស់លទ្ធភាពនូវវិធានការច្បាប់ ផ្សព្វផ្សាយឲ្យបានច្រើន ធ្វើយ៉ាងណា ត្រូវកាត់បន្ថយអំពើហឹង្សាក្នុងគ្រួសារនៅក្នុងមូលដ្ឋាន ហើយអំពើហិង្សានេះធ្វើឲ្យប៉ះពាល់ដល់ស្ត្រី និងកុមារ បាត់បង់ការសិក្សារៀនសូត្រ ក៏ដូចជាក្មេងកំព្រាជាដើម។

ជាមួយគ្នានេះ លោកបានអំពាវនាវដល់បងប្អូនដល់ប្រជាពលរដ្ឋចូលរួមចាក់សាំងការពារជម្ងឺកូវីដ១៩ (ដូសជំរុញ) ឲ្យបានគ្រប់គ្នា៕