(ភ្នំពេញ)៖ លោក សុខ ឥសាន អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា បានប្រាប់អង្គភាព Fresh News នៅព្រឹកនេះថា លោកនឹងចូល បំភ្លឺតាមការកោះហៅរបស់តុលាការ នៅថ្ងៃទី ០៦ ខែឧសភា ឆ្នាំ២០១៦ ខាងមុខនេះ ហើយថា លោក គី តិច មេធាវីរបស់លោក បានត្រៀមភស្តុតាង និងឯកសារគ្រប់គ្រាន់ហើយ ដើម្បីផ្តល់ជូនដល់តុលាការ សម្រាប់ករណីប្តឹងលោក អ៊ូ វីរៈ។
លោក សុខ ឥសាន បានបញ្ជាក់ថា ភស្តុតាងគឺជាសំឡេងរបស់ លោក អ៊ូ វីរៈ ដែលបានលើកឡើងនៅក្នុងវិទ្យុអាស៊ីសេរី ដែលមានខ្លឹម គ្រប់គ្រាន់សម្រាប់ឱ្យគណបក្សប្រជាជនកម្ពុជា ប្តឹងពីបទបរិហារកេរ្តិ៍។
កាលពីថ្ងៃទី០២ ខែឧសភា ម្សិលមិញ លោក សៀង សុខ ព្រះរាជអាជ្ញារង អមសាលាដំបូងរាជធានីភ្នំពេញ បានចេញដីការ២ដាច់ ដោយឡែកពីគ្នា ក្នុងនោះ លោកបានកោះហៅ លោក អ៊ូ វីរៈ ប្រធានវេទិកាអនាគតកម្ពុជា ឲ្យចូលបំភ្លឺនៅថ្ងៃទី១២ ខែឧសភា ឆ្នាំ២០១៦ តាមបណ្តឹងរបស់ CPP ហើយកោះហៅ លោក សុខ ឥសាន អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា បំភ្លឺនៅថ្ងៃទី៦ ខែឧសភា នៅក្នុងនាម ជាដើមបណ្តឹង។
ដើមហេតុដែលឈានដល់ការដាក់ពាក្យប្តឹងអ្នកវិភាគរូបនេះ ត្រូវបានមន្រ្តីគណបក្សប្រជាជនបញ្ជាក់ថា ដោយសារតែលោក បាននិយាយ វាយប្រហារបែបចោទប្រកាន់មកលើគណបក្សប្រជាជនកម្ពុជា ចំពោះករណីស្នេហារវាង លោក កឹម សុខា និង កញ្ញា ខុម ចាន់តារាទីហៅស្រីមុំ ដែលថាគណបក្សប្រជាជនបានព្យាយាមសង្កត់បក្សប្រឆាំងតាមមធ្យោបាយ នេះ។
ទោះជាយ៉ាងនេះក្តី តាមបណ្តាញសារព័ត៌មានមួយចំនួន លោក អ៊ូ វីរៈ ប្រធានវេទិកាអនាគតកម្ពុជា ដែលរងនូវពាក្យបណ្តឹងនេះ បានអះអាងថា លោកនឹងចូលបំភ្លឺតាមការកោះហៅរបស់តុលាការ នៅថ្ងៃទី១២ ខែឧសភា ឆ្នាំ២០១៦ ខាងមុខនេះ។ អង្គភាព Fresh News បានព្យាយាមទូរស័ព្ទទៅ លោក អ៊ូ វីរៈ ប្រធានវេទិកាអនាគតកម្ពុជា ដើម្បីបញ្ជាក់ជុំវិញបណ្តឹងខាងលើដែរ ប៉ុន្តែទូរស័ព្ទ លើកហើយ តែមិនមានការសន្ទនាឆ្លើយតបវិញទេ៕