(ភ្នំពេញ)៖ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុនរ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជានៅថ្ងៃទី៣ ខែមីនា ឆ្នាំ២០២២នេះ បានទូលថ្វាយសារលិខិតថ្វាយព្រះពរសម្តេចព្រះមហាក្សត្រី នរោត្តមមុនិនាថសីហនុព្រះវររាជមាតាជាតិខ្មែរ ព្រះប្រធានកិត្តិយសកាកបាទក្រហមកម្ពុជា ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ក្នុងឱកាសខួបទី១១១ ទិវាអន្តរជាតិនារី ៨មីនា ឆ្នាំ២០២២។

សារលិខិតថ្វាយព្រះពរនោះមានខ្លឹមសារថា៖ «ក្នុងឱកាសប្រកបដោយមហានក្ខត្តឫក្សឧត្តុង្គឧត្តម ដែលនារីនៅទូទាំងព្រះរាជាណាចក្រកម្ពុជាក៏ដូចនារី នៅទូទាំងសកលលោកចូលរួមអបអរខួបទី១១១ ទិវាអន្តរជាតិនារី៨មីនាក្រោមមូលបទ «សមភាពយេនឌ័រថ្ងៃនេះដើម្បីចីរភាពនាពេលអនាគត» ខ្ញុំម្ចាស់ព្រមទាំងសហការីនៃកាកបាទក្រហមកម្ពុជា សូមព្រះបរមរាជានុញ្ញាតលំឱនកាយ ថ្វាយព្រះសព្ទសាធុការពរបវរសួស្តីសិរីមហាប្រសើរ ថ្វាយសម្តេចព្រះមហាក្សត្រីព្រះវររាជមាតាជាតិខ្មែរជាទីគោរពស្រឡាញ់ ស្មើនឹងជីវិតសូមព្រះអង្គទ្រង់ប្រកបដោយព្រះរាជសុខភាពល្អជានិច្ចនិរន្តរ៍ ព្រះពលានុភាពមាំមួនខ្លាំងក្លាព្រះជន្មាទីឃាយុយឺនយូរ ជាងរយព្រះវស្សា ដើម្បីសម្តេចម៉ែស្តេចគង់ប្រថាប់ជាម្លប់ អម្រឹតត្រជាក់ត្រជំដល់ប្រជានុរាស្ត្រជាកូនចៅចៅទួត របស់ព្រះអង្គគ្រប់រូបនៅទូទាំងប្រទេស ជ្រកកោនប្រកបដោយក្តីសុខដុមរមនាជាដរាបតរៀងទៅ។

ក្នុងអភិលក្ខិតសម័យដ៏មហាថ្លៃថ្លានេះ ខ្ញុំម្ចាស់និងសហការីសូមលំឱនកាយថ្វាយ នូវព្រះមហាករុណាទិគុណប្រកបដោយកតញ្ញូកតវេទិតាធម៌ដ៏ជ្រាលជ្រៅ ជាអតិបរមាចំពោះព្រះរាជសារ របស់សម្ដេចព្រះមហាក្សត្រីព្រះវររាជមាតាជាតិខ្មែរដែលព្រះអង្គបានប្រោសព្រះរាជទានព្រះរាជតម្រិះគាំទ្រ នូវមូលបទនៃទិវាអន្តរជាតិនារី ៨មីនា ឆ្នាំ២០២២ ផ្តោតជាសំខាន់លើគុណតម្លៃស្ត្រីក្នុងគោលបំណង រំលេចពីតម្លៃនៃការទទួលបាននូវសមភាពរវាងស្រ្តី និងបុរសលើកិច្ចអភិវឌ្ឍនៅគ្រប់កម្រិតគ្រប់វិស័យ និងគ្រប់កាលៈទេសៈ។

លើសពីនេះទៅទៀត សម្ដេចព្រះមហាក្សត្រីព្រះវររាជមាតាជាតិខ្មែរ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត តែងប្រកាន់ខ្ជាប់នូវព្រះរាជទសពិធរាជធម៌ និងព្រះមនុស្សធម៌ដោយព្រះរាជហឫទ័យជ្រះថ្លាប្រោសព្រះរាជទាននូវអភិរម្យ ដ៏ត្រជាក់ត្រជំជាមួយការផ្ញើសេចក្តីនឹករលឹក មកដល់បងប្អូនកូនចៅចៅទួតរបស់ព្រះអង្គ ជាពិសេសហ្លួងម៉ែជាអម្ចាស់ជីវិតតម្កល់លើត្បូងជានិច្ចកាល ស្តេចតែងមានព្រះរាជហឫទ័យទូលំទូលាយ ប្រោសព្រះរាជទាននូវព្រះរាជូបត្ថម្ភបរិច្ចាគព្រះរាជទ្រព្យផ្ទាល់ព្រះកាយព្រះអង្គ ចំពោះកាកបាទក្រហមកម្ពុជាជាបន្តបន្ទាប់ ដើម្បីជួយសម្រាលទុក្ខលំបាកប្រជានុរាស្ត្ររងគ្រោះ ដោយគ្រោះធម្មជាតិចម្លែកៗ និងអ្នកដែលរងផលប៉ះពាល់ដោយសារជំងឺកូវីដ-១៩ ព្រមទាំងមានព្រះរាជកិច្ចគាំទ្រជាស្មារតី ក្នុងគ្រប់ពេលវេលាដែលជាបុព្វបទ នៃជោគជ័យរបស់កាកបាទក្រហមកម្ពុជា ដោយព្រះរាជហឫទ័យជ្រះថ្លា ជាអនេកប្បការនិងជាភិយ្យោភាពបំផុត។

ស្ថិតក្នុងវរោកាសដ៏វិសេសវិសាលឧត្តុង្គឧត្តមនេះ ខ្ញុំម្ចាស់និងសហការីសូមលើកហត្ថប្រណមឧទ្ទិសបួងសួង ដល់តេជះបារមីដួងព្រះវិញ្ញាណក្ខន្ធអតីតព្រះមហាក្សត្រព្រះមហាក្សត្រិយានីខ្មែរ គ្រប់ព្រះអង្គជាពិសេសដួងព្រះវិញ្ញាណក្ខន្ធ ព្រះករុណាព្រះបរមរតនកោដ្ឋ សូមប្រោសព្រះរាជទានព្រះពរជ័យមហាប្រសើរ ថ្វាយសម្តេចព្រះមហាក្សត្រីព្រះវររាជមាតាជាតិខ្មែរ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត សូមព្រះអង្គស្តេចទ្រង់ប្រកបដោយព្រះពុទ្ធពរទាំងបួនប្រការ គឺអាយុវណ្ណៈសុខៈពលៈកុំបីឃ្លៀងឃ្លាតឡើយ។

សូមសម្ដេចព្រះមហាក្សត្រីព្រះវររាជមាតាជាតិខ្មែរ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុតទ្រង់ប្រោសព្រះរាជមេត្តា ទទួលនូវអភិវន្ទនាការនិងកតញ្ញុតាធម៌ដ៏ខ្ពង់ខ្ពស់បំផុតអំពីខ្ញុំម្ចាស់»៕

ខាងក្រោមនេះជាខ្លឹមសារទាំងស្រុង នៃសារលិខិតថ្វាយព្រះពររបស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុនរ៉ានី ហ៊ុនសែន ទូលថ្វាយសម្តេចព្រះមហាក្សត្រីព្រះវររាជមាតាជាតិខ្មែរ៖