(ឧត្តរមានជ័យ)៖ លោក គីម សុផារុន ប្រធានក្រុមការងារយុវជនគណបក្សចុះជួយស្រុកអន្លង់វែង និងស្រុកចុងកាល់ តំណាងដ៏ខ្ពង់ខ្ពស់លោក គន់ គីម ប្រធានក្រុមការងារគណៈកម្មាធិការកណ្តាល ចុះជួយខេត្តឧត្តរមានជ័យ នៅព្រឹកថ្ងៃទី០២ ខែមីនា ឆ្នាំ២០២២ បានសំណេះសំណាលជាមួយអ្នកគ្រូលោកគ្រូ និងសិស្សប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ដែលទទួលបាននិទ្ទេស A ចំនួន៣នាក់ ក្នុងក្របខណ្ឌខេត្តឧត្តរមានជ័យ។

ក្នុងពិធីនេះក៏មានការចូលរួមពីលោក អភិបាលរងខេត្ត, លោកអភិបាលស្រុកអន្លង់វែង, ប្រធានមន្ទីរអប់រំយុវជននិងកីឡាស្រុក និងសមាជិក ស.ស.យ.ក. ស្រុក ផងដែរ។

នាឱកាសសំណេះសំណាលនោះ លោក គីម សុផារុន ក៏បានប្រគល់រង្វាន់លើកទឹកចិត្តដែលជាអំណោយរបស់ លោកទេសរដ្ឋមន្ត្រី គន់ គីម ជូនដល់សិស្សទទួលបាននិទ្ទេស A ទាំង ៣រូប នូវម៉ូតូ Honda wave ម្នាក់ ១គ្រឿង មួកសុវត្ថិភាពចំនួន១ និងថវិកាចំនួន ៥០០,០០០រៀលផងដែរ។

ថ្លែងក្នុងឱកាសនោះ លោក គីម សុផារុន បានពាំនាំនូវការផ្តាំផ្ញើការសាកសួរសុខទុក្ខពីសំណាក់លោកទេស រដ្ឋមន្ត្រី គន់ គីម ព្រមទាំងចូលរួមអបអរសាទរចំពោះ លទ្ធផលដែលប្អូនៗទទួលបាននៅពលេនេះ។

លោកបានស្វាគមន៍ និងមានមោទកភាព ចំពោះសិស្សនិទ្ទេស A ទាំងអស់ និងអបអរសារទចំពោះសិស្សានុសិស្សដែលបានប្រឡងជាប់​នៅក្នុងឆ្នាំសិក្សា​២០២០-២០២១​នេះ។ លទ្ធផលដែលបានទទួលថ្ងៃនេះ គឺដោយសារតែមានចំណែកការខិតខំរបស់សិស្ស មាតាបិតា និងរបស់លោក អ្នកគ្រូ និងការធ្វើកំណែទម្រង់​របស់រដ្ឋាភិបាល​លើវិស័យអប់រំ ។

លោកក៏បានអំពាវនាវឲ្យបន្តការខិតខំតទៅទៀត ទាំងសិស្សប្រឡងជាប់ ទាំងសិស្សប្រឡងមិនជាប់។ សិស្សប្រឡងជាប់ត្រូវបន្តការខិតខំ ដើម្បីឈានឆ្ពោះទៅរកការសិក្សាខ្ពស់ជាង។ ចំណែកឯអ្នកដែលប្រឡងមិនជាប់ ត្រូវខិតខំរៀនបន្តដើម្បីប្រឡងឆ្នាំក្រោយ ឬត្រូវរៀនយកបរិញ្ញាបត្ររង ឬបច្ចេកទេស។

ឆ្លៀតឱកាសនោះ លោក គីម សុផារុន ប្រធានក្រុមការងារយុវជនគណបក្សចុះជួយស្រុកអន្លង់វែង និងស្រុកចុងកាល់ ក៏បានបន្តចុះជួបសំណេះសំណាល និងប្រគល់អាវចំនួន ២៥០អាវ ជូន ស.ស.យ.ក. ស្រុកអន្លង់វែងផងដែរ៕