(ភ្នំពេញ)៖ ដើម្បីចូលរួមអនុវត្តគោលនយោបាយ «លើកកម្ពស់សមភាពយេឌ័រ» ដែលមានចែងក្នុងយុទ្ធសាស្ត្រចតុកោណរបស់រាជរដ្ឋាភិបាល ក្រសួងទេសចរណ៍បានដាក់ចេញជាបន្តបន្ទាប់នូវផែនការយុទ្ធសាស្ត្របញ្ជ្រាប និងលើកកម្ពស់យេនឌ័រក្នុងវិស័យរបស់ខ្លួនស្របតាមយន្តការជាតិ ដើម្បីជំរុញការលើកកម្ពស់សិទ្ធិ តួនាទី និងបង្កើនភាពអង់អាចដល់ស្ត្រីដែលជាមន្ត្រីរាជការក្នុងក្របខណ្ឌក្រសួង និងស្ត្រីដែលប្រកបមុខរបរក្នុងឧស្សាហកម្មទេសចរណ៍។

គួរជម្រាបថា រាជរដ្ឋាភិបាលកម្ពុជាក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានចេញនូវយុទ្ធសាស្ត្រចតុកោណ «ដើម្បីកំណើន ការងារ សមធម៌ និងប្រសិទ្ធភាពនៅកម្ពុជា» និងគោលនយោបាយសមភាពយេនឌ័រ ដោយបានផ្តល់នូវតម្លៃនិងសារៈសំខាន់នៃការចូលរួមរបស់ស្រ្តីនៅគ្រប់ដំណើរការនៃការអភិវឌ្ឍ និងបានចាត់ទុកថា «ស្ត្រី គឺជាឆ្អឹងខ្នងនៃសេដ្ឋកិច្ច និងសង្គមជាតិ»។

នាឱកាសអបអរសាទរខួបលើកទី១១១ នៃទិវាអន្តរជាតិនារី ៨ មីនា ឆ្នាំ២០២២ ក្រោមមូលបទ «សមភាពយេនឌ័រថ្ងៃនេះ ដើម្បីចីរភាពនាពេលអនាគត» លោកស្រី ហ៊ុន ដានី រដ្ឋលេខាធិការក្រសួងទេសចរណ៍ បានលើកឡើងនៅក្នុងកិច្ចសម្ភាសជាមួយបណ្ដាញព័ត៌មាន Fresh News យ៉ាងដូច្នេះថា «ដើម្បីចូលរួមអនុវត្តគោលនយោបាយសមភាពយេនឌ័រ ដែលមានចែងក្នុងយុទ្ធសាស្ត្រចតុកោណរបស់រាជរដ្ឋាភិបាល ក្រសួងទេសចរណ៍ក្រោមការដឹកនាំរបស់លោករដ្ឋមន្ត្រី ថោង ខុន បានដាក់ចេញជាបន្តបន្ទាប់នូវផែនការយុទ្ធសាស្ត្របញ្ជ្រាប និងលើកកម្ពស់យេនឌ័រក្នុងវិស័យរបស់ខ្លួនស្របតាមយន្តការជាតិ ដើម្បីជំរុញការលើកកម្ពស់សិទ្ធិ តួនាទី និងបង្កើនភាពអង់អាចដល់ស្ត្រីដែលជាមន្ត្រីរាជការក្នុងក្របខណ្ឌក្រសួង និងស្ត្រីដែលប្រកបមុខរបរក្នុងឧស្សាហកម្មទេសចរណ៍»

លោកស្រីរដ្ឋលេខាធិការបានបន្តថា ជាមួយនឹងវឌ្ឍនភាពដែលមានការគិតគូរអំពីស្ត្រីតាមរយៈការដាក់ចេញនូវផែនការយុទ្ធសាស្ត្រលើកកម្ពស់យេនឌ័រក្នុងវិស័យទេសចរណ៍ ដំណាក់កាលទី៤ ឆ្នាំ២០២០-២០២៤ ត្រូវបានរៀបចំឡើងដើម្បីជាផែនទីតម្រង់ទិសឆ្ពោះទៅគោលដៅ «សមភាពយេនឌ័រ» និងអភិវឌ្ឍធនធានស្ត្រីក្នុងវិស័យទេសចរណ៍ ដោយបានកំណត់ច្បាស់នូវចក្ខុវិស័យ បេសកកម្ម និងសកម្មភាពជាយុទ្ធសាស្ត្រ សំដៅពង្រឹងតួនាទី តម្លៃស្ត្រីឱ្យកាន់តែមានប្រសិទ្ធភាព ក្នុងភាពជាដៃគូរបស់បុរស ទាំងក្នុងសកម្មភាពសង្គម សេដ្ឋកិច្ច និងការធ្វើសេចក្តីសម្រេចដើម្បីធានាបានសុខដុមនីយកម្ម សេចក្តីថ្លៃថ្នូរ និងការបង្កើនភាពអង់អាចផ្នែកសេដ្ឋកិច្ចតាមរយៈចំណេះ ជំនាញ និងបទពិសោធន៍សម្រាប់ការអភិវឌ្ឍវិស័យទេសចរណ៍ប្រកបដោយចីរភាព និងបរិយាបន្ន។

មន្ត្រីជាន់ខ្ពស់ក្រសួងទេសចរណ៍បានបន្តទៀតថា ដើម្បីនិរន្តរភាពនៃវិស័យទេសចរណ៍ ក្រសួងបានខិតខំកសាងសមត្ថភាព និងអភិវឌ្ឍធនធានមនុស្ស ដែលក្នុងនោះមានទាំងស្ត្រីផងដែរទាំងក្នុងវិស័យរដ្ឋនិងឯកជន តាមរយៈសិក្ខាសាលា វគ្គបណ្តុះបណ្តាលវែង-ខ្លី ទាំងដោយផ្ទាល់និងតាមប្រព័ន្ធអនឡាញ ដើម្បីបង្កើនសមត្ថភាពដល់ស្ត្រីឱ្យចេះសម្របខ្លួនទៅនឹងការផ្លាស់ប្តូរ ការបត់បែនប្រកបដោយភាពឆ្លាតវៃ និងការប្រកួតប្រជែង ប្រកបដោយនវានុវត្តន៍នៅក្នុងទីផ្សារការងារ ជាមួយនឹងការឈោងចាប់យកនូវបច្ចេកវិទ្យាឌីជីថល ដើម្បីក្លាយទៅជាសហគ្រិន និងបុគ្គលិកដ៏ជោគជ័យ ជាកត្តាឈានទៅពង្រឹងស្ថានភាពសេដ្ឋកិច្ចផ្ទាល់ខ្លួន គ្រួសារ សហគមន៍ និងសង្គមជាតិ។

លោកស្រី ហ៊ុន ដានី បានបន្ថែមថា ដោយឈរលើទស្សនវិស័យ «គិតពីប្រជាជន គិតពីសេដ្ឋកិច្ច និងគិតពីអនាគត» ក្រសួងទេសចរណ៍បាននិងកំពុងខិតខំជំរុញចលនាទេសចរណ៍ផ្ទៃក្នុង ដោយត្រូវអនុវត្តទៅតាមវិធានសុវត្ថិភាពទេសចរណ៍ នីតិវិធីប្រតិបត្តិស្តង់ដារអប្បបរមា (SOP) ក្នុងវិស័យទេសចរណ៍ និងបានយកឱកាសនៃវិបត្តិជំងឺកូវីដ-១៩ ពង្រឹងគុណភាពសេវាកម្ម អនាម័យ បដិសណ្ឋារកិច្ចឱ្យកាន់តែល្អ និងជំរុញបង្កើតផលិតផលទេសចរណ៍ថ្មីៗ ដើម្បីប្រសិទ្ធភាពនៃការបើកដំណើរការវិស័យទេសចរណ៍ឡើងវិញ សំដៅធ្វើយ៉ាងណាឱ្យស្ត្រីទទួលបាននូវឱកាសការងារបន្ថែមទៀតពីវិស័យមួយនេះ ពិសេសបានជំរុញឱ្យស្ត្រីមានការចូលរួមកាន់តែខ្លាំងក្លាតាមអភិក្រមផែនទីចង្អុលផ្លូវស្តីពីការស្តារនិងលើកស្ទួយវិស័យទេសចរណ៍ ក្នុងនិងក្រោយនៃវិបត្តិជំងឺកូវីដ-១៩។

ក្នុងឱកាសអបអរសាទរខួបលើកទី១១១ នៃទិវាអន្តរជាតិនារី ៨ មីនា ឆ្នាំ២០២២នេះ លោកស្រីរដ្ឋលេខាធិការ ហ៊ុន ដានី ក៏បានផ្ញើសារជូនដល់ស្ត្រីនិងអ្នកពាក់ព័ន្ធទាំងអស់ថា ដើម្បីទទួលបាននូវសមភាព ជាដំបូងស្ត្រីត្រូវខិតខំអភិវឌ្ឍខ្លួនឯងឱ្យក្លាយជាមនុស្សដែលមានសមត្ថភាព មានតម្លៃជាមុនសិន។ ទន្ទឹមនឹងនោះ គ្រប់ភាគីពាក់ព័ន្ធ គ្រប់តួអង្គពាក់ព័ន្ធត្រូវរួមគ្នាផ្តល់ឱកាស និងលើកទឹកចិត្តដល់ស្ត្រីឱ្យបានចូលរួមនៅគ្រប់សកម្មភាពសេដ្ឋកិច្ច-សង្គម ជាពិសេសលុបបំបាត់នូវផ្នត់គំនិត និងឥរិយាបថដែលមានការរើសអើងចំពោះស្ត្រី ដែលថាស្ត្រីជាភេទទន់ខ្សោយ ស្ត្រីបង្វិលចង្រា្កនមិនជុំ មកជាស្ត្រីជាដៃគូដែលមិនអាចខ្វះបាននៅគ្រប់ចរន្តនៃសកម្មភាពសេដ្ឋកិច្ច និងសង្គមវិញ៕