(ភ្នំពេញ)៖ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ នៅថ្ងៃទី០២ ខែមីនា ឆ្នាំ២០២២នេះ បានចេញលិខិតមួយដោយ ហាមមិនឱ្យមានការសាងសង់ ឬរុះរើសំណង់ដែលមិនទាន់ទទួលបានលិខិតអនុញ្ញាតតទៅទៀតនោះឡើយ។ នេះបើតាមលិខិតរបស់ លោកឧបនាយករដ្ឋមន្រ្តី ជា សុផារ៉ា ផ្ញើទៅកាន់ប្រធានក្រុមហ៊ុនសាងសង់ និងក្រុមជាងសំណង់ ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាន។

ការចេញលិខិតហាមឃាត់នេះ បានធ្វើឡើងដោយយោងទៅតាម ច្បាប់ស្ដីពីសំណង់របស់កម្ពុជា រួមទាំងអនុក្រឹត្យរាជរដ្ឋាភិបាល ស្ដីពីលិខិតអនុញ្ញាតសាងសង់ជាដើម។

លិខិតរបស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានបញ្ជាក់ថា ខ្លួនមិនអនុញ្ញាតឱ្យធ្វើការចុះកិច្ចសន្យាម៉ៅការ សាងសង់ ឬរុះរើសំណង់ដែលមិនទាន់ទទួលបានលិខិតអនុញ្ញាតសាងសង់ លិខិតអនុញ្ញាតជួសជុល លិខិតអនុញ្ញាតរុះរើ និងលិខិតអនុញ្ញាតបើកការដ្ឋានសំណង់ពីអាជ្ញាធរ ឬមន្ត្រីមានសមត្ថកិច្ចឡើយ។

ក្រសួងរៀបចំដែនដីបានចាត់ទុកថា ការសាងសង់ ឬរុះរើសំណង់ដែលមិនទាន់ទទួលបានលិខិតអនុញ្ញាត ជាអំពើខុសច្បាប់ ព្រោះគម្រោងសាងសង់សំណង់នោះ មិនមានប្លង់ស្ថាបត្យកម្ម និងប្លង់គ្រឿងផ្ទុំសំណង់ដែលទទួលបានការយល់ព្រមពីអាជ្ញាធរ ឬមន្ត្រីមានសមត្ថកិច្ច ដែលអាចបង្កឱ្យ ប៉ះពាល់ដល់បទប្បញ្ញត្តិស្តីពីធ្លាតម្លាត សន្តិសុខ សណ្ដាប់ធ្នាប់សាធារណៈ គុណភាព សុវត្ថិភាពសំណង់ សោភណភាព ទ្រព្យសម្បត្តិ និងសុខុមាលភាពរបស់ម្ចាស់សំណង់ អ្នកប្រើប្រាស់សំណង់ និងសាធារណជន និងអាចបង្កឱ្យមានវិវាទ។

ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ក៏នឹងចាត់មន្ត្រីអធិការកិច្ចសំណង់ចុះត្រួតពិនិត្យ បទល្មើសតាមការដ្ឋានសំណង់ ដើម្បីចាត់វិធានការដកហូតអាជ្ញាបណ្ណ ឬលិខិតអនុញ្ញាតប្រកបអាជីវកម្ម សាងសង់ និងការដាក់ទណ្ឌកម្មផ្សេងៗទៀត ចំពោះក្រុមហ៊ុន ឬក្រុមជាង ដូចជា ការកសាងសំណុំរឿងបញ្ជូនទៅតុលាការ ដើម្បីស្នើសុំការរឹបអូសសម្ភារៈ បរិក្ខារ និងឧបករណ៍ផ្សេងៗទៀត ការផ្តន្ទាទោសពិន័យជាប្រាក់ ការផ្តន្ទាទោសដាក់ពន្ធនាគារ ការរំលាយក្រុមហ៊ុន ឬក្រុមជាង ការដាក់ឱ្យស្ថិតនៅក្រោមការត្រួតពិនិត្យតាមដានរបស់តុលាការ ការហាមឃាត់ចំពោះការធ្វើសកម្មភាព ការបណ្តេញចេញពីលទ្ធកម្មសាធារណៈ ការបិទផ្សាយសេចក្ដីសម្រេចផ្តន្ទាទោស និងការផ្សាយសេចក្តីសម្រេចផ្តន្ទា ទោសជាសាធារណៈជាដើម៕

ខាងក្រោមនេះជាលិខិតរបស់ក្រសួងរៀបចំដែនដី៖