(រ៉ង់ហ្គូន)៖ ជារឿងធម្មតាសម្រាប់ប្រមុខដឹកនាំប្រទេស នានានៅក្នុងតំបន់អាស៊ាន ដែលបន្ទាប់ពីការឡើងកាន់តំណែងជាផ្លូវការនោះ តម្រូវឲ្យមានការបំពេញទស្សនកិច្ចផ្លូវរដ្ឋ ទៅកាន់បណ្តាប្រទេស ទាំង១០ដែលជាសមាជិកជាមុនសិន ហើយក្នុងនោះលោកប្រធានាធិបតីមីយ៉ាន់ម៉ា U Htin Kyaw នឹងបំពេញទស្សនកិច្ចបើកទំព័រ ទៅកាន់ប្រទេសឡាវ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មានស៊ិនហួរ នៅមុននេះបន្តិច នារសៀលថ្ងៃអង្គារ ទី០៣ ខែឧសភា ឆ្នាំ២០១៦។
នៅក្នុងដំណើរទស្សនកិច្ច ដែលមិនទាន់បញ្ជាក់ពេលវេលាច្បាស់លាស់នេះ ត្រូវបានគេអះអាងថា នឹងប្រព្រឹត្តក្នុងពេលឆាប់ៗ ដែលលោក Htin Kyaw ដែលទើបបានឡើងកាន់តំណែងកាលពីថ្ងៃទី០១ ខែមេសា នោះនឹងដឹកនាំមន្ត្រីជាន់ខ្ពស់ទៅកាន់ប្រទេសឡាវ ជាប្រទេសក្បែរខាងរបស់ខ្លួន។ ប្រទេសឡាវ នឹងមីយ៉ាន់ម៉ា មានព្រំដែនជាប់គ្នាប្រវែង ២៣០គីឡូម៉ែត្រ និងបានបង្កើតចំណងការទូតជាផ្លូវការ កាលពីខែកក្កដា ឆ្នាំ១៩៥៥។
គួរបញ្ជាក់ថា ទំនាក់ទំនងពាណិជ្ជកម្មរវាងប្រទេសឡាវ និងមីយ៉ាន់ម៉ា នៅមានកម្រិតទាបនៅឡើយ បើធ្វើការប្រៀបធៀបទៅនឹងបណ្តា ប្រទេសក្នុងតំបន់ដូចគ្នាផ្សេងៗទៀត។ ហេតុដូច្នេះដំណើរទស្សនកិច្ចជាលើកដំបូងទៅកាន់ប្រទេសឡាវនេះ ត្រូវបានក្រុមអ្នកវិភាគលើកឡើងថា នឹងជួយជំរុញពាណិជ្ជកម្ម និង ទំនាក់ទំនងលើគ្រប់វិស័យរវាងប្រទេសទាំងពីរ ឲ្យកាន់តែប្រសើរឡើង៕