(ភ្នំពេញ)៖ នៅព្រឹកថ្ងៃទី០២ ខែមីនា ឆ្នាំ២០២២នេះ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានអញ្ជើញជាអធិបតីក្នុងពិធីបើកសន្និសីទអាស៊ានណាប៉ូលលើកទី៤០ ក្រោមប្រធានបទ «លើកកម្ពស់សុខដុមនីយកម្ម តំបន់មានសន្តិភាព និងស្ថិរភាពជានិរន្ត»។

សន្និសីទនេះ ធ្វើឡើងនៅសណ្ឋាគារសុខា ដែលមានការចូលរួមពី នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ, ប្រធានគណៈប្រតិភូនគរបាលនៃប្រទេសជាសមាជិកអាស៊ាន ប្រទេស និងស្ថាប័នដៃគូពិភាក្សា អ្នកសង្កេតការណ៍ ឯកអគ្គរាជទូត ឯកអគ្គរដ្ឋទូត នៃប្រទេសសមាជិកអាស៊ានប្រចាំនៅកម្ពុជា ព្រមទាំងអង្គពិធីមួយចំនួនទៀត។

នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន បានគូសបញ្ជាក់ថា សន្និសីទអាស៊ានណាប៉ូលលើកទី៤០ដែលប្រារព្ធឡើងនេះ គឺជាវេទិកាជួបជុំជាប្រពៃណីប្រចាំឆ្នាំរបស់ថ្នាក់ដឹកនាំកងកម្លាំងនគរបាល នៃប្រទេសជាសមាជិកសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ ហៅកាត់ថាអាស៊ាន។

នាយឧត្តមសេនីយ៍ នេត សាវឿន បានលើកឡើងថា នគរបាលកម្ពុជា ត្រូវបានប្រគល់តួនាទីឲ្យធ្វើជាម្ចាស់ផ្ទះនៃសន្និសីទ អាស៊ានណាប៉ូលលើកទី៤០ កាលពីឆ្នាំ២០២០ ប៉ុន្តែត្រូវខកខានរយៈពេល២ឆ្នាំ ដោយសារការរីករាលដាលនៃជំងឺកូវីដ-១៩ ហើយថានគរបាលកម្ពុជានាពេលនេះ ពិតជាមានសេចក្តីរីករាយដែលអាចរៀបចំសន្និសីទនេះដោយផ្ទាល់ស្របពេលកម្ពុជា និងបណ្ដាប្រទេសនានា បានបើកឲ្យដំណើរការសកម្មភាពសេដ្ឋកិច្ច និងសង្គមឡើងវិញ។

នាយឧត្តមសេនីយ៍ អគ្គស្នងការ បានបន្តថា សន្និសីទអាស៊ានណាប៉ូលមានសារៈសំខាន់សម្រាប់ការភ្ជាប់ទំនាក់ទំនង និងការលើកកម្ពស់ភាពជាដៃគូ និងភាពខ្លាំងក្នុងកិច្ចសហប្រតិបត្តិការ និងការជួយគ្នាទៅវិញទៅមក ពិសេសក្នុងសភាពការណ៍បច្ចុប្បន្នដែលត្រូវការការលើកកម្ពស់សុខភាពសាធារណៈជាសកល សន្តិភាព ស្ថិរភាព សន្តិសុខ និងសណ្តាប់ធ្នាប់សាធារណៈ។

នាយឧត្តមសេនីយ៍ បានចាត់ទុកវត្តមានអង្គពិធីនាឱកាសនេះ ថាជាសក្ខីកម្មឆ្លុះបញ្ចាំងអំពីជំហរយ៉ាងរឹងមាំប្រកបដោយទស្សនៈសុទិដ្ឋិនិយម ក្នុងការចូលរួមចំណែកស្វែងរកយុទ្ធសាស្ត្រ វិធីសាស្ត្រ និងវិធានការមានសក្តានុពលដើម្បីបន្តលើកកម្ពស់កិច្ចសហប្រតិបត្តិការថែរក្សាសន្តិភាព ការពារផលប្រយោជន៍ និងភាពសុខដុម រមនាជូនប្រជាពលរដ្ឋ ធានាស្ថិរភាព និងសុវត្ថិភាពសង្គមយូរអង្វែងក្នុងតំបន់។

ថ្លែងក្នុងឱកាសនោះ សម្ដេចក្រឡាហោម ស ខេង បានហៅការរៀបចំសន្និសីទអាស៊ានណាប៉ូលលើកទី៤០ នាឆ្នាំ២០២២នេះ ថាជាការបើកទំព័រថ្មីសម្រាប់កងកម្លាំងនគរបាលនៃប្រទេសជាសមាជិកអាស៊ាន ដ្បិតព្រឹត្តិការណ៍នេះប្រារព្ធធ្វើឡើង ក្នុងខណៈពេលពិភពលោកទាំងមូលនិយាយជារួម និងដោយឡែកតំបន់អាស៊ាន កំពុងខិតខំរើបម្រាសខ្លួនចេញពីការគំរាមកំហែងប្រកបដោយហានិភ័យ នៃជំងឺកូវីដ-១៩ ឆ្ពោះទៅកាន់គន្លងប្រក្រតីថ្មី ដើម្បីវិបុលភាព និងការរីកចម្រើន។

សម្ដេចក្រឡាហោម ស ខេង បានបន្ថែមថា កងកម្លាំងនគរបាល នៃប្រទេសសមាជិកអាស៊ាន មានភារកិច្ចជាចាំបាច់ក្នុងការបង្កើតនូវបរិស្ថានសន្តិសុខគាប់ប្រសើរ ជាបង្អែកយ៉ាងរឹងមាំក្នុងការគាំពារដល់កិច្ចដំណើរការអភិវឌ្ឍន៍លើគ្រប់វិស័យ និងពង្រឹងពង្រីកវិសាលភាពសហប្រតិបត្តិការក្នុងក្របខ័ណ្ឌទ្វេភាគី ពហុភាគី ទាំងក្នុងតំបន់ និងអន្តរតំបន់ សំដៅជួយគ្នាទៅវិញទៅមក ដោះស្រាយបញ្ហាប្រឈមនានា បង្កើតបាននូវវប្បធម៌រួបរួមគ្នា ប្រយុទ្ធប្រឆាំងរាល់ទម្រង់នៃបទឧក្រិដ្ឋឆ្លងដែនគ្រប់ប្រភេទ និងប្រកៀកស្មាគ្នាដោយគ្មានការរើសអើងតស៊ូទប់ទល់នឹងកូវីដ-១៩។

ក្នុងស្មារតីបន្តពង្រឹងទំនាក់ទំនងសហប្រតិបត្តិការអាស៊ានឲ្យកាន់តែប្រសើរឡើង ក៏ដូចជាការគាំទ្រលើកទឹកចិត្តដល់កិច្ចខិតខំប្រឹងប្រែងនានាស្របតាមខ្លឹមសារនៃប្រធានបទអាស៊ានណាប៉ូលលើកទី៤០ សម្ដេចក្រឡាហោម បានផ្ដល់អនុសាសន៍ មួយចំនួនទៅកាន់អង្គពិធី ពាក់ព័ន្ធនឹងការអនុវត្តសេចក្តីថ្លែងការណ៍រួម នៃសន្និសីទអាស៊ានណាប៉ូលលើកទី៣៩ ព្រមទាំងបន្តពិភាក្សា រិះរកនូវវិធានការគន្លឹះនានា ដាក់បញ្ចូលក្នុងសេចក្តីថ្លែងការណ៍រួមរបស់សន្និសីទអាស៊ានណាប៉ូលលើកទី៤០ ដើម្បីធ្វើជាផែនទីបង្ហាញផ្លូវសម្រាប់រួមគ្នាប្រយុទ្ធប្រឆាំងឧក្រិដ្ឋកម្មឆ្លងដែនគ្រប់ប្រភេទ និងគ្រប់ទម្រង់ថ្មីៗ។

សម្ដេចក្រឡាហោម ស ខេង បានផ្ដល់ការលើកទឹកចិត្តអាស៊ានណាប៉ូល បន្តពង្រីកទំនាក់ទំនង បង្កើតបន្ថែមទៀតនូវដៃគូសន្ទនា សំដៅប្រមូលផ្តុំនូវថាមពលគាំទ្រធ្វើឱ្យសហគមន៍អាស៊ាន កាន់តែរឹងមាំ និងលេចធ្លោប្រកបដោយកិត្យានុភាព។ សម្ដេចក៏បានណែនាំគណៈកម្មការជំនាញនីមួយៗ គប្បីរិះរកនូវមធ្យោបាយ ឬវិធីសាស្ត្រគន្លឹះសំដៅ លើកកម្ពស់ប្រសិទ្ធភាពក្នុងការប្រយុទ្ធប្រឆាំងបទឧក្រិដ្ឋឆ្លងដែនគ្រប់ប្រភេទ តាមគ្រប់ទម្រង់ និងគ្រប់រូបភាព ដើម្បីរក្សាស្ថិរភាព សន្តិសុខ និងសុវត្ថិភាពសង្គម ក្នុងនោះក៏មានការស្វែងរកវិធីសាស្ត្រក្នុងការជំរុញកិច្ចសហប្រតិបត្តិការជាក់ស្ដែងក្នុងការបង្ការ និងបង្ក្រាបឧក្រិដ្ឋកម្មឆ្លងដែន នៅក្រោយបញ្ចប់ការរីករាលដាលនៃជំងឺកូវីដ-១៩។

ទន្ទឹមនឹងនេះ សម្ដេចបានផ្ដល់អនុសាសន៍ឲ្យអាស៊ានណាប៉ូល យកចិត្តទុកដាក់ខ្ពស់ក្នុងកិច្ចសហការជាមួយដៃគូពិភាក្សា ជួយគាំទ្រគ្នាទៅវិញទៅមកក្នុងការកសាងធនធានមនុស្ស បង្កើតឱ្យបាននូវតុល្យភាពរវាងដៃគូសហប្រតិបត្តិការអនុវត្តច្បាប់ទាំងក្នុង និងក្រៅតំបន់ ដោយមានផែនការបណ្តុះបណ្តាលជំនាញ វិជ្ជាជីវៈ និងការផ្លាស់ប្តូរបទពិសោធន៍ល្អៗ រវាងកងកម្លាំងអនុវត្តច្បាប់ ខណៈសមត្ថភាពជំនាញវិជ្ជាជីវៈ រវាងកងកម្លាំងអនុវត្តនៃបណ្ដាប្រទេសអាស៊ានណាប៉ូល នៅមិនទាន់មានតុល្យភាព ធ្វើឲ្យលទ្ធផលនៃកិច្ចសហប្រតិបត្តិការនៅមានកម្រិត៕