(ភ្នំពេញ)៖ ប្រកាសសមាសភាពនៃគណៈដឹកនាំចលនាយុវជនស្ម័គ្រចិត្ត និងក្រុមការងារយុវជនសហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក.) ប្រចាំគ្រឹះស្ថានអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ នៃក្រុមប្រឹក្សាយុវជនគ្រឹះស្ថានឧត្តមសិក្សា។ ពិធីនេះត្រូវបានរៀបចំធ្វើឡើងនាព្រឹកថ្ងៃទី៤ ខែមីនា ឆ្នាំ២០២២ ក្រោមអធិបតីភាពរបស់លោក ហេង សួរ អនុប្រធានក្រុមប្រឹក្សាយុវជនគ្រឹះស្ថានឧត្តមសិក្សានៃសហភាពសហព័ន្ធយុជនកម្ពុជា (ស.ស.យ.ក.) និងជាប្រធាននៃគណៈដឹកនាំចលនាយុវជនស្ម័គ្រចិត្ត ស.ស.យ.ក. ប្រចាំគ្រឹះស្ថានអប់រំបណ្តុះបណ្តាលបច្ចេកទេសនិងវិជ្ជាជីវៈ ចំណុះក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ។

ពិធីនេះមានការចូលរួមពីថ្នាក់ដឹកនាំ និងសមាជិក-សមាជិកាសរុបចំនួន៥៦១រូប មកពីអគ្គនាយកដ្ឋានអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ និងគ្រឹះស្ថាន TVET រដ្ឋចំនួន២៤នៅរាជធានីភ្នំពេញ-ខេត្ត ព្រមទាំងសមាសភាពក្រុមការងារយុវជន ស.ស.យ.ក ប្រចាំគ្រឹះស្ថានផ្សេងទៀត ចូលរួមតាមរយៈប្រព័ន្ធអនឡាញ (Zoom) មានចំនួនសរុប៤៣២នាក់។

តាមរយៈពិធីប្រកាសនេះដែរ លោក ហេង សួរ ក៏បានពាំនាំនូវការសួរសុខទុក្ខ និងក្តីនឹករលឹករបស់លោក ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា និងលោក ស សុខា អនុប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា និងជាប្រធានក្រុមប្រឹក្សាយុវជនគ្រឹះស្ថានឧត្តមសិក្សាទៅដល់ក្រុមការងារទាំងអស់ដែលមានវត្តមាននៅក្នុងពិធីនេះផងដែរ។

លោក ហេង សួរ បានលើកឡើងអំពីភារកិច្ចសំខាន់ៗរបស់ក្រុមប្រឹក្សាយុវជនគ្រឹះស្ថានឧត្តមសិក្សានៃសហភាពសហព័ន្ធយុជនកម្ពុជា (ស.ស.យ.ក.) រួមមាន៖

ទី១៖ ជួយសម្របសម្រួលផ្ដល់កិច្ចសហការល្អ និងគាំទ្រសកម្មភាពនានារបស់ក្រុមប្រឹក្សាយុវជនគ្រឹះស្ថានឧត្ដមសិក្សា (ក.យ.គ.) ដែលប្រព្រឹត្តទៅក្នុងគ្រឹះស្ថានសិក្សានីមួយៗ ក្នុងគោលបំណងពង្រីកសកម្មភាពរបស់ ស.ស.យ.ក. ឱ្យបានទូលំទូលាយបន្ថែមទៀត។

ទី២៖ ជួយណែនាំតម្រង់ទិស និងផ្ដល់ការគាំទ្រដល់ក្រុមការងារយុវជន ស.ស.យ.ក. ប្រចាំគ្រឹះស្ថានសិក្សាសាមីនីមួយៗ ដើម្បីបំពេញភារកិច្ចឱ្យសម្រេចបានជោគជ័យតាមផែនការកំណត់របស់ ក.យ.គ. ជាពិសេស គឺការកៀរគរយុវជនឱ្យចូលរួមគ្រប់សកម្មភាព និងចូលជាសមាជិករបស់ ស.ស.យ.ក. ឱ្យបានច្រើនជាអតិបរមាតាមដែលអាចធ្វើទៅបាន។

ទី៣៖ ផ្ដល់កិច្ចសហការល្អ និងគាំទ្រគ្នាទៅវិញទៅមករវាងអន្តរគ្រឹះស្ថាន TVET រដ្ឋនីមួយៗទាក់ទងនឹងការកសាងកម្លាំងយុវជន និងបណ្ដុះមនសិការយុវជនស្របតាមបេសកកម្ម និងចក្ខុវិស័យរបស់ ស.ស.យ.ក.។

បន្ថែមពីនេះ លោក ហេង សួរ គូសបញ្ជាក់ថា ស.ស.យ.ក. និង ក.យ.គ. គឺជាអង្គការមហាជនដែលបង្កើតឡើង ដើម្បីចូលរួមចំណែកក្នុងការផ្ដល់អត្ថប្រយោជន៍ផ្សេងៗដល់យុវជន។ ដើម្បីសម្រេចបានការងារនេះ គ្រឹះស្ថាន TVET រដ្ឋនីមួយៗត្រូវផ្សព្វផ្សាយអំពីគោលបំណង ផែនការ និងសកម្មភាពនានារបស់ ស.ស.យ.ក. ដល់និស្សិត ដូចជា ការធ្វើឱ្យនិស្សិតចូលរួមសហការក្នុងគ្រប់សកម្មភាពនានារបស់ ស.ស.យ.ក. ដើម្បីឱ្យនិស្សិតចូលរួមរាល់សកម្មភាព គ្រឹះស្ថានTVET ត្រូវបង្កើតព្រឹត្តិការណ៍ កម្មវិធី វេទិកា ឬវគ្គបណ្ដុះបណ្ដាលនានា ក្នុងគោលបំណងផ្ដល់នូវអត្ថប្រយោជន៍ ចំណេះដឹង បទពិសោធន៍ លើកកម្ពស់សមត្ថភាព បង្កើតនូវបរិយាកាសសប្បាយរីករាយសម្រាប់យុវជន, សហការក្នុងការរៀបចំវេទិកា វគ្គបណ្ដុះបណ្ដាល សិក្ខាសាលា ដើម្បីផ្ដល់ចំណេះដឹង និងបទពិសោធន៍ល្អៗដល់យុវជនសម្រាប់រៀបចំផែនការជីវិត, សហការក្នុងការរៀបចំព្រឹត្តិការណ៍នានានៅក្នុងគ្រឹះស្ថានសិក្សាសាមី ដូចជា ការរៀបចំពិធីវប្បធម៌ ប្រពៃណីជាតិ ពិធីកម្សាន្តសប្បាយផ្សេងៗជាដើម, សហការអប់រំ និងណែនាំយុវជននៅតាមគ្រឹះស្ថានសិក្សាសាមីឱ្យជៀសឆ្ងាយពីគ្រឿងញៀន ល្បែងស៉ីសង និងអំពើខុសច្បាប់នានា, សហការក្នុងការផ្សព្វផ្សាយអំពីគោលបំណង ផែនការយុទ្ធសាស្ត្រ និងគោលការណ៍នានារបស់ ស.ស.យ.ក. ដល់យុវជននៅតាមគ្រឹះស្ថានសិក្សាសាមី។

ទន្ទឹមនឹងនេះ លោកក៏បានផ្តល់នូវអនុសាសន៍ទៅដល់គ្រប់គ្រឹះស្ថាន TVET ទាំងអស់ត្រូវបន្តចូលរួមអនុវត្តប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់លើវិធានការដែលបានដាក់ចេញក្នុងគោលការណ៍ប្រតិបត្តិស្តង់ដា (SOP) សម្រាប់ដំណើរការគ្រឹះស្ថាន អ.ប.វ. ឡើងវិញក្នុងបរិបទកូវីដ១៩ ស្របតាមគន្លងប្រក្រតីភាពថ្មី និងវិធានការនានារបស់រាជរដ្ឋាភិបាល ជាពិសេស «៣ការពារ និង៣កុំ» ដើម្បីបន្តចូលរួមទប់ស្កាត់ការឆ្លងរីករាលដាលនៃជំងឺកូវីដ១៩។ ជាមួយគ្នានោះ ប្រធានក្រុមការងារ ស.ស.យ.ក. អនុប្រធាន ប្រធានផ្នែក សមាជិក-សមាជិកាប្រចាំគ្រឹះស្ថាន TVET នីមួយៗត្រូវអនុវត្តតួនាទីភារកិច្ចប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ ជាពិសេសកៀរគរយុវជនជានិស្សិតចូលរួមរាល់សកម្មភាព និងចុះឈ្មោះចូលជាសមាជិក ស.ស.យ.ក. ឱ្យបានជាអតិបរមា។

ព្រមជាមួយនេះ គ្រប់អង្គភាព ភាគីពាក់ព័ន្ធទាំងអស់ត្រូវសហការគ្នាឱ្យបានស្អិតល្មួត រៀបចំជាកម្មវិធី វេទិកា ព្រឹត្តិការណ៍ ការងារសង្គមផ្សេងៗ ដើម្បីលើកកម្ពស់សមត្ថភាព ចំណេះដឹង បទពិសោធន៍ល្អៗដល់យុវជនដែលឆ្លើយទៅគោលដៅរបស់ ស.ស.យ.ក.៕