(ភ្នំពេញ)៖ តំណាងរបស់កម្ពុជា នឹងឡើងការពាររបាយការណ៍ជាតិពាក់ព័ន្ធនឹងការអនុវត្តកតិកាសញ្ញាអន្តរជាតិស្តីពីសិទ្ធិពលរដ្ឋ និងសិទ្ធិនយោបាយ (ICCPR) ចាប់ពីថ្ងៃទី៩ ដល់ថ្ងៃទី១១ ខែមីនា ឆ្នាំ២០២២ ក្នុងសម័យប្រជុំលើកទី១៣៤ នៃគណៈកម្មាធិការសិទ្ធិមនុស្សអង្គការសហប្រជាតិ ដែលកម្ពុជាបានដាក់របាយការណ៍ជាតិលើកទី៥ កាលពីខែមសា ឆ្នាំ២០១៩ កន្លងទៅនេះ តាមប្រព័ន្ធវីដេអូ។

បើតាមសេចក្តីប្រកាសព័ត៌មាន របស់គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាន នៅថ្ងៃទី៤ ខែមីនា ឆ្នាំ២០២២នេះ បានឱ្យដឹងថា គណៈប្រតិភូកម្ពុជានឹងដឹកនាំដោយលោក ជិន ម៉ាលីន អនុប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា និងជារដ្ឋលេខាធិការក្រសួងយុត្តិធម៌ តំណាងលោក កែវ រ៉េមី រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ព្រមទាំងប្រតិភូនៃគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា និងប្រតិភូអន្តរក្រសួងរួមមាន៖ ក្រសួងមហាផ្ទៃ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ក្រសួងយុត្តិធម៌ ក្រសួងកិច្ចការនារី ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងក្រសួងព័ត៌មាន។

ការការពាររបាយការណ៍ជាតិរបស់កម្ពុជានឹងប្រព្រឹត្តទៅក្នុងទម្រង់ Hybrid ដោយគណៈប្រតិភូកម្ពុជាចូលរួមតាមប្រព័ន្ធវីដេអូ និងតម្រូវឱ្យឯកអគ្គរាជទូត និងតំណាងអចិន្ត្រៃយ៍កម្ពុជាប្រចាំនៅទីក្រុងហ្សឺណែវ មានវត្តមាននៅក្នុងសាលប្រជុំជាមួយសមាជិករបស់គណៈកម្មាធិការសិទ្ធិមនុស្សអង្គការសហប្រជាតិ។

ការការពាររបាយការណ៍នេះ ជាយន្តការមួយរបស់គណៈកម្មាធិការសិទ្ធិមនុស្ស អង្គកាសហប្រជាជាតិ ដែលត្រូវធ្វើឡើងនៅរៀងរាល់៤ឆ្នាំម្តង សម្រាប់តាមដាន និងធ្វើឱ្យប្រសើរឡើងនូវស្ថានភាពសិទ្ធិមនុស្សនៅក្នុងប្រទេសទាំងអស់ ដែលជាសមាជិកអង្គការសហប្រជាជាតិ៕