(ភ្នំពេញ)៖ នៅព្រឹកថ្ងៃទី០៤ ខែមីនា ឆ្នាំ២០២២នេះ លោកបណ្ឌិត អូស្មាន ហាស្សាន់ ទេសរដ្ឋមន្រ្តីទទួលបន្ទុកបេសកកម្មពិសេស និងជាអនុប្រធានគណៈកម្មាធិការត្រួតពិនិត្យផលិតផលហាទ្បាលកម្ពុជា បានដឹកនាំក្រុមការងារកិច្ចការហាទ្បាលកម្ពុជា ជួបពិភាក្សាការងារជាមួយស្ថាប័ន Halal Development Corporation (HDC) តាមរយៈប្រព័ន្ធ Video Conference ដែលភាគីម៉ាទ្បេសុីដឹកនាំដោយ លោក Hairol Ariffein Sahari, នាយកប្រតិបត្តិនៃ HDC។

កិច្ចពិភាក្សានេះបានធ្វើឡើងនៅការិយាល័យសុីធីខេត ដោយក្នុងជំនួបនោះតំណាង HDC បានស្នើសុំ លោកទេសរដ្ឋមន្រ្តី បង្កើតឲ្យមានក្រុមការងារសម្រាប់ធ្វើទំនាក់ទំនងលើការងារ វិស័យហាទ្បាល វិស័យអប់រំ វិស័យពាណិជ្ជកម្ម និងក្រុមអ្នកជំនាញលើច្បាប់សាសនាឥស្លាម (Syariah) នៅកម្ពុជា ដើម្បីសម្របសម្រួលកិច្ចសហប្រតិបត្តិការការងារហាទ្បាលជាមួយភាគី HDC នៅពេលខាងមុខ។

ជាមួយគ្នានោះ HDC ក៏បានស្នើផងដែថា ដើម្បីស្វែងយល់ និងបន្តផ្តល់ការជ្រោមជ្រែងដល់ស្ថាប័នហាទ្បាលកម្ពុជា ឲ្យកាន់តែមានសម្ថភាពប្រសើរទ្បើងបន្ថែមទៀតនោះ HDC នឹងចាត់បញ្ជូនក្រុមការងារឲ្យទៅធ្វើទស្សនកិច្ចការងារទៅកាន់ប្រទេសកម្ពុជា រយៈពេល៦ថ្ងៃ ដើម្បីស្វែងយល់លើបញ្ហាហាឡាលនៅកម្ពុជាឲ្យបានកាន់តែច្បាស់។

បន្ថែមពីនោះ HDC បានស្នើភាគីកម្ពុជា រៀបចំឲ្យមានជំនួបការងាររវាង HDC ជាមួយដៃគូពាក់ព័ន្ធទាំងទ្បាយនៅកម្ពុជាដើម្បីសិក្សាស្វែងយល់ស្តីពីកិច្ចការហាទ្បាលនៅកម្ពុជា នឹងងាយស្រួលដល់ការជួយជ្រោមជ្រែងបន្ថែមទៀតផងដែរ។

ទេសរដ្ឋមន្រ្តី អូស្មាន ហាស្សាន់ បានឯកភាពតាមសំណើរបស់ HDC ខាងលើ លោកបានសន្យាថា នឹងរៀបចំក្រុមការងារសម្រាប់តំណាងខាងកម្ពុជានាពេលខាងមុខនេះ។ អ្វីដែលពិសេសទៀតនោះ ភាគីទាំងពីរបានឯកភាពលើសេចក្ដីសម្រេចថា HDC នឹងបញ្ជូនតំណាងមកកាន់កម្ពុជា នៅក្នុងបំណាច់ខែមីនា ឆ្នាំ២០២២ នេះផងដែរ។

គួរជម្រាបថា កិច្ចសហប្រតិបត្តិការខាងលើនេះ បានកើតឡើងឆ្លើយតបទៅនឹងជំនួបពិភាក្សាការងាររបស់ នាយករដ្ឋមន្ត្រីកម្ពុជា-ម៉ាឡេសុី កាលពីថ្ងៃទី២៤ ខែកុម្ភៈ កន្លងទៅ ភាគីម៉ាឡេស៊ី ដែលរួមមាន JAKIM, Halal Development Corporation (HDC), Ministry of International Trade And Industry (MITI), MATRADE Headquarters និង MATRADE HCMC បានគាំទ្រលើទស្សនវិស័យពង្រឹងសមត្ថភាពកិច្ចការហាទ្បាលប្រទេសកម្ពុជា៕