(ភ្នំពេញ)៖ ក្រសួងអប់រំ យុវជន និងកីឡា នឹងរៀបចំប្រារព្ធទិវាជាតិអំណានលើកទី៧ ឆ្នាំ២០២២ ក្រោមប្រធាបបទ «អំណានជួយលើកកម្ពស់គុណភាពជីវិតក្នុងសង្គមឌីជីថល» នៅថ្ងៃទី១១ ខែមីនា ឆ្នាំ២០២២ នៅវិទ្យាស្ថានជាតិអប់រំ និងតាមរយៈប្រព័ន្ធអនឡាញ ZOOM ដោយផ្សាយផ្ទាល់តាមគេហទំព័រហ្វេសប៊ុកផ្លូវការ របស់ក្រសួងអប់រំ យុវជន និងកីឡា (MoEYS Cambodia)។
ទិវាជាតិអំណានលើកទី៧ រៀបចំឡើងដោយយោងតាមអនុក្រឹត្យលេខ១២០ អនក្រ.បក ចុះថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០១៥ របស់រាជរដ្ឋាភិបាលកម្ពុជា ស្តីពី
ទិវាជាតិអំណាន។
ក្រសួងអប់រំ បានបញ្ជាក់ថា គោលបំណងនៃការប្រារព្ធទិវាជាតិអំណាន រួមមាន៖
១៖ បណ្ដុះទម្លាប់អាន ជំរុញវប្បធម៌អាន លើកកម្ពស់សមត្ថភាពអាន ស្ងួតកំណាព្យ និងការតែងនិពន្ធសំដៅរួមចំណែកការពារ និងពង្រឹងវប្បធម៌ អរិយធម៌ខ្មែរ ដល់សិស្សនិស្សិត មន្ត្រីរាជការ ប្រជាជនគ្រប់រូបក្នុងប្រទេសកម្ពុជា ព្រមទាំងលើកកម្ពស់ រក្សាគុណតម្លៃកេរដំណែលរបស់មនុស្សជាតិ
២៖ សម្រេចគោលដៅអភិវឌ្ឍប្រកបដោយចីរភាព ដែលធានាគុណភាពអប់រំប្រកបដោយសមធម៌ បរិយាបន្ន និងលើកកម្ពស់ការសិក្សាពេញមួយជីវិតសម្រាប់ទាំងអស់គ្នា។
ក្រសួងអប់រំបន្តថា សកម្មភាពនានាក្នុងការប្រារព្ធទិវាជាតិអំណាន រួមមាន៖
១៖ ប្រឡងប្រណាំង អាន ស្មុតកំណាព្យ និងតែងនិពន្ធ “ពានរង្វាន់សម្តេចតេជោ ហ៊ុន សែន”
២៖ បាឋកថាស្រាវជ្រាវស្តីពី «ការអភិវឌ្ឍភាសា និងទ្រឹស្តីនៃការអភិវឌ្ឍកុមារ»
៣៖ កិច្ចពិភាក្សាលើប្រធានបទអំណានជួយលើកម្ពស់គុណភាពនៃការអប់រំ»
* វិធីសាស្ត្រដឹកនាំសកម្មភាពអំណានក្នុងបណ្ណាល័យបឋមសិក្សា
* អំណានដើម្បីលើកកម្ពស់គុណភាពអប់រំនៅកម្ពុជា
* អំណានដើម្បីលើកកម្ពស់ស្តង់ដាវីជ្ជាជីវៈគ្រូបង្រៀន។
ក្រសួងសង្ឃឹមថាសាធារណជននឹងចូលរួមគាំទ្រ និងផ្សព្វផ្សាយការប្រារព្ធទិវាជាតិអំណានលើកទី៧ នេះឱ្យបានកាន់តែទូលំទូលាយ៕