(ភ្នំពេញ)៖ កីឡាករចំបាប់កម្ពុជា ងួន មករា និងកីឡាការិនី ចូវ សុធារ៉ា នឹងត្រូវដឹកដៃគ្នាធ្វើដំណើរទៅប្រទេសតួកគី នៅ វេលាម៉ោង ៨យប់ថ្ងៃទី៣ ខែឧសភានេះ ដើម្បីចូលរួមប្រកួតជម្រុះកម្រិតពិភពលោក ស្វែករកសិទ្ធិចូលរួមប្រកួតកីឡា អូឡាំពិក រដូវក្ដៅ នៅទីក្រុង Rio ប្រទេសប្រេស៊ីល នៅអំឡុងខែសីហា ឆ្នាំ២០១៦ខាងមុខ ។
លោក ធិន វិចិត្រ អគ្គលេខាធិការសហព័ន្ធកីឡាចំបាប់កម្ពុជា បានថ្លែងប្រាប់អ្នកសារព័ត៌មានថា «នេះជាព្រឹត្តិការណ៍ដ៏ សំខាន់មួយ ដែលកីឡាករ និងកីឡាការិនីទាំង ២រូប ត្រូវចូលរួមដើម្បីដណ្ដើមសិទ្ធិចូលរួមប្រកួតកីឡាអូឡាំពិកជាផ្លូវការ ។ ប៉ុន្ដែយ៉ាងណា ក៏លោកមិនសូវមានសង្ឃឹមខ្ពស់ដែរ ព្រោះនេះជាការប្រកួតជម្រុះកម្រិតពិភពលោក» ។
អគ្គលេខាធិការសហព័ន្ធដដែលបានបន្ដថា តាមពិតទៅ ក្រុមកីឡាចំបាប់កម្ពុជា ត្រូវចូលរួមប្រកួតជម្រុះកម្រិតអាស៊ី ដើម្បីដណ្ដើមសិទ្ធិប្រកួតកីឡាអូឡាំពិកដូចគ្នា កាលពីពេលថ្មីៗកន្លងទៅ ប៉ុន្ដែដោយសារការចុះឈ្មោះមានបញ្ហា ទើបខកខានចូលរួម និងត្រូវលើកមកចូលរួមប្រកួតជម្រុះកម្រិតពិភពលោកបែបនេះវិញ ។
អាស្រ័យហេតុនេះហើយ ទើបលោកមានការព្រួបារម្ភ ចំពោះលទ្ធផលនៃការប្រកួតដ៏តឹងតែងនេះ ដោយសារត្រូវមានកីឡាករ-កីឡាការិនីស្ទើរជុំវិញពិភពលោកចូលរួម ខណៈកម្ពុជា ត្រូវការចំណាត់ថ្នាក់លេខ១ ឬលេខ២ ទើបទទួលបាន សិទ្ធិឡើងទៅប្រកួតកីឡាអូឡាំពិកបាន ។
គួរបញ្ជាក់ផងដែរថា នេះជាប្រភេទកីឡាទី២ហើយ ដែលស្ថាប័នគ្រប់គ្រងវិស័យកីឡាកម្ពុជា បញ្ជូនទៅចូលរួមក្នុង ព្រឹត្តិការណ៍អន្ដរជាតិ ខណៈការបញ្ជូនលើកទី១ លើវិញ្ញាសាកីឡាតេក្វាន់ដូ កីឡាការិនី ស៊ន សៀវម៉ី បានឈ្នះមេដាយ មាស និងមានសិទ្ធិជាប្រវត្តិសាស្ដ្រលើកដំបូង ដើម្បីចូលរួមប្រកួតកីឡាអូឡាំពិក នៅទីក្រុង Rio ប្រទេសប្រេស៊ីលនោះ ៕