(ភ្នំពេញ)៖ នៅទីបំផុតតំណាងរាស្រ្ត CNRP ចំនួន២រូបទៀត ត្រូវបានព្រះរាជអាជ្ញាចេញដីកាកោះហៅ ពាក់ព័ន្ធករណីរឿងរ៉ាវផ្លូវភេទរវាងលោក កឹម សុខា អនុប្រធានគណបក្សសង្គ្រោះជាតិ នេះបើយោងតាមដីកាកោះហៅរបស់ព្រះរាជអាជ្ញារង សៀង សុខ ដែលអង្គភាព Fresh News ទើបទទួលបាននៅមុននេះបន្តិច។
យោងតាមដីកោះហៅបានបញ្ជាក់ថា តំណាងរាស្រ្ត២រូប ដែលត្រូវបានតុលាការកោះហៅទី១៖ ឈ្មោះ តុប វ៉ាន់ចាន់ តំណាងរាស្រ្តខេត្តកណ្តាល (ជាជនសង្ស័យ) និងលោក ពិន រតនា តំណាងរាស្រ្តខេត្តបាត់ដំបង (ជាជនសង្ស័យ) ។ ដោយឲ្យអ្នកទាំងពីរចូលខ្លួនមកបំភ្លឺនៅថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០១៦ខាងមុខនេះ។
ការចេញដីកាកោះហៅតំណាងរាស្រ្តទាំងពីរនេះ ធ្វើឡើងបន្ទាប់ពីកាលថ្ងៃទី១៩ ខែមេសា ឆ្នាំ២០១៦កន្លងទៅ កញ្ញា ខុម ចាន់ដារ៉ាទី ហៅស្រីមុំ ផ្តល់ចម្លើយសារភាពជូនព្រះរាជ្ញារង សៀង សុខ ដោយបានលើកឡើងថា នៅក្នុងពេលមានទំនាក់ទំនងជាមួយលោក កឹម សុខា នោះ នាងបានទៅលេង ទីក្រុងបាងកក ជាមួយលោក កឹម សុខា ចំនួន២ដង ដោយលើកទី១ នៅថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០១៥, លោក កឹម សុខា លោមលួងឲ្យលុយ ចំនួន៣០០០ដុល្លារ និងសន្យារកទិញផ្ទះមួយនៅកន្លែងស្ងាត់ងាយស្រួលចេញចូល។ ពេលទៅដល់ទីក្រុងបាងកកនោះ លោក តុប វ៉ាន់ចាន់ ដែលជាអ្នកជូននាងទៅតាមបញ្ជារបស់លោក កឹម សុខា បាននាំនាងទៅស្នាក់នៅសណ្ឋាគារ សិនធឺភាញ់ (មិនចាំលេខបន្ទប់) ហើយត្រឡប់មកភ្នំពេញវិញ នៅថ្ងៃទី០២ ខែធ្នូ ឆ្នាំ២០១៥។
ដោយឡែកពេលទៅទីក្រុងបាងកក ជាមួយលោក កឹម សុខា លើកទី២ គឺចាប់ពីថ្ងៃទី០១ ទី០២ ទី០៣ ខែកុម្ភៈ ឆ្នាំ២០១៦។ កញ្ញា ស្រីមុំ បានបញ្ជាក់អះអាងថា នាងបានចេញទៅជាមួយឈ្មោះ ពិន រតនា ដោយមានការប្រាប់ពីលោក កឹម សុខា ឲ្យនាងទំនាក់ទំនងជាមួយគាត់ពេល ទៅដល់ប្រទេសថៃ។ នាងបានស្នាក់នៅសណ្ឋាគារ សិនធឺភាញ់ ជាមួយបន្ទប់លោក កឹម សុខា ដោយលោក កឹម សុខា បានរង់ចាំនាងនៅក្នុង បន្ទប់មុន៕