(រតនគិរី)៖ ក្នុងកិច្ចប្រជុំសាមញ្ញលើកទី៣៣ នាថ្ងៃទី៣ ខែមីនា ឆ្នាំ២០២២នេះ ក្រុមប្រឹក្សាខេត្តរតនគិរីបានជំរុញដល់អាជ្ញាធរមូលដ្ឋាននៅតាមក្រុង-ស្រុក កងកម្លាំងទាំងបីប្រភេទ និងមន្ទីរពាក់ព័ន្ធត្រូវបន្តចូលរួមថែរក្សាសន្តិសុខសណ្តាប់ធ្នាប់ និងជួយផ្សព្វផ្សាយប្រាប់ពលរដ្ឋពីជំងឺកូវីដ-១៩ ពិសេសប្រភេទបំប្លែងថ្មីអូមីក្រុង ព្រមទាំងជួយជំរុញឱ្យប្រជាជនទៅទទួលការចាក់វ៉ាក់ឱ្យបានគ្រប់គ្នា។

ក្នុងកិច្ចប្រជុំសាមញ្ញនោះដែរ លោក ណាប់ ប៊ុនហេង ប្រធានក្រុមប្រឹក្សាខេត្តរតនគិរី បានណែនាំដល់អាជ្ញាធរពាក់ព័ន្ធ និងមន្រ្ដីរាជការទាំងអស់បន្ដផ្សព្វផ្សាយឲ្យប្រជាពលរដ្ឋយល់ដឹងពីផលប៉ះពាល់ និងវិធីការពារពីជំងឺកូវីដ១៩បន្ថែមទៀត និងត្រូវបន្ដក្រើនរំលឹកដល់ពួកគាត់កុំឲ្យមានការធ្វេសប្រហែស ភ្លេចការពារខ្លួនទោះបីជាពួកគាត់បានចាក់វ៉ាក់សាំងការពារបានគ្រប់ដូសក៏ដោយ គឺមិនត្រូវភ្លេចការអនុវត្តតាមវិធានការ ៣ការពារ ៣កុំ តាមការណែនាំជានិច្ចទើបអាចការពារខ្លួនកាន់តែប្រសើរពីជំងឺនេះ។

លោក យឹម ផែន អភិបាលខេត្តស្ដីទីខេត្តរតនគិរី បានជំរុញដល់អាជ្ញាធរ ក្រុមគ្រូពេទ្យនិងជំនាញពាក់ព័ន្ធក្នុងការចូលរួមទប់ស្កាត់បាននូវការរីករាលដាលនូវជំងឺកូវីដ១៩។ លោកបានស្នើជំនាញពាក់ព័ន្ធបន្ដផ្សព្វផ្សាយ និងណែនាំឱ្យប្រជាពលរដ្ឋទាំងអស់មកទទួលការចាក់វ៉ាក់សាំងដូសទី៣ ឬដូសជំរុញឲ្យបានគ្រប់ៗគ្នា ដើម្បីការពារខ្លួនកាន់តែប្រសើរពីជំងឺកូវីដ១៩ ពិសេសជំងឺកូវីដ១៩ បំប្លែងថ្មី អូរមីក្រុង។

លោកអភិបាលខេត្តស្ដីទីក៏បានក្រើនរំលឹកដល់អាជ្ញាធរមូលដ្ឋានក្រុង ស្រុក និងកងកម្លាំងទាំងបីប្រភេទ មន្ទីរពាក់ព័ន្ធ សូមបន្តខិតខំប្រឹងប្រែងចូលរួមថែរក្សាសន្តិសុខសណ្តាប់ធ្នាប់នៅមូលដ្ឋានឲ្យបានល្អប្រសើរបន្ថែមទៀត ជាពិសេសត្រូវបន្តសកម្មភាពបង្ក្រាប និងទប់ស្កាត់រាល់បទល្មើសដែលកំពុងតែកើតមានឡើងនៅក្នុងមូលដ្ឋានរបស់ខ្លួន៕