(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា នៅថ្ងៃអង្គារនេះ បានអំពាវនាវឱ្យប្រជាពលរដ្ឋ ក៏ដូចជាអាជ្ញាធរពាក់ព័ន្ធ រួមគ្នារៀបចំសណ្តាប់ធ្នាប់ចរាចរណ៍ឱ្យបានល្អ នៅមុខប្រាសាទអង្គរវត្ត ដើម្បីបង្កើនសោភ័ណភាព និងបង្កភាពងាយស្រួល ក្នុងការធ្វើដំណើរ។
នៅលើបណ្តាញសង្គម Facebook នាថ្ងៃទី០៣ ខែឧសភា ឆ្នាំ២០១៦នេះ សម្តេចតេជោ បានលើកឡើងថា «យើងនាំគ្នាចូលរួមរៀបចំ ឱ្យមានសណ្តាប់ធ្នាប់ចរាចរណ៍ល្អ នៅមុខប្រាសាទអង្គរវត្ត ដើម្បីលើកស្ទួយ កិត្យានុភាពនៃសម្បត្តិវប្បធម៌ពិភពលោកដ៏ល្បីល្បាញ»។
ផ្លូវមុខប្រាសាទអង្គរវត្ត ត្រូវបានអាជ្ញាធរបិទចរាចរចាប់ពី ខែឧសភា ឆ្នាំ២០១៦តទៅ ដោយមិនអនុញ្ញាតឱ្យរថយន្តឬម៉ូតូធ្វើដំណើរ ដូចមុននោះទេ។ ផ្លូវនេះគ្រាន់តែអនុញ្ញាតឱ្យ អ្នកថ្មើជើង ដើរឬជិះកង់ប៉ុណ្ណោះ ដើម្បីកាត់បន្ថយការកកស្ទះ ដូចកន្លងមក។
សម្តេចតេជោ ហ៊ុន សែន បានបន្ថែមទៀតថា «ចាប់ពីពេលនេះតទៅ គឺមានតែអ្នកទេសចរថ្មើជើង និងអ្នកជិះកង់ឬក្នុងករណីបន្ទាន់ ផ្សេងៗដូចជារថយន្តពន្លត់អគ្គីភ័យ និងរថយន្តសង្គ្រោះបន្ទាន់ប៉ុណ្ណោះដែលអនុញ្ញាត្តឱ្យធ្វើដំណើរត្រង់ទៅមុខប្រាសាទអង្គរវត្តបាន។ នេះគឺដើម្បីសម្រួលការកកស្ទះចរាចរណ៍ ការថែរក្សាសណ្តាប់ធ្នាប់សុវត្ថិភាពទេសចរណ៍ និងលើកសោភ័ណភាពបរិវេណមុខ អង្គរអច្ឆរិយៈនៃព្រះរាជាណាចក្រកម្ពុជា»។
សេចក្ដីប្រកាសរបស់គ្រឹះស្ថានអង្គរ បានឲ្យដឹងថា អំឡុងខែមេសា ឆ្នាំ២០១៦នេះ ភ្ញៀវទេសចរបរទេសបានទិញបណ្ណចូលទស្សនា រមណីយដ្ឋានអង្គរ ចំនួន១៤៦,១៩៦នាក់។ ចំនួននេះ បានថយចុះ៤.៨០% បើប្រៀបធៀបទៅនឹងខែមេសា ឆ្នាំ២០១៥។ ដោយឡែក ចំណូលពីការលក់សំបុត្រចូលទស្សនាអង្គរវត្ត មានចំនួន ៤,១៤៨,៥៦០ដុល្លារ ថយ៣.៧៦%។ ជាមួយគ្នានេះ បើគិត៤ខែដើមឆ្នាំ ២០១៦វិញ ភ្ញៀវទេសចរបរទេសបានទិញបណ្ណចូលទស្សនា រមណីយដ្ឋានអង្គរមានចំនួន ៨៤៧,៥៥៤នាក់ ទទួលបានប្រាក់ចំណូល ២៤,៥០០,១៦០ដុល្លារអាមេរិក៕