(កណ្ដាល)៖ ប្រាសាទបក្សីចាំក្រុង ស្ថិតនៅក្នុងវត្តកែវមណីជោតិ (ហៅវត្តរកាកោងក្រៅ) ស្ថិតនៅក្នុងភូមិរកាកោង ឃុំរកាកោងទី១ ស្រុកមុខកំពូល ខេត្តកណ្ដាល ត្រូវបានសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ នាថ្ងៃទី៣ ខែមីនា ឆ្នាំ២០២២ ដែលចំណាយថវិការសាងសង់អស់១២ម៉ឺនដុល្លារ។

ពិធីសម្ពោធនេះ បានធ្វើឡើងក្រោមអធិបតីភាពលោក គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្ដាល និងលោកស្រី ថេង ពុទ្ធិតា គង់ សោភ័ណ្ឌ រួមជាមួយលោក សេង ទូច អនុប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះជួយមូលដ្ឋានឃុំរកាកោង១។

លោក គង់ សោភ័ណ្ឌ បានលើកឡើងពីគុណតម្លៃនៃសុខសន្តិភាព ដែលរកបានដោយលំបាកលំបិនជាទីបំផុតដោយគណបក្សប្រជាជនកម្ពុជា ក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ទើបធ្វើឱ្យកម្ពុជា មានសន្តិភាព។ សន្តិភាពនេះហើយជាកត្តាចាំបាច់ទី១ បំផុតដែលគ្រប់ៗប្រទេសលើសកលលោកចង់បានមុនគេ ដើម្បីកសាងជាតិមាតុភូមិឱ្យមានសេចក្ដីសុខ ស្គាល់តែការរីកចម្រើន ស្គាល់តែការអភិវឌ្ឍ។

លោកអភិបាលខេត្ត បានលើកឡើងពីបញ្ហានៃទុក្ខលំបាកផ្សេងៗចំពោះប្រទេសដែលបាននឹងកំពុងញ៉ាំញីដោយសង្រ្គាមដែលបង្ករការឈឺចាប់ខ្លោចផ្សាដល់ប្រទេសជាតិ ប្រជាពលរដ្ឋរងទុក្ខ រត់ចោលស្រុក គ្មានផ្ទះសំបែងស្នាក់នៅ គ្មានអាហារហូបចុកគ្រប់គ្រាន់ គ្មានអគ្គិសនី គ្មានអនាម័យ នាំឱ្យកើតជំងឺជាដើម ដែលការលំបាកនេះហើយសម្ដេចតេជោ ហ៊ុន សែន បានស្គាល់យ៉ាងច្បាស់ ហើយប្ដេជ្ញាថានឹងមិនឱ្យកើតឡើងចំពោះប្រទេសជាតិយើង ពលរដ្ឋខ្មែរយើងជាដាច់ខាត។ ដូច្នេះសូមបន្តគាំទ្របោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជាជារៀងរហូត។

អភិបាលខេត្តបានថ្លែងថា ដោយមានសំណើរបស់គណៈកម្មការ ព្រះគ្រូចៅអធិការវត្ត និងអាជ្ញាធរមូលដ្ឋានកកនុងនាមជាអភិបាលខេត្តកណ្តាល ក៏បានសម្រេចជួយសាងសង់ ប្រាសាទបក្សីចាំក្រុងថ្មីនេះ ជំនួសឱ្យប្រាសាទបក្សីចាំ ក្រុងចាស់ ដែលស្រុតដីបាក់ច្រាំងធ្លាក់ចូលទៅក្នុងទឹកទន្លេ កាលពីថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៨។ ដើម្បីរក្សាទុកជាកេរ្តិ៍ដំណែលនូវសំណង់ប្រវត្តិសាស្រ្តដែលបង្កប់ដោយព្រលឹងវប្បធម៌ និងសាសនារបស់ជាតិខ្មែរ ដែលបាននិទានរឿងរ៉ាវអំពីបក្សីចាំក្រុង បន្តទៅមនុស្សគ្រប់ជំនាន់ ទើបសម្រេចឲ្យសាងសង់ឡើងវិញឱ្យបានល្អស្អាត ។

ប្រាសាទនេះ បានដំណើរការសាងសង់ឡើងវិញ កាលពីថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២០ និងបញ្ចប់ការសាងសង់ជាស្ថាពរ នៅថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២១ មានទំហំ ៥.៩៤៥ ម៉ែត្រ គុណនឹង ៥.៩៤៥ម៉ែត្រ កម្ពស់១៣.៦ម៉ែត្រ។

សូមជម្រាបថា ប្រាសាទបក្សីចាំក្រុង ដែលសម្ពោធឆ្លងនាឱកាសនេះ គឺជាសមិទ្ធផលថ្មីមួយបន្ថែមទៀត របស់ឃុំរកាកោងទី១ ស្រុកមុខកំពូល ខេត្តកណ្ដាល និងជាសំណង់ប្រវត្តិសាស្ដ្រ ជាគរុភណ្ឌវត្ត បេតិកភណ្ឌវប្បធម៌ជាតិ ដើម្បីលើកកម្ពស់ អភិរក្សវប្បធម៌ជាតិ និងក៏ជាទីកន្លែងគោរពសក្ការៈបូជាតាមជំនឿប្រពៃណីរបស់ប្រជាពលរដ្ឋម្ចាស់ស្រុក និងប្រជាជនកម្ពុជាទាំងមូល៕