(ភ្នំពេញ)៖ ក្រោយពេលប្រទះឃើញសំរាមពាសពេញប្រឡាយបឹងត្របែក បង្កឱ្យស្ទះចរន្តទឹកមិនអាចហូរធ្លាក់ដល់ស្ថានីយ៍បូមទឹកបឹងត្របែកនោះ នាព្រឹកថ្ងៃទី៤ ខែមីនា ឆ្នាំ២០២២ លោក ថេង សុថុល បានចាត់លោកស្រី កែវ សាមុល អភិបាលខណ្ឌចំការមន ដឹកនាំក្រុមការងារ ចុះប្រមូលសំរាមតាមមាត់ប្រឡាយលូទឹកស្អុយ ដោយមានការចូលរួមពីសង្កាត់ទាំង៣ នៅចំណុចផ្លូវ១០៥ សង្កាត់បឹងត្របែក សង្កាត់ទទួលទំពូងទី១ និងសង្កាត់ផ្សារដើមថ្កូវ ខណ្ឌចំការមន។

លោកស្រី កែវ សាមុល បានថ្លែងថា ដោយបានការណែនាំពីលោក ថេង សុថុល អភិបាលខណ្ឌ ឱ្យធ្វើការដឹកនាំក្រុមការងារបានសហការជាមួយចៅសង្កាត់ទាំង៣ និងបរិស្ថានខណ្ឌ ក្រុមហ៊ុនប្រមូលសំរាម និងមន្ទីរសាធារណ:ការ រាជធានីភ្នំពេញ ប្រញាប់ធ្វើឱ្យហើយ ដោយអនុវត្តប្រមូលសំរាមពីផ្លូវម៉ៅសេទុងកែងផ្លូវ១០៥ សង្កាត់បឹងត្របែក រហូតមកដល់ផ្លូវ១០៥ កែងផ្លូវ៤៨៨ សង្កាត់ផ្សារដើមថ្កូវ និងបែកចែកកម្លាំងជា៣ក្រុម។

លោកស្រីអភិបាលរង បានបន្តថា ប្រឡាយបឹងត្របែកនេះជាទីតាំងជ្រៅជាងគេ ដូច្នេះពេលមានទឹកភ្លៀងម្ដងៗ គឺវាហូរពីគ្រប់ទិសទីសំដៅមកចូលប្រឡាយបឹងត្របែកនេះ ក្រៅពីហូរទឹក ក៏មានសំរាមលាយឡំគ្នាមកបណ្ដាលឲ្យមានការ កកស្ទះទាំងទឹក ទាំងសំរាម ដូច្នេះប្រជាពលរដ្ឋទាំងអស់គួរតែកែប្រែទម្លាប់ចោលសំរាមផ្ដេសផ្ដាស ព្រោះធ្វើឱ្យគ្មានសោភណភាពទីក្រុង និងតំបន់មូលដ្ឋាន ជាពិសេសបង្កការកកស្ទះលូដែលមិនអាចហូរទឹកបាន។

លោកស្រីអភិបាលរងខណ្ឌ ក៏បានអំពាវនាវដល់ប្រជាពលរដ្ឋ ទាំងអ្នករស់នៅតាមបរឡាយលូ កំណាត់ផ្លូវ១០៥ ពីខណ្ឌបឹងកេងកង មកដល់ខណ្ឌចំការមន និងប្រជាពលរដ្ឋរស់នៅផ្សេងទៀត សូមកុំយកសំរាមមកចោលនៅក្នុង ប្រឡាយ វាបង្កឱ្យខូចបរិស្ថាន ប៉ះពាល់សុខភាព និងធ្វើឱ្យកកស្ទះចរន្តទឹកមិនអាចហូរបាន។

សូមបញ្ជាក់ថា បើតាមមន្ត្រីសាធារណការ ប្រចាំការនៅស្ថានីយ៍បូមទឹកបឹងត្របែក បានឲ្យដឹងថា រយៈពេល២ទៅ ៣ថ្ងៃ គឺយើងកាយយកសំរាមចេញពីចំណុចស្ថានីយ៍ ដែលហូរមកតាមប្រឡាយបានប្រមាណ៥០រថយន្ត ចំណុះរថយន្ត ៥តោន។ បានន័យថា គឺយករង់ចាំឲ្យទឹកហូរចូលអាងស្ថានីយ៍ពេញ ដើម្បីបានយើងបូម និងកាយយកសំរាមចេញ៕