(ភ្នំពេញ)៖ អង្គភាពប្រឆាំងអំពើពុករលួយ (ACU) បានប្រកាសថា ការប្រឡងជ្រើសរើសមន្រ្តីក្របខណ្ឌ ACU សម្រាប់ឆ្នាំ២០១៦ នឹងចាប់ផ្តើមនៅថ្ងៃអាទិត្យទី៨ ខែឧសភា ឆ្នាំ២០១៦ ខាងមុខនេះហើយ នៅអគារសាកលវិទ្យាល័យភូមិន្ទភ្នំពេញ។
សម្រាប់ការបិទឈ្មោះ នឹងធ្វើឡើងនៅថ្ងៃសុក្រ ទី៦ ខែឧសភា វេលាម៉ោង៨៖០០ព្រឹក នៅអង្គភាពប្រឆាំងអំពើពុករលួយនិងនៅលើ គេហទំព័រ ACU ក៏ដូចជានៅសាកលវិទ្យាល័យ RUPP។ ACU បានបញ្ជាក់ថា ការប្រឡងនេះ នឹងត្រូវអនុវត្តយ៉ាងម៉ឺងម៉ាត់បំផុត ហើយរាល់ការរំលោភសេចក្តីណែនាំ បទបញ្ញត្តិ និងការធ្វើឱ្យខូចសុវត្ថិភាព សណ្តាប់ធ្នាប់ និងការផ្តល់ព័ត៌មានមិនពិតបេក្ខជននឹងត្រូវ ធ្លាក់ដោយស្វ័យប្រវត្តិ។
អង្គភាពប្រឆាំងអំពើពុករលួយ បានបញ្ចប់ការទទួលពាក្យសុំប្រឡងចូលមន្រ្តីក្របខណ្ឌACU កាលពី ថ្ងៃទី៣១ ខែមីនា ដោយមានបេក្ខជន ទទួលពាក្យសុំប្រឡងចំនួន ៦១៤០ច្បាប់ និងដាក់ពាក្យសុំសិទ្ធប្រឡង ឡើងវិញចំនួន ៣២៧៩នាក់។ នេះបើតាមសេចក្តីប្រកាសរបស់ ACU នាពេលកន្លងទៅ៕