(ភ្នំពេញ)៖ អ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា និងជាប្រធានក្រុមប្រឹក្សាពិគ្រោះយោបល់ធុរកិច្ចអាស៊ាន នៅថ្ងៃទី៤ ខែមីនា ឆ្នាំ២០២២នេះ បានដឹកនាំកិច្ចប្រជុំក្រុមប្រឹក្សាពិគ្រោះយោបល់ធុរកិច្ចអាស៊ានលើកទី៩២ ដែលប្រព្រឹត្តទៅតាមប្រព័ន្ធអនឡាញ ដោយមានការចូលរួមពីសមាជិក ក្រុមប្រឹក្សាពិគ្រោះយោបល់ធុរកិច្ចអាស៊ាន ទាំង១០ប្រទេស។

កិច្ចប្រជុំបានលើកយករបៀបវារៈសំខាន់ៗមកពិភាក្សារូបមានដូចជា៖
១៖ ការអនុម័តលើកំណត់ហេតុកិច្ចប្រជុំលើកទី៩១
២៖ ការពិភាក្សាលើបញ្ហាដែលនៅសេសសល់ពីកិច្ចប្រជុំលើកទី៩១
៣៖ ការអនុម័តលើរបៀបវារៈនៃកិច្ចប្រជុំលើកទី៩២
៤៖ ការអនុម័តលើខ្លឹមសារនៃ កិច្ចសន្ទនារវាងក្រុមប្រឹក្សាពិគ្រោះយោបល់ ធុរកិច្ចអាស៊ាន និងរដ្ឋមន្រ្តីសេដ្ឋកិច្ចអាស៊ាន
៥៖ វឌ្ឍនភាពក្រុមការងារឌីជីថល និងក្រុមការងារសេដ្ឋកិច្ចបៃតង
៦៖ ការលើកកម្ពស់ កម្មវិធីគំនិតផ្តួចផ្តើមកម្មសិទ្ធិបញ្ញាអាស៊ាន
៧៖ ខ្ទង់ថវិកាឆ្នាំ២០២២ និងរបាយការណ៍គណៈកម្មាធិការហិរញ្ញវត្ថុ និង
៨៖ បញ្ហាផ្សេងៗ។

អ្នកឧកញ៉ាប្រធាន បានមានប្រសាសន៍ថ្លែងអំណរគុណ ចំពោះវត្តមាន របស់សមាជិកក្រុមប្រឹក្សាពិគ្រោះយោបល់ធុរកិច្ចទាំង១០ ប្រទេសដែលបានអញ្ជើញចូលរួមកិច្ចប្រជុំលើកទី៩២ របស់ក្រុមប្រឹក្សាពិគ្រោះយោបល់ធុរកិច្ចអាស៊ាន និងស្វាគមន៍ ចំពោះតំណាងអគ្គលេខាធិការអាស៊ាន ដែលបានអញ្ជើញចូលរួមជាអ្នកសង្កេតការណ៍ ក្នុងកិច្ចប្រជុំនេះ។

អ្នកឧកញ៉ាប្រធាន បានគូសបញ្ជាក់ថា កិច្ចប្រជុំនាថ្ងៃនេះ ផ្តោតជាសំខាន់លើកិច្ចពិភាក្សាលើចំណុចសំខាន់ដូចមានក្នុងរបៀបវារៈ និង ការត្រៀមលក្ខណៈសម្រាប់កិច្ចសន្ទនាជាមួយរដ្ឋមន្ត្រីសេដ្ឋកិច្ចអាស៊ាន។

អ្នកឧកញ៉ាប្រធាន បានអញ្ជើញ សមាជិកអង្គប្រជុំទាំងមូលចូលរួមយោបល់ និងពិភាក្សាលើរៀបវារៈនៃកិច្ចប្រជុំ។

អ្នកឧកញ៉ាប្រធាន បានថ្លែងអំណរគុណចំពោះសមាជិកអង្គប្រជុំទាំងអស់ ដែលបានចូលរួមពិភាក្សាយ៉ាងផុសផុស និងអញ្ជើញសមាជិកក្រុមប្រឹក្សាពិគ្រោះយោបល់ធុរកិច្ចអាស៊ាន ចូលរួមកិច្ចប្រជុំនានានៅកម្ពុជា នាពេលខាងមុខ។ កិច្ចប្រជុំលើកទី៩២ របស់ក្រុមប្រឹក្សាពិគ្រោះយោបល់ធុរកិច្ចអាស៊ាន បានប្រព្រឹត្តទៅប្រកបដោយជោគជ័យ និងទទួលបានលទ្ធផលជាផ្លែផ្កា ក្នុងបរិយាកាសស្និទ្ធស្នាលជាភាតរភាព។

ក្រុមប្រឹក្សាពិគ្រោះយោបល់ធុរកិច្ចអាស៊ាន ត្រូវបានបង្កើតឡើងក្នុងឆ្នាំ២០០១ ដោយប្រមុខរដ្ឋ/ប្រមុខរដ្ឋាភិបាលអាស៊ាន។ ក្រុមប្រឹក្សានេះ មានកាត្វកិច្ចផ្តល់នូវធាតុចូល និង របាយការណ៍អនុសាសន៍របស់វិស័យឯកជន ដើម្បីជួយជំរុញដល់កិច្ចប្រឹងប្រែងរបស់អាស៊ានឆ្ពោះ ទៅកាន់សមាហរណកម្មសេដ្ឋកិច្ច។

ក្រៅពីនេះ ក្រុមប្រឹក្សាក៏ផ្តល់ជាមតិយោបល់ផងដែរ អំពីការអនុវត្តកិច្ចសហប្រតិបត្តិសេដ្ឋកិច្ចអាស៊ាន និងដាក់ស្នើនូវវិស័យអាទិភាព ជូនថ្នាក់ដឹកនាំពិចារណា។ សកម្មភាពជាចម្បងៗ របស់ក្រុមប្រឹក្សាពិគ្រោះយោបល់ធុរកិច្ចអាស៊ាន ផ្តោតលើ ការពិនិត្យ និងការកំណត់ បញ្ហាប្រឈមនានា សំដៅសម្រួល និងជំរុញកិច្ចសហប្រតិបត្តិការ និងសមាហរណកម្មសេដ្ឋកិច្ច៕