(ឧត្តរមានជ័យ)៖ លោក គីម សុផារុន ប្រធានក្រុមការងារយុវជនគណបក្សចុះជួយស្រុកអន្លង់វែង និងស្រុកចុងកាល់ តំណាងលោក គន់ គីម ប្រធានក្រុមការងារគណៈកម្មាធិការកណ្តាល ចុះជួយខេត្តឧត្តរមានជ័យ នៅព្រឹកថ្ងៃទី២ ខែមីនា ឆ្នាំ២០២២ បានសំណេះសំណាលជាមួយអ្នកគ្រូលោកគ្រូ និងសិស្សប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិដែលទទួលបាននិទ្ទេស A ចំនួន៣នាក់ ក្នុងក្របខណ្ឌខេត្តឧត្តរមានជ័យ។ ក្នុងពិធីនេះក៏មានការចូលរួមពី លោក អភិបាលរងខេត្ត, លោកអភិបាលស្រុកអន្លង់វែង, ប្រធានមន្ទីរអប់រំ យុវជន និងកីឡាស្រុក និងសមាជិក ស.ស.យ.ក. ស្រុកផងដែរ។

នាឱកាសសំណេះសំណាលនោះ លោក គីម សុផារុន ក៏បានប្រគល់រង្វាន់លើកទឹកចិត្តដែលជាអំណោយរបស់ទេសរដ្ឋមន្ត្រី គន់ គីម ជូនដល់សិស្សទទួលបាននិទ្ទេស A ទាំង៣រូប នូវម៉ូតូ Honda wave សម្រាប់ម្នាក់១គ្រឿង មួកសុវត្ថិភាពចំនួន១ និងថវិកាចំនួន ៥០០,០០០រៀលផងដែរ។

ថ្លែងក្នុងឱកាសនោះលោក គីម សុផារុន បានពាំនាំនូវការផ្តាំផ្ញើការសាកសួរសុខទុក្ខពីសំណាក់ ទេសរដ្ឋមន្ត្រី គន់ គីម ព្រមទាំងចូលរួមអបអរសាទរចំពោះលទ្ធផលដែលប្អូនៗទទួលបាននៅពលេនេះ។

លោកបានស្វាគមន៍ និងមានមោទកភាពជ័យលាភីចំពោះសិស្សនិទ្ទេស A ទាំងអស់ និងអបអរសារទចំពោះសិស្សានុសិស្សដែលបានប្រឡងជាប់នៅក្នុងឆ្នាំសិក្សា២០២០-២០២១នេះ។ លទ្ធផលដែលបានទទួលថ្ងៃនេះ គឺដោយសារតែមានចំណែកការខិតខំរបស់សិស្ស មាតាបិតា និងរបស់លោក អ្នកគ្រូ និងការធ្វើកំណែទម្រង់របស់រដ្ឋាភិបាលលើវិស័យអប់រំ។

លោកក៏បានអំពាវនាវឲ្យបន្តការខិតខំតទៅទៀត ទាំងសិស្សប្រឡងជាប់ ទាំងសិស្សប្រឡងមិនជាប់។ សិស្សប្រឡងជាប់ត្រូវបន្តការខិតខំ ដើម្បីឈានឆ្ពោះទៅរកការសិក្សាខ្ពស់ជាង។ ចំណែកឯអ្នកដែលប្រឡងមិនជាប់ ត្រូវខិតខំរៀនបន្តដើម្បីប្រឡងឆ្នាំក្រោយ ឬត្រូវរៀនយកបរិញ្ញាបត្ររង ឬបច្ចេកទេស។

ឆ្លៀតឱកាសនោះ លោក គីម សុផារុន ប្រធានក្រុមការងារយុវជនគណបក្សចុះជួយស្រុកអន្លង់វែង និងស្រុកចុងកាល់ ក៏បានបន្តចុះជួបសំណេះសំណាល និងប្រគល់អាវចំនួន២៥០អាវ ជូន ស.ស.យ.ក. ស្រុកអន្លង់វែងផងដែរ៕