(កែប)៖ លោកអភិបាលខេត្ត សោម ពិសិដ្ឋ នាថ្ងៃទី៣ ខែមីនា ឆ្នាំ២០២២ បានដឹកនាំមន្ត្រីរាជការ កងកម្លាំង អាជ្ញាធរប្រជាពលរដ្ឋ និងអ្នកពាក់ព័ន្ធក្រោមឱវាទចូលរួមក្នុងពិធីអបអរសាទរទិវាជាតិទីក្រុងស្អាតលើកទី១០ ក្រោមប្រធានបទ «ទីក្រុងស្អាតគាំទ្រការបើកទេសចរណ៍កម្ពុជា» អមជាមួយពិធីផ្សព្វផ្សាយជំរុញការអនុវត្តនីតិវិធីស្តង់ដារអប្បរមា (SOP) តាមគន្លងប្រក្រតីភាពថ្មី សម្រាប់អាជីវកម្មវិស័យទេសចរណ៍ក្នុងខេត្តកែប។

លោក សោម ចិន្តា ប្រធានមន្ទីរទេសចរណ៍ខេត្តកែប បានលើកឡើងក្នុងរបាយការណ៍ថា ក្នុងឆ្នាំ២០២១កន្លងមកនេះ ខេត្តកែបទទួលបានភ្ញៀវទេសចរសរុបចំនួន៥៨៦,៣៤៧នាក់ ថយចុះ៥៨% ភ្ញៀវទេសចរជាតិចំនួន៥៨០,៣៤៤នាក់ ថយចុះ៥៧.៥០% និងភ្ញៀវទេសចរបរទេសចំនួន៦០០នាក់ ថយចុះ៨០.៣១%។ ចំពោះការអនុវត្តវិធានការក្នុងអំឡុងពេលកូវីដ-១៩ រហូតដល់បច្ចប្បន្ននេះ មានអាជីវកម្ម និងសេវាកម្មទេសចរណ៍ចំនួន៧៥ទីតាំង ទទួលបានឡាបិលវិធានសុវត្ថិភាពទេសចរណ៍ផងដែរ។

ក្នុងឱកាសនោះ លោក សោម ពិសិដ្ឋ បានអានសាលិខិតរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងជាប្រធានកិត្តិយសនៃគណៈកម្មាធិការជាតិវាយតម្លៃទីក្រុងស្អាត នាឱកាសទិវាជាតិទីក្រុងស្អាតលើកទី១០ ក្រោមប្រធានបទ «ទីក្រុងស្អាត គាំទ្រការបើកទេសចរណ៍កម្ពុជា» អមជាមួយការប្រកាសយុទ្ធនាការកម្ពុជាស្អាតឆ្ពោះទៅស្វាគមន៍ព្រឹត្តិការណ៍កីឡាស៊ីហ្គេម-អាស៊ានប៉ារ៉ាហ្គេម ឆ្នាំ២០២៣ (SEA Game 2023) ដែលមានខ្លឹមសារអំពាវនាវដល់គ្រប់ភាគីពាក់ព័ន្ធវចូលរួមអនុវត្តឱ្យបានផុលផុសប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់នូវចលនាប្រឡងប្រណាំងទីក្រុងស្អាត រមណីយដ្ឋានស្អាត សេវាល្អ បដិសណ្ឋារកិច្ចល្អ ដើម្បីឱ្យកម្ពុជាក្លាយជាគោលដៅទេសចរណ៍ប្រកបដោយគុណភាព និរន្តរភាព និងសុវត្ថិភាពសម្រាប់ការបើកទទួលស្វាគមន៍ភ្ញៀវទេសចរអន្តជាតិឡើងវិញ។

ក្នុងសារលិខិតដដែលនោះ សម្តេចបានដាក់ចេញនូវការងារអាទិភាពមួយចំនួនដើម្បីឆ្លើយតបនឹងប្រធានបទនៃទិវាជាតិទីក្រុងស្អាតឆ្នាំ២០២២ ដូចខាងក្រោម

១៖ គ្រប់ស្ថាប័នពាក់ព័ន្ធ រដ្ឋបាលថ្នាក់ក្រោមជាតិ និងផ្នែកឯកជនត្រូវបន្តចូលរួមអនុវត្តប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់លើវិធាន ឬបទដ្ឋានគតិយុត្តដែលបានដាក់ចេញ រួមមាន វិធានសុវត្ថិភាពទេសចរណ៍ នីតិវិធីប្រតិបត្តិស្តង់ដាអប្បរមា (SOP) សម្រាប់សេវាកម្មទេសចរណ៍ ស្របតាមគន្លងប្រក្រតីភាពថ្មី និងវិធានការនានារបស់រាជរដ្ឋាភិបាល ដើម្បីបន្តចូលរួមទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ១៩ និងស្តារនូវទំនុកចិត្ត និងភាពជឿជាក់លើគ្រប់ខ្សែច្រវាក់ផលិតកម្មក្នុងវិស័យទេសចរណ៍ ដើម្បីត្រៀមខ្លួនទទួលស្វាគមន៍ភ្ញៀវទេសចរ និងព្រឹត្តិការណ៍កីឡាស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេម ឆ្នាំ២០២៣។ ដូច្នេះត្រូវរៀបចំយុទ្ធនាការប្រឡងប្រណាំងរាជធានី-ខេត្ត ដែលបានស្នាដៃឆ្នើមក្នុងការអនុវត្តវិធានសុវត្ថិភាពទេសចរណ៍។

២៖ គ្រប់ស្ថាប័នពាក់ព័ន្ធ រដ្ឋបាលថ្នាក់ក្រោមជាតិ និងផ្នែកឯកជនត្រូវយកចិត្តទុកដាក់បន្តចូលរួមជំរុញនិងស្តារវិស័យទេសចរណ៍ឡើងវិញ តាមរយៈការជំរុញការអនុវត្តនូវផែនការយុទ្ធសាស្រ្តនានារបស់រាជរដ្ឋាភិបាល ដែលបានដាក់ចេញដើម្បីលើកស្ទួយវិស័យទេសចរណ៍ សំដៅប្រែក្លាយកម្ពុជាជាគោលដៅទេសចរណ៍ប្រកបដោយគុណភាព សុវត្ថិភាព និងនិរន្តរភាព ដែលនឹងផ្តល់ផ្លែផ្កាចួលរួមទ្រទ្រង់ដល់ការងើបឡើងវិញនៃកំណើនសេដ្ឋកិច្ចពីវិបត្តិជំងឺកូវីដ១៩ រួមមាន ផែនទីចង្អុលផ្លូវស្តីពីផែនការស្តារនិងលើកស្ទួយវិស័យទេសចរណ៍មុននិងក្រោយវិបត្តិកូវីដ១៩ វិធានការគោលនយោបាយជំរុញចលនាទេសចរណ៍ផ្ទៃក្នុងឆ្នាំ២០២១-២០២៣ និងផែនការយុទ្ធសាស្រ្តស្តីពីការបើកទទួលទេសចរណ៍វ៉ាក់សាំង។

៣៖ គ្រប់ស្ថាប័នពាក់ព័ន្ធ គណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាអាស៊ីអាគ្នេយ៍លើកទី៣២ ឆ្នាំ២០២៣ សហភាពសហព័ន្ធយុវជនកម្ពុជា និងផ្នែកឯកជនត្រូវរួមគា្នលើកកម្ពស់កិត្តិយស និងមុខមាត់កម្ពុជា តាមរយៈឥទ្ធិពលព្រឹត្តិការណ៍កីឡាស៊ីហ្គេម អាស៊ានប៉ារ៉ាហ្គេម ឆ្នាំ២០២៣ ក្នុងការដាក់ចេញយុទ្ធនាការអប់រំសង្គម និងផ្សព្វផ្សាយយុទ្ធនាការកម្ពុជាស្អាតឱ្យបានកាន់តែសកម្ម និងផុលផុសសំដៅសម្រេចបានការអភិវឌ្ឍប្រកបដោយភាពស្អាត និងបៃតងនៅក្នុងទីក្រុងកម្ពុជាទាំងមូល ដើម្បីត្រៀមទទួលសា្វគមន៍ភ្ញៀវទេសចរក្នុងព្រឹត្តិការណ៍នេះ។

៤៖ ប្រជាពលរដ្ឋ និងភ្ញៀវទេសចរគ្រប់រូបត្រូវប្រកាន់ខ្ជាប់នូវការរស់នៅតាមគន្លងប្រក្រតីភាពថ្មី ពិសេសទម្លាប់នៃការរស់នៅជាមួយភាពស្អាត និងអនាម័យ រួមជាមួយការអនុវត្តតាមវិធានសុខាភិបាល និងវិធាននានារបស់រាជរដ្ឋាភិបាល ដើម្បីចូលរួមទប់ស្កាត់ការចម្លងជំងឺកូវីដ-១៩៕