(ភ្នំពេញ)៖ រដ្ឋាភិបាលជប៉ុន តាមរយៈស្ថានទូតរបស់ខ្លួនប្រចាំកម្ពុជា បានផ្តល់ថវិកាចំនួន ២៦៤,០៨៦ដុល្លារ ដល់អង្គភាពចំនួន៣ ក្រោមគ្រោងការណ៍ជំនួយឥតសំណងសម្រាប់គម្រោងទ្រង់ទ្រាយតូចសន្តិសុខមនុស្សជាតិ (ជំនួយឥតសំណងគូសាណូណិ)។

ពិធីចុះហត្ថលេខានេះ បានធ្វើឡើងនៅស្ថានទូតជប៉ុន ក្រោមអធិបតីភាព លោក មិកាមិ ម៉ាសាហ៉ីរ៉ូ ឯកអគ្គរដ្ឋទូតជប៉ុន និងអ្នកតំណាងទទួលជំនួយទាំងបី នៅព្រឹកថ្ងៃទី០៤ ខែមីនា ឆ្នាំ២០២២នេះ។

គម្រោងដែលផ្ដល់ជំនួយដោយរដ្ឋាភិបាលជប៉ុននាពេលនេះ ដើម្បីអនុវត្តគម្រោងដូចតទៅ៖

*ទី១៖ គម្រោងដំឡើងឧបករណ៍សិប្បនិម្មិត រណប និងព្យាបាលដោយចលនា នៅមជ្ឈមណ្ឌលស្តារលទ្ធភាព ពលកម្មកាយសម្បទាខេត្តក្រចេះ ក្នុងខេត្តក្រចេះ (ថវិកាចំនួន ៩២,៣៩០ដុល្លារអាមេរិក) អង្គភាពទទួលជំនួយ៖ មជ្ឈមណ្ឌលស្ដារលទ្ធភាពពលកម្មកាយសម្បទាខេត្តក្រចេះ

ជំនួយឥតសំណងនេះ នឹងត្រូវបានប្រើសម្រាប់ដំឡើងឧបករណ៍ចំនួន១៥ប្រភេទ សម្រាប់ផលិតឧបករណ៍សិប្បនិម្មិត និងរណប និងឧបករណ៍ចំនួន ៧ប្រភេទទៀត សម្រាប់ការព្យាបាលដោយចលនា នៅមជ្ឈមណ្ឌលស្តារលទ្ធភាពពលកម្មកាយសម្បទាខេត្តក្រចេះ (PRC) ក្នុងខេត្តក្រចេះ។ PRC នេះ បាននឹងកំពុងប្រឈមនឹងបញ្ហាមួយចំនួនដោយសារការខូចសឹករេចរិល នៃឧបករណ៍ដែលចាំបាច់សម្រាប់ផលិតឧបករណ៍សិប្បនិម្មិត និងរណប ព្រមទាំងកង្វះឧបករណ៍សម្រាប់សកម្មភាពស្តារនីតិសម្បទា។

តាមរយៈគម្រោងនេះ រំពឹងថាអ្នកជំងឺប្រហែល៥០០នាក់ ដែលមកព្យាបាលនៅ PRC នេះជារៀងរាល់ឆ្នាំ នឹងទទួលបានអត្ថប្រយោជន៍ពី បរិក្ខារ និងគុណភាពឧបករណ៍សិប្បនិម្មិត និងរណបដែលមានភាពប្រសើរជាងមុន។

*ទី២៖ គម្រោងសាងសង់ឡើងវិញស្ថានីយផលិតទឹកស្អាតខ្នាតតូចនៅឃុំចំនួន៧ ក្នុងខេត្តភាគពាយ័ព្យចំនួន៣ និងឃុំចំនួន១ ក្នុងខេត្តភាគកណ្តាលចំនួន១ (ថវិកាចំនួន ៨៣,២៥៦ដុល្លារអាមេរិក) អង្គភាពទទួលជំនួយ៖ អង្គការទឹកស្អាត១០០១

ក្នុងគម្រោងនេះ ថវិកាជំនួយនេះនឹងត្រូវបានប្រើប្រាស់សម្រាប់ការសាងសង់ឡើងវិញនូវស្ថានីយផលិតទឹកស្អាតខ្នាត តូចចាស់ៗ និងការដំឡើងឧបករណ៍ចាំបាច់ នៅក្នុងឃុំចំនួន៨ ក្នុងខេត្តបន្ទាយមានជ័យ បាត់ដំបង សៀមរាប និងព្រៃវែង។ អង្គការទឹកស្អាត១០០១ បាននិងកំពុងចូលរួមចំណែកធ្វើឱ្យប្រសើរឡើងនូវលទ្ធភាពទទួលបានទឹកបរិភោគ ដែលមានសុវត្ថិភាពទាំងស្រុងនៅតាមភូមិជនបទនានាក្នុងប្រទេសកម្ពុជា តាមរយៈការដំឡើងរោងចក្រចម្រោះទឹក។

តាមរយៈគម្រោងនេះ ប្រជាពលរដ្ឋជាង ៧៨,០០០នាក់ នៅក្នុងតំបន់គោលដៅនឹងអាចទទួលបានល្អប្រសើរជាងមុននូវទឹកបរិភោគដែលមានសុវត្ថិភាព និងតម្លៃសមរម្យ។

*៣ទី៖ គម្រោងផ្គត់ផ្គង់ទឹកស្អាតនៅសាលារៀនក្តីសង្ឃឹមកាណាន ក្នុងខេត្តកំពង់ឆ្នាំង (ថវិកាចំនួន ៨៨,៤៤០ដុល្លារអាមេរិក) អង្គភាពទទួលជំនួយ៖ សាលារៀនក្តីសង្ឃឹមកាណាន

ក្នុងគម្រោងនេះ ម៉ាស៊ីនផលិតទឹកចេញពីបរិយាកាសចំនួន៤ និងអាគុយលីចូមចំនួន១ នឹងត្រូវបានដំឡើងនៅសាលារៀនក្តីសង្ឃឹមកាណាន ក្នុងខេត្តកំពង់ឆ្នាំង។ នៅសាលារៀននេះ សិស្សជាច្រើនជួបការលំបាកក្នុងការទទួលបានទឹកបរិភោគដែលមានសុវត្ថិភាព ពីព្រោះទឹកអណ្តូងដែលពួកគេតែងតែប្រើប្រាស់មានជាតិកខ្វក់។

តាមរយៈគម្រោងនេះ រំពឹងថាសិស្សចំនួន៥៦០នាក់ និងគ្រូបង្រៀនចំនួន៦០នាក់ នឹងអាចបរិភោគទឹកស្អាតបាន។ លើសពីនេះ គម្រោងនេះអាចផ្តល់ឱកាសឱ្យពួកគេទទួលបានចំណេះដឹងអំពីអនាម័យ និងទទួលបានបទពិសោធន៍ពីបច្ចេកវិទ្យាទំនើប។

ជំនួយឥតសំណងគូសាណូណិរបស់ជប៉ុន បានចាប់ផ្តើមនៅប្រទេសកម្ពុជានៅឆ្នាំ១៩៩១ ដើម្បីគាំទ្រដល់កិច្ចខិតខំប្រឹងប្រែងរបស់កម្ពុជាក្នុងការអភិវឌ្ឍ និងស្ថាបនាប្រទេសឡើងវិញ នៅតាមកម្រិតមូលដ្ឋាន។ ជំនួយ ឥតសំណងនេះ មានទិសដៅការពារជនងាយរងគ្រោះពីកត្តាមួយចំនួនដូចជា ភាពក្រីក្រ និង/ឬ ភាពអកុសល នានា ដែលអាចគំរាមកំហែងដោយផ្ទាល់ដល់អាយុជីវិត ជីវភាពរស់នៅ និងសេចក្តីថ្លៃថ្នូររបស់ពួកគេ ក៏ដូចជា ជួយជំរុញនូវភាពម្ចាស់ការលើខ្លួនឯងរបស់ប្រជាសហគមន៍។

ជាងនេះទៅទៀត ចាប់តាំងពីឆ្នាំ១៩៩១ រដ្ឋាភិបាលជប៉ុនបាន ផ្តល់ថវិកាជាង ៦៥លានដុល្លារអាមេរិក ដល់អាជ្ញាធរមូលដ្ឋាន និងអង្គការក្រៅរដ្ឋាភិបាល ដើម្បីអនុវត្តគម្រោង គួសាណូណិចំនួន៦៦១គម្រោង នៅទូទាំងប្រទេសកម្ពុជា៕