(ភ្នំពេញ)៖ សាលាឧទ្ធរណ៍ និងមហាអយ្យការអមសាលាឧទ្ធរណ៍ភ្នំពេញ នៅថ្ងៃទី០៤ ខែមីនា ឆ្នាំ២០២២ បានប្រារព្ធពិធីសន្និបាតបូកសរុបការងារឆ្នាំ២០២១ និងលើកទិសដៅការងារសម្រាប់អនុវត្តបន្តនៅឆ្នាំ២០២២ ក្រោមអធិបតីភាព លោក សេង ស៉ីវុត្ថា ប្រធានសាលាឧទ្ធរណ៍ភ្នំពេញ និងលោក អ៊ុក សាវុធ អគ្គព្រះរាជអាជ្ញាអមសាលាឧទ្ធរណ៍ភ្នំពេញ អនុលោមតាម មាត្រា ៥៤ នៃច្បាប់ស្តីពី ការរៀបចំអង្គការតុលាការ។

អង្គសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២១ និងទិសដៅការងារសម្រាប់អនុវត្តបន្តឆ្នាំ២០២២ ដែលបានធ្វើឡើងនៅសាលប្រជុំសាលាឧទ្ធរណ៍ភ្នំពេញ ក៏មានការចូលរួមពីសំណាក់ អនុប្រធានសាលាឧទ្ធរណ៍ អគ្គព្រះរាជអាជ្ញារង ចៅក្រម ព្រះរាជអាជ្ញា អគ្គលេខាធិការ អគ្គលេខាធិការរង ប្រធាននាយកដ្ឋាន អនុប្រធាននាយកដ្ឋាន ក្រឡាបញ្ជី និងប្រធានការិយាល័យផងដែរ។

ក្នុងអង្គសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២១ និងទិសដៅការងារសម្រាប់អនុវត្តបន្តឆ្នាំ២០២២ លោក សេង ស៉ីវុត្ថា និងលោក អ៊ុក សាវុធ បានថ្លែងថា «បើទោះជាយើងជួបនឹងព្រឹត្តិការណ៍សហគមន៍ ២០កុម្ភៈនៃកូវីដ-១៩ក៏ដោយ ក៏ការប្រតិបត្តិការងាររបស់សាលាឧទ្ធរណ៍ និងមហាអយ្យការអមសាលាឧទ្ធរណ៍មួយឆ្នាំកន្លងមកនេះ ទទួលបានលទ្ធផលល្អប្រសើរ។ ខ្ញុំសូមកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះសមិទ្ធផលក្នុងរយៈពេលពេញមួយឆ្នាំនេះ»

ប្រធានសាលាឧទ្ធរណ៍ភ្នំពេញ និងអគ្គព្រះរាជអាជ្ញាអមសាលាឧទ្ធរណ៍ភ្នំពេញ បានបន្តថា លទ្ធផលទាំងអស់នេះ បានមកពីការកម្លាំងសាមគ្គី រួមគ្នាគិត រួមគ្នាធ្វើប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ពីសំណាក់ ថ្នាក់ដឹកនាំ និងមន្ត្រីរាជការគ្រប់លំដាប់ថ្នាក់ ស្របតាមតួនាទី ភារកិច្ចដែលមានកំណត់ក្នុងច្បាប់ដោយគោរពតាមគោលការណ៍យុត្តិធម៌ និងច្បាប់ និងគោរពតាមការណែនាំរបស់ថ្នាក់ដឹកនាំស្ថាប័នទាំងពីរ ដែលតម្រូវឱ្យមន្រ្តីយកចិត្តទុកដាក់អនុវត្ត ស្របតាមគោលការណ៍ច្បាប់ និងគោលនយោបាយកំណែទម្រង់ច្បាប់និងប្រព័ន្ធយុត្តិធម៌ និងយន្តការនៃការផ្តល់សេវាយុត្តិធម៌ឆាប់រហ័ស ប្រកបដោយ សមភាព តម្លាភាព និងយុត្តិធម៌។

ផ្អែកតាមលទ្ធផលការងារដែលសម្រេចបាន និងការរកឃើញបញ្ហាប្រឈម និងការដោះស្រាយបញ្ហាប្រឈម ដែលបានលើកឡើងក្នុងអង្គសន្និបាត សាលាឧទ្ធរណ៍ និងមហាអយ្យការអមសាលាឧទ្ធរណ៍ភ្នំពេញ បានកំណត់ទិសដៅការងារអនុវត្តបន្ត ៩ចំណុច ដូចតទៅ៖

១៖ បន្តអនុវត្តគោលការណ៍ឆាប់រហ័សសំណុំរឿងក្តីព្រហ្មទណ្ឌអាទិភាព រួមមាន៖ វិតិក្រម, សម្អាតប្រាក់ ការជួញដូរផ្លូវភេទ, ការជួញដូរគ្រឿងញៀន, រឿងក្តីអនីតិជន, រឿងក្តីដែលមានជនជាប់ចោទជាស្ត្រី រឿងក្តីដែលសាលាដំបូងដាក់ទណ្ឌកម្មទាប និងរឿងក្តីដែលសាលាដំបូងសម្រេចឱ្យរួចខ្លួន ដោយមានបណ្ដឹងឧទ្ធរណ៍របស់តំណាងអយ្យការ។ រឿងក្តីទាំងអស់នេះ ត្រូវចុះក្នុងប្រព័ន្ធទិន្ន័យ ចុះបញ្ជីដោយដៃបញ្ជូនចេញ និងដាក់កម្មវិធីជំនុំជម្រះ ឱ្យបានឆាប់រហ័ស ស្របតាមគោលការណ៍ច្បាប់។

២៖ បន្តអនុវត្តគោលការណ៍ឆាប់រហ័ស ការបញ្ជូនចេញនូវសេចក្តីសម្រេចគ្រប់ប្រភេទជាអាទិ៍សេចក្តីសម្រេចមិនទាន់ស្ថាពរ និងស្ថាពរ ដល់គូភាគីពិសេសដល់ជនជាប់ឃុំ។

៣៖ ពង្រឹងកិច្ចសហប្រតិបត្តិការរវាងសាលាឧទ្ធរណ៍ និងមហាអយ្យការអមសាលាឧទ្ធរណ៍ភ្នំពេញ ជាមួយស្ថាប័នជាប់ចំណង និងមានសមត្ថកិច្ចទាំងឡាយ ស្របតាមគោលនយោបាយកំណែទម្រង់ច្បាប់និងប្រព័ន្ធយុត្តិធម៌ តាមយន្តការនៃការផ្តល់សេវាយុត្តិធម៌ឆាប់រហ័ស ប្រកបដោយ សមភាព តម្លាភាព និងយុត្តិធម៌។

៤៖ បន្តអនុវត្តការកែលម្អទម្រង់សាលដីកាព្រហ្មទណ្ឌ ឱ្យសម្រេចបាននៅក្នុងឆ្នាំ២០២២ សម្រាប់ជាប្រយោជន៍ប្រើប្រាស់នៅសាលាឧទ្ធរណ៍ភ្នំពេញ។

៥៖ ពង្រឹងយន្តការការងារ រវាងការងារចៅក្រម ក្រឡាបញ្ជី ជាមួយការងាររដ្ឋបាលឱ្យកាន់តែមានលក្ខណៈល្អប្រសើរ ដើម្បីជាប្រយោជន៍ ដើម្បីឆ្លើយតបទៅនឹងគោលការឆាប់រហ័ស នៃការផ្តល់សេវាយុត្តិធម៌ជូនប្រជាពលរដ្ឋ។

៦៖ ពង្រឹងកម្មវិធីសមត្ថភាពដល់មន្ត្រីជំនាញក្នុងការចុះបញ្ជីទិន្នន័យសំណុំរឿងឱ្យកាន់តែមានលក្ខណៈល្អប្រសើរ។

៧៖ ជំរុញអនុវត្តការចេញសាលដីកាស្ថាពរឱ្យបានច្រើនជាងឆ្នាំចាស់។

៨៖ ពង្រឹងសមត្ថភាព និងរៀបចំផែនការថវិកា ការអនុវត្តថវិកាឲ្យបានត្រឹមត្រូវច្បាស់លាស់។ ការចំណាយថវិការដ្ឋត្រូវមានតម្លាភាព សមស្របតាមតម្រូវការ និងតាមនីតិវិធីដែលក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានកំណត់។

៩៖ បន្តចូលរួមពិនិត្យការសាងសង់អគារសាលាឧទ្ធរណ៍ភ្នំពេញថ្មី។

ទន្ទឹមនឹងនេះ ដើម្បីសម្រេចបានទិសដៅការងារ ៩ចំណុច សម្រាប់អនុវត្តបន្តឆ្នាំ២០២២ លោក សេង ស៉ីវុត្ថា ប្រធានសាលាឧទ្ធរណ៍ភ្នំពេញ បានផ្តល់មតិណែនាំ ៩ចំណុចបន្ថែម ដើម្បីអនុវត្តឱ្យកាន់តែមានប្រសិទ្ធភាព រួមមាន៖

១៖ ត្រូវបង្កើនសមត្ថភាពយល់ដឹងបន្ថែមទៀត ដើម្បីធានាអនុវត្តការងារឱ្យមានប្រសិទ្ធភាព ឆាប់រហ័ស ស្របតាមស្ថានភាពនៃការរីកចម្រើនរបស់ប្រទេសជាតិក្នុងក្របខណ្ឌអាស៊ាន។

២៖ ត្រូវខិតខំអនុវត្តការងារស្របតាមតួនាទី ភារកិច្ចរបស់ខ្លួនឱ្យបានហ្មត់ចត់ និងត្រូវគោរពវិន័យការងារឱ្យបានម៉ឺងម៉ាត់ ដែលមានកំណត់ក្នុងច្បាប់ (ម៉ោងពេលធ្វើការ ការជំនុំជម្រះ ការឈប់សម្រាក) ដោយប្រកាន់ខ្ជាប់នូវ អភិក្រមទាំងប្រាំរបស់សម្តេចតេជោ ហ៊ុន សែន (ឆ្លុះកញ្ចក់ ងូតទឹក ដុសក្អែល ព្យាបាល និងវះកាត់) និង (មន្ត្រីរាជការជាខ្ញុំបម្រើរបស់រាស្ត្រ មិនមែនជាចៅហ្វាយនាយរបស់រាស្រ្តទេ) និងត្រូវមានក្រមសីលធម៌ល្អជាអាទិ៍ គោលការណ៍ អនាគតិ គោលការណ៍ ភាពសុចរិត គោលការណ៍សេចក្តីថ្លៃថ្នូរ និងគោលការណ៍ វិរយភាព។

៣៖ ត្រូវបន្តអនុវត្តដោយហ្មត់ចត់ តស៊ូប្រយុទ្ធប្រឆាំងបទល្មើសគ្រប់ទម្រង់ ដើម្បីចូលរួមការពារសុវត្ថិភាពសង្គម និងលើកកម្ពស់វិស័យយុត្តិធម៌។

៤៖ ត្រូវបន្តអនុវត្តដោយហ្មត់ចត់ ការជំនុំជម្រះសេចក្តីដោយយុត្តិធម៌ ដើម្បីបង្កើនជំនឿទុកចិត្តពីប្រជាពលរដ្ឋមកលើប្រព័ន្ធតុលាការ តាមយន្តការកាត់ក្តីរហ័ស ត្រឹមត្រូវ ដោយផ្អែកលើគោលការណ៍ច្បាប់ជាធរមាន។

៥៖ ត្រូវបន្តអនុវត្តដោយហ្មត់ចត់ នូវការជូនដំណឹង និងការផ្តល់សេចក្តីសម្រេចគ្រប់ប្រភេទ ជូនគូភាគី រួមទាំងមេធាវីតំណាងឱ្យគូភាគី ឱ្យបានឆាប់រហ័ស ដោយគ្មានការរើសអើង ដើម្បីលើកកម្ពស់ សេវាយុត្តិធម៌ឱ្យកាន់តែល្អប្រសើរ។

៦៖ ត្រូវខិតខំរៀបចំសេចក្តីសម្រេចគ្រប់ប្រភេទឱ្យមានលក្ខណៈត្រឹមត្រូវ ផ្នែកសំអាងហេតុ និងផ្នែកសេចក្តីសម្រេចដែលមានកំណត់ក្នុងច្បាប់។

៧៖ ត្រូវបន្តសហប្រតិបត្តិការជាមួយស្ថាបន័ពាក់ពន្ធ័ និងអង្គការសង្គមស៉ីវិលនានាឱ្យបានល្អប្រសើរ ដើម្បីពង្រឹងវិស័យយុត្តិធម៌ និងលើកកម្ពស់នីតិរដ្ឋនៅកម្ពុជា។

៨៖ ត្រូវរឹតចំណងសាមគ្គីភាពផ្ទៃក្នុងឱ្យបានល្អប្រសើរ (ផ្ទះយើងទាំងអស់គ្នា) ដោយមិនរើសអើងមិនប្រកាន់បក្សពួក គ្រួសារនិយម មិនអុចអាល មិនបំបែកបំបាក់សាមគ្គីផ្ទៃក្នុង និងមិនត្រូវមានមោទនភាពហួសហេតុ។

៩៖ ត្រូវប្រកាន់ខ្ជាប់នូវវិធានការសុខាភិបាល ៣កុំ ៣ការពារ ដើម្បីខ្លួនយើង គ្រួសារយើង មិត្តភក្តីយើង និងសង្គមជាតិយើង ចៀសផុតពីការបៀតបៀនជំងឺកូវីដ-១៩៕