(ភ្នំពេញ)៖ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ នៅថ្ងៃទី៣ ខែឧសភានេះ បានចេញសេចក្តីណែនាំ ស្តីពីវិធានការគ្រប់គ្រង និងការបែងចែកប្រាក់ចំណូល ពីការពិន័យអន្តរការណ៍ ចំពោះអំពើល្មើសនឹងច្បាប់ ស្តីពីចរាចរណ៍ផ្លូវគោក។
ការគ្រប់គ្រងបែងចែកប្រាក់ចំណូល និងការប្រើប្រាស់រង្វាន់៖
១- អធិការដ្ឋាននគរបាលខណ្ឌ ក្រុង ស្រុក ត្រូវរក្សាទុកប្រាក់ចំណូលប្រចាំថ្ងៃ ១០០ភាគរយ ក្នុងគណនីអង្គភាព ហើយត្រូវបង្វែរប្រាក់ចំណូលប្រចាំខែ ចូលគណនីរបស់ស្នងការនគរបាលរាជធានី ខេត្ត និងផ្ញើរបាយការណ៍ដោយភ្ជាប់មកជាមួយឯកសារពាក់ព័ន្ធនឹងប្រាក់ចំណូល មកស្នងការនគរបាលរាជធានី ខេត្ត ឲ្យបានមុនថ្ងៃទី៣ នៃខែបន្ទាប់។
២- ស្នងការនគរបាលរាធានី ខេត្ត ត្រូវបូកសរុបប្រាក់ចំណូលប្រចាំខែ១០០ភាគរយ និងត្រូវបែកចែក ប្រាក់ចំណូល១៦ភាគរយ ចូលគណនីរបស់នាយកដ្ឋាន នគរបាលចរាចរណ៍ និងសណ្តាប់ធ្នាប់សាធារណៈ, ប្រាក់ចំណូល ៩ភាគរយ សម្រាប់ការិយាល័យចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលរាជធានី-ខេត្ត, បង្វែរប្រាក់ចំណូល ៧៥ភាគរយ ចូលគណនីរបស់អធិការដ្ឋាននគរបាល ក្រុង ស្រុក ខណ្ឌ ដើម្បីបែងចែបន្ត ៥ភាគរយ ជូនផ្នែកសណ្តាប់ធ្នាប់ចរាចរណ៍ផ្លូវគោក និង ៧០ភាគរយ សម្រាប់ជូនមន្ត្រីនគរបាលចរាចរណ៍ផ្លូវគោក ដែលបំពេញភារកិច្ចនៅនឹងកន្លែង និងមន្ត្រីផ្សេងៗទៀត ដែលចូលរួម សហការត្រួតពិនិត្យគោលដៅ។
៣- នាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្តាប់ធ្នាប់សាធារណៈ ត្រូវបូកសរុបប្រាក់ចំណូលប្រចាំខែ១៦ភាគរយ ដើម្បីបែងចែកប្រាក់ចំណូល ១០ភាគរយ សម្រាប់នាយកដ្ឋានសណ្តាប់ធ្នាប់ សាធារណៈ និង ប្រាក់ចំណូល ៦ភាគរយ ចូលគណនី របស់រជ្ជទេយ្យករចំណូលអបក្រសួងមហាផ្ទៃ (ក្នុងនោះចំណូលចំនួន ៦ភាគរយ មានប្រាក់ចំណូល៤ភាគរយ បង់ចូលថវិកាជាតិ ប្រាក់ចំណូល១ភាគរយ ជូនក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងប្រាក់ចំណូល១ភាគរយ ជូនអគ្គនាយកដ្ឋានភស្តុភារ និងហិរញ្ញវត្ថុ៕