(ភ្នំពេញ)៖ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងក្រសួងពាណិជ្ជកម្ម បានចេញសេចក្តីជូនដំណឹងក្រើនរំលឹកដល់ម្ចាស់ ឬនាយករោងចក្រ សហគ្រាសដែលផលិត និងនាំចេញផលិតផលវាយនភណ្ឌ និងកាត់ដេរសម្លៀកបំពាក់ និងផលិតផលធ្វើដំណើរនិងកាបូបទាំងអស់ ចូលរួមអនុវត្តគម្រោងរោងចក្រកាន់តែប្រសើរនៅកម្ពុជាលើវិស័យនេះ។

១៖ ត្រូវចុះបញ្ជី និងបង់វិភាគទានហិរញ្ញវត្ថុទ្រទ្រង់គម្រោងរោងចក្រកាន់តែប្រសើរនៅកម្ពុជា (Better Factories Cambodia – BFC) តាមរយៈសមាគមរោងចក្រកាត់ដេរនៅកម្ពុជា (Garment Manufacturers Association in Cambodia – GMAC) ស្របតាមស្មារតីនៃអនុស្សរណៈនៃការយោគយល់គ្នារវាងរាជរដ្ឋាភិបាលកម្ពុជា សមាគមរោងចក្រកាត់ដេរនៅកម្ពុជា និងអង្គការអន្តរជាតិខាងការងារ ចុះថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០១៩។

២៖ ត្រូវមានវិញ្ញាបនបត្របញ្ជាក់អនុលោមភាពលក្ខខណ្ឌការងារ ដែលចេញដោយគណៈកម្មការផ្តល់វិញ្ញាបនបត្របញ្ជាក់អនុលោមភាពលក្ខខណ្ឌការងារ នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ដើម្បីបញ្ជាក់អំពីស្ថានភាពលក្ខខណ្ឌការងារប្រចាំរោងចក្រ សហគ្រាស ស្របតាមប្រកាសលេខ៤៣៤/២០ ក.ប/ប្រ.ក.ខ.ល ចុះថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២០ ស្តីពីការផ្តល់វិញ្ញាបនបត្របញ្ជាក់អនុលោមភាពលក្ខខណ្ឌការងារ។ សម្រាប់ឆ្នាំ២០២២នេះ រោងចក្រ សហគ្រាសអាចស្នើសុំវិញ្ញាបនបត្របញ្ជាក់អនុលោមភាពលក្ខខណ្ឌការងារប្រចាំឆ្នាំ២០២២ ក្នុងរបបស្វ័យប្រកាសអធិការកិច្ចការងារតាមប្រព័ន្ធស្វ័យប្រវត្តិកម្ម តាមរយៈគេហទំព័រ https://sicms.mlvt.gov.kh/ របស់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ចាប់ពីថ្ងៃជូនដំណឹងនេះតទៅ។

៣៖ ចាប់ពីថ្ងៃទី១ ខែមេសា ឆ្នាំ២០២២តទៅ រោងចក្រ សហគ្រាស ដែលផលិតនិងនាំចេញផលិតផលវាយនភណ្ឌ និងកាត់ដេរសម្លៀកបំពាក់ និងផលិតផលធ្វើដំណើរនិងកាបូប ដែលមិនបានចុះបញ្ជី និងបង់វិភាគទានហិរញ្ញវត្ថុទ្រទ្រង់គម្រោងរោងចក្រកាន់តែប្រសើរនៅកម្ពុជា និងមិនមានវិញ្ញាបនបត្របញ្ជាក់ អនុលោមភាពលក្ខខណ្ឌការងារប្រចាំឆ្នាំដែលចេញដោយក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នឹងមិនទទួលបានសិទ្ធិក្នុងការនាំចេញទំនិញទៅបរទេសពីក្រសួងពាណិជ្ជកម្មឡើយ៕

ខាងក្រោមនេះជាសេចក្តីជូនដំណឹងរបស់ក្រសួងការងារ និងក្រសួងពាណិជ្ជកម្ម៖