(ភ្នំពេញ)៖ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានប្ដេជ្ញាចិត្ថថា នឹងបន្តធ្វើការងារនៅក្នុងឆ្នាំ២០២២នេះឲ្យកាន់តែល្អប្រសើរបន្ថែមទៀត ជាពិសេសលើការអនុវត្តគោលនយោបាយភូមិ សង្កាត់មានសុវត្ថិភាព ការផ្ដល់សេវាសាធារណៈជូនប្រជាពលរដ្ឋ ការគ្រប់គ្រងសំរាមឲ្យកាន់តែល្អប្រសើរ និងការដាក់ចេញនូវវិធានការឲ្យបានហ្មត់ចត់បំផុតជុំវិញការទប់ស្កាត់ការរាលដាលជំងឺកូវីដ-១៩ ដើម្បីបើកសេដ្ឋកិច្ចជាតិឡើងវិញ។

ការប្ដេជ្ញាចិត្តបែបនេះរបស់លោក ឃួង ស្រេង បានធ្វើឡើងនៅក្នុងពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២១ និងលើកទិសដៅការងារឆ្នាំ២០២២ របស់រដ្ឋបាលរាជធានីភ្នំពេញ នៅសាលារាជធានីភ្នំពេញ នាព្រឹកថ្ងៃទី៣ ខែមីនា ឆ្នាំ២០២២នេះ ក្រោមអធិបតីភាពរបស់សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងលោកស្រីកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដា្ឋនរាជធានីភ្នំពេញ។

សន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២១ រដ្ឋបាលរាជធានីភ្នំពេញបានលើកឡើងពីសមិទ្ធផលសំខាន់នានា ដែលសម្រេចបានរបស់រដ្ឋបាលរាជធានីភ្នំពេញ និងបានលើកឡើងពីបញ្ហាប្រឈមនានា ដើម្បីរកដំណោះស្រាយឲ្យកាន់តែល្អប្រសើរ ជាធាតុចូលដើម្បីយកទៅអនុវត្តនៅក្នុងឆ្នាំ២០២២។

នៅក្នុងអង្គសន្និបាតនេះ រដ្ឋបាលរាជធានីភ្នំពេញបានបែងចែកជាក្រុមដើម្បីពិភាក្សាលើការងារមួយចំនួនក្នុងនោះ អង្គសន្និបាតបានពិភាក្សាទៅលើការងារអនុវត្តគោលនយោបាយភូមិ-សង្កាត់មានសុវត្ថិភាព ដែលធ្វើយ៉ាងណាឲ្យការអនុវត្តគោលនយោបាយនេះកាន់តែល្អប្រសើរជាងបណ្ដាឆ្នាំមុនៗទៀត ការផ្ដល់សេវាសាធារណៈ បើទោះបីមានបញ្ហាប្រឈមមួយចំនួន។

អង្គសន្និបាតបានស្នើទៅក្រសួងមហាផ្ទៃដើម្បីធ្វើវិសោធនកម្មការងារមួយចំនួន ធ្វើយ៉ាងណាជំរុញការផ្ដល់សេវាសាធារណៈជូនប្រជាពលរដ្ឋកាន់តែល្អប្រសើរ។ បញ្ហាសំណល់រឹង សំរាម គឺជាបញ្ហាមួយដែលអង្គសន្និបាតបានលើកឡើង និងរិះរកគ្រប់មធ្យោបាយដើម្បីធ្វើយ៉ាងណាឱ្យរាជធានីភ្នំពេញទុកដាក់ការប្រមូលសំរាមកាន់តែល្អប្រសើរបន្ថែមទៀត ខណៈដែលមានក្រុមហ៊ុន៣បាននិងកំពុងតែប្រកួតប្រជែងគ្នាលើការប្រមូលសំរាមចេញពីរាជធានីភ្នំពេញ។

ការងារបង្ការទប់ស្កាត់ជំងឺកូវីដ-១៩ ក៏ជាបញ្ហាសំខាន់ដែលអង្គសន្និបាតបានលើកឡើង ដោយធ្វើយ៉ាងណារួមគ្នាទប់ស្កាត់ការរីករាលដាលជំងឺកូវីដ-១៩ ដើម្បីឲ្យកម្ពុជាមានឱកាសបើកសេដ្ឋកិច្ចប្រទេសឡើងវិញសម្រាប់ឆ្នាំ២០២២នេះ។

លោក ឃួង ស្រេង បានបន្តថា ការរៀបចំសណ្ដាប់ធ្នាប់សាធារណៈ ក៏ជាកិច្ចការដែលរដ្ឋបាលរាជធានីភ្នំពេញត្រូវតែពង្រឹងឲ្យបានល្អប្រសើរបំផុត ខណៈដែរកម្ពុជាគ្រោងនឹងធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំកំពូលអាស៊ាននៅពេលខាងមុខនេះ។

សម្ដេចក្រឡាហោម ស ខេង នៅក្នុងឱកាសនោះបានសម្ដែងនូវការកោតសរសើរចំពោះរដ្ឋបាលរាជធានីភ្នំពេញ ដែលបានអនុវត្តការងារបានយ៉ាងល្អនៅក្នុងឆ្នាំ២០២១ ពិសេសគឺរក្សាបាននូវសន្តិសុខ សុវត្ថិភាពជូនប្រជាពរដ្ឋនៅក្នុងរាជធានីភ្នំពេញ ការអភិវឌ្ឍរាជធានីភ្នំពេញបានកាន់តែរីកចម្រើន ដែលធ្វើឲ្យជីវភាពប្រជាពលរដ្ឋកាន់តែធូរធា។

សម្ដេចក្រឡាហោម ស ខេង ក៏បានកោតសរសើរផងដែរចំពោះរដ្ឋបាលរាជធានីភ្នំពេញ ក៏ដូចជាអាជ្ញាធរខណ្ឌទាំង១៤ សមត្ថកិច្ចពាក់ព័ន្ធមួយចំនួនទៀត ដែលបានចូលរួមនៅក្នុងការទប់ស្កាត់ការរីករាលដាលជំងឺកូវីដ-១៩បានយ៉ាងល្អប្រសើរ ទៅតាមអនុសាសន៍របស់សម្ដេចតេជោ ហ៊ុន សែន។

សម្ដេចក្រឡាហោម ស ខេង បានណែនាំបន្តថា រដ្ឋបាលរាជធានីភ្នំពេញត្រូវតែអនុវត្តឲ្យបានល្អប្រសើរលើការពង្រឹងបញ្ហាសន្តិសុខសណ្តាប់ធ្នាប់ឱ្យបានល្អបន្ថែមទៀតនៅក្នុងឆ្នាំ២០២២នេះ៕