(ត្បូងឃ្មុំ)៖ លោក វង សូត រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា និងជាប្រធានក្រុមការងារថ្នាក់ជាតិ ចុះជួយស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ និងឃុំជាច ស្រុកកំចាយមារ ខេត្តព្រៃវែង និងលោកស្រីអញ្ជើញសម្ពោធដាក់ឱ្យប្រេីប្រាស់ឧបដ្ឋានសាលាបុណ្យ និងសមិទ្ធផលនានា នៅវត្តមង្គលវន្តទី២ ហៅវត្តស្ទឹងតូច ដែលមានតម្លៃ២២ម៉ឺនដុល្លារ នៅឃុំកក់ ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ។

បានជម្រុញណែនាំដល់ប្រជាពលរដ្ឋ សូមកុំប្រហេស និងកុំភ្លេចខ្លួនជាមួយការពារការឆ្លងរីករាលដាលជំងឺកូវីដ១៩ ដោយត្រូវអនុវត្តន៍វិធានសុខាភិបាលឱ្យបានខ្ជាប់ខ្ជួនជានិច្ច។

លោករដ្ឋមន្ត្រី ក៏បានអំពាវនាវដល់ប្រជាពលរដ្ឋត្រូវបន្តការការពារ បង្ការទប់ស្កាត់ ការឆ្លងរាលដាលជំងឺកូវីដ១៩ ដោយត្រូវអនុវត្តន៍វិធានសុខាភិបាល ៣កុំ និង៣ការពារ ឱ្យខ្ជាប់ខ្ជួនជានិច្ច និងរួមគ្នាបន្តខិតខំប្រឹងប្រែងចូលរួមជាមួយរាជរដ្ឋាភិបាល ក្នុងការមកទទួលវ៉ាក់សាំងដោយឥតគិតថ្លៃឱ្យបានគ្រប់គ្នា ដេីម្បីជាភាពស្សាំទៅនឹងការពារជំងឺដ៏កាចសាហាវមួយនេះ។

ជាមួយគ្នានោះដែរ លោក វង សូត បញ្ជាក់បន្ថែមទៀតថា កត្តាសន្តិភាព ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រីនៃកម្ពុជា បាននាំនូវការអភិវឌ្ឍមានភាពរីកចម្រេីននូវហេដ្ឋារចនាសម្ព័ន្ធនានា នៅតាមមូលដ្ឋាន រីកស្គុកស្គាយពេញផ្ទៃប្រទេសទាំងវិស័យពុទ្ធិចក្រ និងអាណាចក្រ បេីទោះជាកម្ពុជារងវិបត្តិកូវីដ១៩ ក៏ដោយ។

លោកថា៖ «ហើយអ្វីៗដែលយើងមានថ្ងៃនេះ គឺដោយសារប្រទេសជាតិយើងមានសុវត្ថិភាព ស្ថិរភាព និងសុខសន្តិភាពក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន ដូច្នេះយើងត្រូវរួមគ្នាការពារសន្តិភាពទើបយើងអាចថែរក្សា និងកសាងសមិទ្ធផលថ្មីៗបន្ថែមទៀតបាន»

បន្ថែមពីនេះ លោករដ្ឋមន្ត្រី បានស្នេីដល់ប្រជាពលរដ្ឋនៅស្រុកពញាក្រែកក៏ដូចជា ទទូទាំងប្រទេសកម្ពុជា ត្រូវរួមគ្នាថែរក្សាសុខសន្តិភាពដែលមានបច្ចុប្បន្ន ដេីម្បីបន្តការអភិវឌ្ឍន៍ស្រុកភូមិយេីងឱ្យមានការរីកចម្រេីនបន្តទៀត។

ឆ្លៀតឱកាសនោះដែរ លោករដ្ឋមន្ត្រី និងលោកស្រី បាននាំយកអំណោយរបស់សម្ដេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភានៃកម្ពុជា និងសម្តេចធម្មវិសុទ្ធវង្សា សៅ ទី ហេង សំរិន នូវថវិកាចំនួន ១២០លានរៀល ដែលជាថវិការផ្ទាល់ខ្លួនសម្ដេចទាំងទ្វេ និងបានមកពីសប្បុរសជននានា ក្នុងការកសាងសាលាបឋមសិក្សាស្ទឹងតូច ស្ថិតនៅឃុំកក់ ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ។

លោករដ្ឋមន្ត្រី វង សូត និងលោកស្រីបានផ្តល់ជូន តាជីយាយជី១០០នាក់ ដោយក្នុងម្នាក់ៗទទួលបានក្រណាត់ស-មួយដុំ និងថវិកា១ម៉ឺនរៀល, លោកគ្រូ អ្នកគ្រូចំនួន ២៥នាក់ ដោយក្នុងម្នាក់ៗទទួលបានថវិកា២ម៉ឺនរៀល, យុវជនកាយរឹទ្ធកាកបាទក្រហមកម្ពុជា, ស.ស.យ.ក ចំន ួន ១០០នាក់ ដោយក្នុងម្នាក់ៗទទួលបានថវិកា២ម៉ឺនរៀល, ឧបត្ថម្ភសាលាស្រុកពញាក្រែក ចំនួន១លានរៀល, ក្រុមគ្រូពេទ្យ ៥០ម៉ឺនរៀល កងកម្លាំងប្រជាការពារ ចំនួន១លាន ៥០ម៉ឺនរៀលផងដែរ៕