(ភ្នំពេញ)៖ លោក ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានឱ្យដឹងថា ក្រសួងពាណិជ្ជកម្មកំពុងរៀបចំដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវប្រព័ន្ធគ្រប់គ្រងធនធានមនុស្សរបស់ក្រសួង តាមប្រព័ន្ធអេឡិចត្រូនិក ដើម្បីបង្កើនប្រសិទ្ធភាពការងារ និងភាពងាយស្រួលក្នុងការគ្រប់គ្រងមន្ត្រី។

លោករដ្ឋមន្ត្រី បានថ្លែងបែបនេះ នាឱកាសអញ្ជើញចូលរួមជាអធិបតីក្នុងកិច្ចប្រជុំស្តីពី «ការដាក់ឱ្យប្រើប្រាស់ MOC Web Portal និងប្រព័ន្ធគ្រប់គ្រងធនធានមនុស្សរបស់ក្រសួងពាណិជ្ជកម្ម» នៅរសៀលថ្ងៃទី៣ ខែមីនា ឆ្នាំ២០២២។

ក្នុងឱកាសនោះ លោករដ្ឋមន្ត្រី ប៉ាន សូរស័ក្តិ បានសម្ដែងការកោតសសើ និងវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ក្រុមការងារក្រសួងពាណិជ្ជកម្មទាំងអស់ ទាំងថ្នាក់ដឹកនាំ និងមន្ត្រីបច្ចេកទេស ដែលបានសហការគ្នាយ៉ាងល្អក្នុងការបំពេញកិច្ចការងាររហូតសម្រេចបានសមិទ្ធផលជាផ្លែផ្កាដូចពេលនេះ។

លោករដ្ឋមន្ត្រីបន្តថា ក្រសួងពាណិជ្ជកម្មបានយកចិត្តទុកដាក់យ៉ាងខ្លាំងលើវិស័យឌីជីថល ជាក់ស្ដែងក្រសួងបានដាក់ឱ្យដំណើរការជាបណ្ដោះអាសន្ននូវមជ្ឈមណ្ឌលទិន្ន័យថ្មី កាលពីថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២១ កន្លងទៅ ដើម្បីធានាឱ្យបាននូវការប្រពន្ធ័ស្វ័យប្រវត្តកម្ម (Online Service) របស់ក្រសួងពាណិជ្ជកម្មកាន់តែមានប្រសិទ្ធភាព និងសុវត្ថភាពខ្ពស់ ដែលប្រព័ន្ធទាំងនេះកំពុងមានការប្រើប្រាស់យ៉ាងទូលំទូលាយពីអ្នកទទួលសេវា។ ប្រព័ន្ធស្វ័យប្រវត្តកម្មទាំងនេះ រួមមាន៖ ប្រព័ន្ធចុះបញ្ជីពាណិជ្ជកម្ម ប្រព័ន្ធចេញវិញ្ញាបនបត្រប្រភពដើមទំនិញ ប្រព័ន្ធចុះបញ្ជីម៉ាក និងប្រព័ន្ធប្រតិបត្តិការដែលមានកិច្ចធានា ជាដើម។

លោករដ្ឋមន្ត្រី បានគូសបញ្ជាក់ថា «ក្រសួងពាណិជ្ជកម្ម បានឈានមួយជំហានទៀតក្នុងវិស័យឌីជីថល ដោយនឹងរៀបចំដាក់ឱ្យប្រើប្រាស់ប្រព័ន្ធអនឡាញមួយចំនួនទៀត រួមមាន៖ ប្រព័ន្ធគ្រប់គ្រងធនធានមនុស្សរបស់ក្រសួងពាណិជ្ជកម្ម (MOC HR System – Vitual Office) ផ្សារក្រសួងពាណិជ្ជកម្ម (Phsar MOC) និងការប្រើប្រាស់ Power BI (Business Intelligence) ដើម្បីវិភាគទៅលើការធ្វើពាណិជ្ជកម្មរបស់កម្ពុជាជាដើម»។

បើតាមលោករដ្ឋមន្ត្រី ប្រព័ន្ធអនឡាញថ្មីទាំងនេះ ត្រូវបានគ្រប់គ្រងដោយ MOC Web Portal ដែលត្រូវបានធ្វើការអភិវឌ្ឍន៍ដោយមន្រ្តីបច្ចេកទេសរបស់ក្រសួងផ្ទាល់ និងរក្សាទុកនៅក្នុងមជ្ឈមណ្ឌលទិន្នន័យថ្មីរបស់ក្រសួងពាណិជ្ជកម្មតែម្ដង។

ឆ្លៀតក្នុងឱកាសនោះ លោករដ្ឋមន្ត្រី ក៏បានលើកទឹកចិត្តឱ្យក្រុមការងារបច្ចេកទេសរបស់ក្រសួងពាណិជ្ជកម្ម បន្តខិតខំអភិវឌ្ឍ និងស្រាវជ្រាវនូវបច្ចេកវិទ្យាថ្មីៗបន្ថែមទៀត ដើម្បីធ្វើឱ្យប្រព័ន្ធអេឡិចត្រូនិករបស់ក្រសួងពាណិជ្ជកម្មកាន់តែទទួលបានទំនុកចិត្តពីអ្នកប្រើប្រាស់សេវាទាំងអស់។ ជាមួយគ្នានេះ លោករដ្ឋមន្ត្រី ក៏បានណែនាំឱ្យស្ថាប័នក្រោមឱវាទក្រសួងពាណិជ្ជកម្មទាំងអស់ចូលរួមសហការក្នុងការជំរុញប្រព័ន្ធអនឡាញទាំងនេះ ឱ្យកាន់តែរីកចម្រើនបន្ថែមទៀត។

សូមជម្រាបជូនថា នៅក្នុងកិច្ចប្រជុំនេះ ក៏មានការធ្វើបទបង្ហាញពី លោក គន់ ឌីរ៉ង់ ប្រធាននាយកដ្ឋានផែនការ ស្ថិតិ និងព័ត៌មានពាណិជ្ជកម្ម និងក្រុមការងារបច្ចេករបស់ក្រសួងពីការរៀបចំ និងប្រើប្រាស់ប្រព័ន្ធ MOC Web Portal និងប្រព័ន្ធគ្រប់គ្រងធនធានមនុស្សរបស់ក្រសួងពាណិជ្ជកម្មផងដែរ៕