(ភ្នំពេញ)៖ នៅព្រលប់ថ្ងៃទី០៣ ខែមីនា ឆ្នាំ២០២២នេះ ក្រុមមេធាវីតំណាង រាជរដ្ឋាភិបាលកម្ពុជា ដែលជាដើមបណ្តឹងក្នុងសំណុំរឿងលោក កឹម សុខា បានចេញសេចក្តីបំភ្លឺ ជូនសាធារណជន តាមរយៈបណ្តាញព័ត៌មាន Fresh News ដើម្បីឆ្លើយតបចំពោះការព្យាយាមផ្សព្វផ្សាយបំផ្លើសរបស់ជនជាប់ចោទ និងសហមេធាវីការពារក្តីឱ្យជនជាប់ចោទ កឹម សុខា។

មេធាវី គី តិច, មេធាវី លី ច័ន្ទតុលា, មេធាវី ចេង ប៉េងហាប់ និងមេធាវី សាន់ ជួយ ជាសហមេធាវីតំណាងរាជរដ្ឋាភិបាលកម្ពុជា និងជាតំណាងដើមបណ្តឹងរដ្ឋប្បវេណី ក្នុងសំណុំរឿងព្រហ្មទណ្ឌ ដែលមានឈ្មោះ កឹម សុខា ជាជនជាប់ចោទ ក្នុងបទ «សន្ទិដ្ឋិភាពជាមួយបរទេស»។

សូមធ្វើការបញ្ជាក់ជូនជាសាធារណ:ដូចខាងក្រោម៖

ក្នុងរយៈពេលថ្មីៗនេះ ជាពិសេសក្រោយពេលសវនាការកាល ពីថ្ងៃទី២៣ ខែកុម្ភៈ និងសវនាការនាថ្ងៃទី២ ខែមីនា ឆ្នាំ២០២២ សហមេធាវីការពារក្តីឱ្យជនជាប់ចោទ កឹម សុខា បានព្យាយាមបំភ្លៃការពិតថា តុលាការពុំមានភស្តុតាងគ្រប់គ្រាន់ដើម្បីចោទប្រកាន់ ឬដាក់បន្ទុកលើជនជាប់ចោទ កឹម សុខា ពីបទសន្ទិដ្ឋិភាពជាមួយបរទេស តាមបញ្ញត្តិមាត្រា៤៤៣ នៃក្រមព្រហ្មទណ្ឌឡើយ។ តាមរយៈនេះក្នុងនាមជាសហមេធាវីតំណាងឱ្យដើមបណ្តឹងរដ្ឋប្បវេណី សូមធ្វើការបំភ្លឺតបវិញថា៖

តាមគោលការណ៍នីតិវិធីព្រហ្មទណ្ឌនៃព្រះរាជាណាចក្រកម្ពុជា គ្រប់ភាគីទាំងអស់ក្នុងសំណុំរឿងអាចដាក់បញ្ចូលភស្តុតាងដោយសេរីជូនតុលាការពិនិត្យ និងពិភាក្សាដេញដោល ដើម្បីធ្វើជាមូលដ្ឋាន ក្នុងការដាក់បន្ទុក ឬដោះបន្ទុក និងសន្និដ្ឋាន។ ជាក់ស្តែងនីតិវិធីដែលបានអនុវត្តក្នុងរយៈពេលបីសប្តាហ៍កន្លងមកនេះ គឺស្ថិតក្នុងដំណាក់កាល ពិនិត្យលើភស្តុតាង ដែលបានដាក់ចូលតុលាការដោយជនជាប់ចោទ កឹម សុខា និងសហមេធាវីការពារក្តីឱ្យជនជាប់ចោទ កឹម សុខា ហេតុដូច្នេះពុំមានភាពចម្លែកទេ ដែលជនជាប់ចោទ កឹម សុខា និងសហមេធាវីរបស់ខ្លួន កំពុងប្រឹងប្រែងធ្វើការដោះបន្ទុកពីការចោទប្រកាន់ និងដាក់បន្ទុកដែលមានភាពរឹងមាំពីតំណាងអយ្យការ។

ការព្យាយាមផ្សព្វផ្សាយបំផ្លើសរបស់ជនជាប់ចោទ និងសហមេធាវីការពារក្តីឱ្យជនជាប់ចោទ កឹម សុខា ក្នុងករណីខាងលើនេះ គឺវាគ្រាន់តែជាចេតនាបំភ្លៃ និងបំភ័ន្តមតិសាធារណៈជាតិ និងអន្តរជាតិតែប៉ុណ្ណោះ។

បើទោះបីជាជនជាប់ចោទ កឹម សុខា និងសហមេធាវីការពារក្តីឱ្យជនជាប់ចោទ កឹម សុខា បានដាក់បញ្ចូលភស្តុតាងមួយចំនួនក្នុងសំណុំរឿងក៏ដោយ ក៏ពុំអាចធ្វើការដោះបន្ទុកពីការចោទប្រកាន់បានឡើយ ពីព្រោះថាបើពិនិត្យលើភស្តុតាងដាក់បន្ទុកដទៃជាច្រើនទៀត ក្នុងសំណុំរឿងគឺមានភាពច្បាស់លាស់ណាស់ ដែលបង្ហាញអំពីភាពស៊ីសង្វាក់នៃការប្រព្រឹត្តបទល្មើសរបស់ជនជាប់ចោទ កឹម សុខា ក្នុងការរៀបចំផែនការផ្តួលរំលំរដ្ឋាភិបាលតាមរយៈការ ត្រូវរ៉ូវគ្នាជាមួយបរទេស ក្នុងគោលដៅធ្វើបដិវត្តពណ៌នៅកម្ពុជា។ ក្នុងនោះភស្តុតាងសំខាន់បំផុត គឺឃ្លីបវីដេអូដែលជនជាប់ចោទ កឹម សុខា បានថ្លែងអំពីផែនការសម្ងាត់របស់ខ្លួន និងចេតនារៀបចំសម្រាប់ផ្តួលរំលំរដ្ឋាភិបាលស្របច្បាប់ទៅកាន់អ្នកគាំទ្រ និងសកម្មជនរបស់ខ្លួននៅទីក្រុងម៉ែលប៊ន (Melbourne) ហើយត្រូវបានផ្សព្វផ្សាយជាសាធារណៈ ដោយបណ្តាញព័ត៌មាន CBN (Cambodian Broadcasting Network) កាលពីថ្ងៃទី២៣ ខែសីហា ឆ្នាំ២០១៥។ ប្រជាជនដែលបានមើលវីដេអូ គឺអាចដឹងបានអំពីផែនការផ្តួលរំលំរដ្ឋាភិបាលស្របច្បាប់ ដោយឃុបឃិតគ្នាជាមួយបរទេស។

បន្ថែមពីលើនេះជនជាប់ចោទ កឹម សុខា ខ្លួនឯងផ្ទាល់ ក៏បានយកវីដេអូនេះមកដាក់ធ្វើជាភស្តុតាង នៅក្នុងតុលាការ ហើយក៏បានទទួលស្គាល់ថាឃ្លីបវីដេអូនេះពិតជារបស់ខ្លួន ដែលបានថ្លែងទៅកាន់អ្នកគាំទ្រនៅទីក្រុងម៉ែលប៊ន (Melbourne) ពិតប្រាកដមែន។ ចំណុចនេះតាមបទពិសោធន៍ជាមេធាវីការពារក្តីក្នុងសំណុំរឿងព្រហ្មទណ្ឌកន្លងមក សហមេធាវីតំណាងឱ្យដើមបណ្តឹងរដ្ឋប្បវេណី យល់ឃើញថា នេះជាសំណុំរឿងមួយដែលមានភស្តុតាងគ្រប់គ្រាន់ ក្នុងការដាក់បន្ទុកនិងចោទប្រកាន់ជនជាប់ចោទ កឹម សុខា ពីបទសន្ទិដ្ឋិភាពជាមួយបរទេស និងជាបទល្មើសព្រហ្មទណ្ឌ។

អាស្រ័យហេតុដូច្នេះ សូមសាធារណៈមតិជាតិ និងអន្តរជាតិ មេត្តាជ្រាប៕