(ភ្នំពេញ)៖ លោក សៀម ភ្លុក តំណាងស្ថាបនិកគណបក្សបេះដូងជាតិ ត្រូវបានអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ចេញដីកាកោះហៅ ដើម្បីសាកសួរពីដំណើររឿង ក្លែងបន្លំ ពាក់ព័ន្ធនឹងការស្នើបង្កើតគណបក្សបេះដូងជាតិ។

យោងតាមដីកាកោះរបស់ លោក សេង ហៀង ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានប្រាប់ឲ្យលោក សៀម ភ្លុក ចូលទៅកាន់អយ្យការអមសាលាដំបូងរាជធានីភ្នំពេញ នៅថ្ងៃទី២២ ខែមីនា ឆ្នាំ២០២២។

ដីកានេះត្រូវបាន នាយកដ្ឋានប្រឆាំងភេរវកម្ម និងឧក្រិដ្ឋកម្មឆ្លងដែន សហកាជាមួយកម្លាំងនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញផែនសន្តិសុខ យកទៅបិទជាសាធារណៈ នៅសាលាសង្កាត់ឫស្សីកែវ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ នៅរសៀលថ្ងៃទី០៤ ខែមីនា ឆ្នាំ២០២២នេះ។

សូមជម្រាបថា ក្រសួងមហាផ្ទៃ នៅថ្ងៃទី០២ ខែមីនា ឆ្នាំ២០២២ បានចេញប្រកាសមួយ ដោយសម្រេចលុបឈ្មោះ «គណបក្សបេះដូងជាតិ» ចេញពីបញ្ជីគណបក្សនយោបាយ។ នេះបើតាមប្រកាស ចេញដោយសម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាន។

ការចេញប្រកាសលុបឈ្មោះគណបក្សបេះដូងជាតិនេះ បានធ្វើឡើងបន្ទាប់ពី តុលាការកំពូល បានបើកសវនការ និងបានប្រកាសសាលដីកា សម្រេចទាត់ចោលបណ្ដឹងរបស់ លោកសៀម ភ្លុក ដែលប្រឆាំងនឹងការបដិសេធក្រសួងមហាផ្ទៃ ចំពោះសំណើបង្កើតគណបក្សបេះដូងជាតិ កាលពីថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២១ ហើយបានបិទផ្លូវតវ៉ា ។

នាយឧត្តមសេនីយ៍ ខៀវ សុភ័គ អ្នកនាំពាក្យក្រសួងមហាផ្ទៃ បានបញ្ជាក់ប្រាប់បណ្តាញព័ត៌មាន Fresh News ឱ្យដឹងថា កន្លងទៅក្រសួងមហាផ្ទៃ បានរកឃើញអំពីភាពមិនប្រក្រតី ក្នុងការប្រមូលស្នាមេដៃ ដើម្បីស្នើសុំចុះបញ្ជីរបស់គណបក្សបេះដូងជាតិ ដោយក្នុងនោះមានដូចជាស្នាមមេដៃរបស់ឈ្មោះបុគ្គលមួយចំនួនខុសពីស្នាមមេដៃនៅក្នុងអត្តសញ្ញាណបណ្ណ, ស្នាមមេដៃរបស់បុគ្គលមួយចំនួន ផ្តិតលើឈ្មោះបុគ្គលដទៃ, ការក្លែងស្នាមមេដៃបុគ្គល, ស្នាមមេដៃរបស់បុគ្គលមួយចំនួន ខូចគុណភាពមិនអាចធ្វើកោសល្យវិច័យបាន និងស្នាមមេដៃមានភាពមិនប្រក្រតីធ្ងន់ធ្ងរជាដើម។

ពាក់ព័ន្ធនឹងភាពមិនប្រក្រតីនេះ កាលពីថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២១ ក្រសួងមហាផ្ទៃ ក៏បានសម្រេចបដិសេធចំពោះការស្នើសុំចុះឈ្មោះក្នុងបញ្ជីគណបក្សនយោបាយ ផងដែរ។

ក្រោយពីមានលិខិតបដិសេធពីក្រសួងមហាផ្ទៃ កាលពីថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២១ លោក សៀម ភ្លុក ក៏បានដាក់ពាក្យបណ្តឹងទៅតុលាការកំពូល ដើម្បីតវ៉ាចំពោះករណីនេះផងដែរ៕