(ភ្នំពេញ)៖ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានអះអាងថា រដ្ឋាភិបាលជប៉ុន ពេលនេះ បានសម្រេចអនុញ្ញាតឱ្យជនបរទេស រួមទាំងកម្មសិក្សាការី-ពលករជំនាញកម្ពុជា ចូលប្រទេសជប៉ុនឡើងវិញ ដោយអនុវត្តចាប់ពីថ្ងៃទី០១ ខែមីនា ឆ្នាំ២០២២ នេះតទៅ ដោយត្រូវអនុវត្តទៅតាមនីតិវិធីមួយចំនួន។

នីតិវិធីនោះដូចខាងក្រោម៖

* ទីភ្នាក់ងារជ្រើសរើសឯកជនត្រូវ៖

១៖ សហការជាមួយក្រុមហ៊ុនទទួល ឬសមាគមនៅប្រទេសជប៉ុន ដើម្បីស្នើសុំលិខិតអនុញ្ញាតបន្ថែមសម្រាប់កម្មសិក្សាការី-ពលករជំនាញចូលប្រទេសជប៉ុន តាមរយៈប្រព័ន្ធ Entrants, Returnees Follow-up System របស់ប្រទេសជប៉ុន
២៖ បន្ទាប់មក ត្រូវភ្ជាប់បន្ថែមនូវលិខិតអនុញ្ញាតនេះសម្រាប់កម្មសិក្សាការី-ពលករជំនាញ នៅពេលស្នើសុំទិដ្ឋាការជូនកម្មសិក្សាការី-ពលករជំនាញ នៅស្ថានទូតជប៉ុនប្រចាំកម្ពុជា។

* កម្មសិក្សាការី-ពលករជំនាញត្រូវ៖
១៖ ត្រូវមានវិញ្ញាបនបត្របញ្ជាក់ថាគ្មានមេរោគកូវីដ-១៩ រយៈពេល៧២ម៉ោង មុនចេញដំណើរ។
២៖ បំពេញកិច្ចសន្យាអនុវត្តវិធានការចត្តាឡីស័ក ដែលតម្រូវដោយរាជរដ្ឋាភិបាលនៃប្រទេសជប៉ុន មុនពេលចាកចេញទៅប្រទេសជប៉ុន។
៣៖ ទាញយកកម្មវិធី Covid-19 Contact-Confirming Application ទៅក្នុងទូរស័ព្ទដៃ និងចុះឈ្មោះក្នុងកម្មវិធី មុនពេលចាកចេញទៅប្រទេសជប៉ុន។
៤៖ ផ្ដល់កិច្ចសន្យាអនុវត្តវិធានការចត្តាឡីស័ក ជូនការិយាល័យទទួលបន្ទុកអនុវត្តចត្តាឡីស័កនៅអាកាសយានដ្ឋានប្រទេសជប៉ុន។
៥៖ អនុវត្តវិធានការរបស់រដ្ឋាភិបាលជប៉ុនដូចខាងក្រោម៖
- អ្នកបានចាក់វ៉ាក់សាំងដែលទទួលស្គាល់ដោយប្រទេសជប៉ុនចំនួន៣ដូស៖ ត្រូវធ្វើចត្តាឡីស័កចំនួន៣ថ្ងៃនៅកន្លែងខ្លួនឯង និងធ្វើតេស្តរកមេរោគកូវីដ១៩នៅថ្ងៃទី៣។
- អ្នកមិនបានចាក់វ៉ាក់សាំងដែលទទួលស្គាល់ដោយប្រទេសជប៉ុនចំនួន៣ដូស៖ ត្រូវធ្វើចត្តាឡីស័កចំនួន៣ថ្ងៃនៅកន្លែងដែលកំណត់ដោយការិយាល័យចត្តាឡីស័ក មិនអនុញ្ញាតឱ្យប្រើប្រាស់មធ្យោបាយធ្វើដំណើរសាធារណៈ និងធ្វើតេស្តរកមេរោគកូវីដ១៩នៅថ្ងៃទី៣។

ក្រសួងការងារបានបញ្ជាក់ថា ក្នុងករណីដែលកម្មសិក្សាការី-ពលករជំនាញ មិនអនុវត្តតាមគោលការណ៍ណែនាំនៅប្រទេសជប៉ុន អាជ្ញាធរមានសមត្ថកិច្ចនៃប្រទេសជប៉ុន នឹងចាត់វិធានការតាមផ្លូវច្បាប់៕