(អ៉ីរ៉ង់)៖ ប្រទេសអ៉ីរ៉ង់ និងកូរ៉េខាងត្បូង បានធ្វើការប្តេជ្ញារួមគ្នាថា នឹងបង្កើនទំហំពាណិជ្ជកម្មរវាង ប្រទេសទាំងពីរឲ្យធំជាងមុនបីដង គឺ ១៨ពាន់លានដុល្លារអាមេរិក។ នេះបើតាមការចេញផ្សាយ មុននេះបន្តិច ដោយទីភ្នាក់ងារព័ត៌មានចិនស៊ិនហួរ នៅព្រឹកថ្ងៃអង្គារ ទី០៣ ខែឧសភា ឆ្នាំ២០១៦។
ការសម្រេចលទ្ធផល ជាគោលដៅខាងលើនេះ បានកើតឡើងនៅក្នុងកិច្ចប្រជុំកំពូលទេ្វភាគី រវាង ប្រធានាធិបតីអ៉ីរ៉ង់លោក ហាសាន រួហានី (Hassan Rouhani) និងប្រធានាធិបតី កូរ៉េខាងត្បូង លោកស្រី ផាក គឺនហេ (Park Geun-Hye) ជាលើកដំបូងមកកាន់ប្រទេស ក្បែរតំបន់ មជ្ឈិមបូព៌ាមួយនេះ កាលពីថ្ងៃទី០២ ខែឧសភា ឆ្នាំ២០១៦។ ដំណើរទស្សនកិច្ចលើកនេះ ក៏ជាការប្រារព្ធខួប លើកទី ៥៤ឆ្នាំ នៃទំនាក់ទំនងការទូត រវាងប្រទេសទាំងពីរផងដែរ។
លោក រួហានី បានថ្លែងនៅក្នុងជំនួប ជាមួយលោកស្រី ផាក ដូច្នេះថា «ភាគីទាំងពីរបានសម្រេច បង្កើនទំហំពាណិជ្ជកម្មលើសមុន ឲ្យបានបីដង គឺពីទំហំបច្ចុប្បន្ន ៦ពាន់លានដុល្លារ ទៅកាន់ ១៨ពាន់លានដុល្លារអាមេរិក។ ប្រទេសទាំងពីរ ក៏បានពិភាក្សាគ្នារឿង លើកស្ទួយវិស័យទេសចរណ៍ ទៅវិញទៅមករវាងទីក្រុង សេអ៊ូល និង តេហេរ៉ង់ទៀតផង»៕