(ភ្នំពេញ)៖ ក្រុមការងារបច្ចេកទេសរៀបចំគោលនយោបាយដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ នៃក្រសួងយុត្តិធម៌ នឹងចុះអនុស្សរណៈនៃការយោគយល់គ្នា ស្តីពីលើគម្រោងពង្រឹងយន្តការ និងការអនុវត្តសន្ធានកម្មនៅថ្នាក់ក្រោមជាតិ នៅថ្ងៃទី០៧ ខែមីនា ឆ្នាំ២០២២ ខាងមុខនេះ។

ពិធីនេះនឹងធ្វើឡើងក្រោមអធិបតីភាព លោក ជិន ម៉ាលីន រដ្ឋលេខាធិការក្រសួងយុត្តិធម៌ និងជាប្រធានក្រុមការងារបច្ចេកទេសរៀបចំគោលនយោបាយដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ តំណាងដ៏ខ្ពង់ខ្ពស់លោក កើត រិទ្ធ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌។

កម្មវិធីនេះ នឹងមានការចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា ចំនួន ២របៀបវារៈគឺ៖

ទី១៖ រវាងនាយកដ្ឋានសន្ធានកម្ម និងយុត្តិធម៌មូលដ្ឋាន នៃក្រសួងយុត្តិធម៌ ជាមួយអង្គការអុកស្វាមប្រចាំកម្ពុជា ដើម្បីទទួលជំនួយផ្នែកហិរញ្ញវត្ថុ ក្នុងគម្រោងដូចខាងក្រោម៖

*គម្រោងរៀបចំ និងកសាងឯកសារគតិយុត្តចំនួន៣ រួមមាន (១) ស្តង់ដារអប្បរមាសម្រាប់ការទទួលស្គាល់វិជ្ជាជីវៈសម្រាប់សន្ធានការីជាមន្ត្រីរាជការនៅថ្នាក់ក្រោមជាតិ (២) ក្រមសីលធម៌ សម្រាប់សន្ធានការីជាមន្ត្រីរាជការនៅថ្នាក់ក្រោមជាតិ និង(៣) សៀវភៅប្រតិបត្តិការសម្រាប់ការិយាល័យនីតិកម្ម និងសម្រុះសម្រួលវិវាទមូលដ្ឋាន

គម្រោងផ្សព្វផ្សាយ និងបណ្តុះបណ្តាល ស្តីពីបទដ្ឋានគតិយុត្ត និងការប្រតិបត្តិកិច្ចការរដ្ឋបាលសម្រាប់ខេត្តគោលដៅជាអតីតមណ្ឌលសេវាកម្មយុត្តិធម៌ទាំង១០ រាជធានី-ខេត្ត រួមមាន រាជធានីភ្នំពេញ ខេត្តកំពង់ស្ពឺ ខេត្តកំពង់ឆ្នាំង ខេត្តកំពត ខេត្តបាត់ដំបង ខេត្តបន្ទាយមានជ័យ ខេត្តព្រៃវែង ខេត្តសៀមរាប ខេត្តមណ្ឌលគិរី និងខេត្តមណ្ឌលគិរី

*គម្រោងបណ្តុះបណ្តាលបច្ចេកទេសសន្ធានកម្ម ដល់មន្ត្រីផ្តល់សេវាសន្ធានកម្ម នៃការិយាល័យនីតិកម្ម និងសម្រុះសម្រួលវិវាទមូលដ្ឋាន ក្នុងខេត្តកំពង់ធំ។

ទី២៖ រវាងនាយកដ្ឋានសន្ធានកម្ម និងយុត្តិធម៌មូលដ្ឋាន នៃក្រសួងយុត្តិធម៌ ជាមួយអង្គការនារីដើម្បីសន្តិភាព ដើម្បីទទួលជំនួយផ្នែកផ្តល់ការប្រឹក្សាទូទៅ និងការគាំទ្របច្ចេកទេស ក្នុងការពង្រឹងយន្តការ និងការអនុវត្តសន្ធានកម្មនៅថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ក្នុងគម្រោងដូចខាងក្រោម៖

* ស្តង់ដារអប្បរមាសម្រាប់ការទទួលស្គាល់វិជ្ជាជីវៈសម្រាប់សន្ធានការី ជាមន្ត្រីរាជការនៅថ្នាក់ក្រោមជាតិ
* ក្រមសីលធម៌ សម្រាប់សន្ធានការីជាមន្ត្រីរាជការនៅថ្នាក់ក្រោមជាតិ
* ការរៀបចំគោលនយោបាយជាតិស្តីពីសន្ធានកម្ម
* ការធ្វើបច្ចុប្បន្នភាពសៀវភៅមេរៀនស្តីពីការណែនាំការសម្រុះសម្រួល ការចងក្រងសៀវភៅណែនាំការបណ្តុះបណ្តាល និងបង្វឹកក្រុមគ្រូបង្គោលសន្ធានកម្មថ្នាក់ជាតិ
* កិច្ចខំប្រឹងប្រែងចាំបាច់ផ្សេងៗទៀតក្នុងការពង្រឹងយន្តការសន្ធានកម្ម និងជំនាញសន្ធានការីនៅថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ៕