(ភ្នំពេញ)៖ រដ្ឋមន្ត្រីការបរទេសអាស៊ាន នៅថ្ងៃទី៣ ខែមីនា ឆ្នាំ២០២២នេះ បានចេញសេចក្តីថ្លែងការណ៍ ដោយអំពាវនាវឱ្យមានបទឈប់បាញ់នៅអ៊ុយក្រែន និងមានការព្រួយបារម្មណ៍យ៉ាងខ្លាំងចំពោះស្ថានការណ៍ដែលកាន់តែធ្ងន់ធ្ងរ និងស្ថានភាពមនុស្សធម៌ដែលធ្លាក់ចុះកាន់តែដុនដាបនៅពេលនេះ។ នេះបើតាមសេចក្តីថ្លែងការណ៍របស់រដ្ឋមន្រ្តីការបរទេសអាស៊ាន ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅល្ងាចថ្ងៃនេះ។

សេចក្តីថ្លែងការណ៍បានបញ្ជាក់ថា រដ្ឋមន្ត្រីការបរទេសអាស៊ាន មានការព្រួយបារម្មណ៍យ៉ាងខ្លាំងចំពោះស្ថានការណ៍ដែលកាន់តែធ្ងន់ធ្ងរ និងស្ថានភាពមនុស្សធម៌ដែលធ្លាក់ចុះកាន់តែដុនដាប ដែលបណ្តាលមកពីអរិភាពយោធា
ដែលកំពុងបន្តនៅក្នុងប្រទេសអ៊ុយក្រែន។ ដូច្នេះហើយ យើងសូមអំពាវនាវឱ្យមានបទឈប់បាញ់ជាបន្ទាន់ ឬកិច្ចព្រមព្រៀងឈប់បាញ់ និងការបន្តការសន្ទនានយោបាយដែលនឹងនាំទៅរកសន្តិភាពប្រកបដោយចីរភាពនៅអ៊ុយក្រែន។ យើងគូសបញ្ជាក់ពីសារៈសំខាន់នៃបទឈប់បាញ់ដើម្បីបង្កើតបរិយាកាសអំណោយផលសម្រាប់ការចរចាដើម្បីដោះស្រាយវិបត្តិបច្ចុប្បន្ន និងជៀសវាងការឈឺចាប់របស់ប្រជាជនស្លូតត្រង់ ដែលកាន់តែកើនឡើង។

ជាមួយគ្នានេះ នៅក្នុងសេចក្តីថ្លែងការណ៍របស់ខ្លួន ប្រមុខការទូតអាស៊ានទាំង១០ប្រទេស បានរំលឹកឡើងវិញនូវសេចក្តីថ្លែងការណ៍ថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២២ ដោយបានបញ្ជាក់នូវការជឿជាក់របស់យើងថា នៅតែមានឱកាសនៃការសន្ទនាដោយសន្តិវិធី ដើម្បីគ្រប់គ្រងបាននូវស្ថានការណ៍ និងបញ្ឈប់ការកើនឡើងនៃការបាត់បង់ជីវិត និងរបួសជនស៊ីវិល និងយោធា ព្រមទាំងផលប៉ះពាល់អវិជ្ជមានដែលកើតមាននៅទូទាំងពិភពលោក។ ក្នុងន័យនេះ អាស៊ានបានត្រៀមខ្លួនរួចជាស្រេចក្នុងការសម្របសម្រួលកិច្ចសន្ទនាដោយសន្តិវិធីក្នុងចំណោមភាគីពាក់ព័ន្ធ តាមគ្រប់មធ្យោបាយដែលអាចធ្វើទៅបាន៕

ខាងក្រោមនេះជាសេចក្តីថ្លែងរបស់រដ្ឋមន្រ្តីការបរទេសអាស៊ាន៖