(ភ្នំពេញ)៖ នៅម៉ោង៣៖៣០ រសៀល ថ្ងៃទី០៣ ខែឧសភា ឆ្នាំ២០១៦នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា នឹងអញ្ជើញជាអធិបតីភាព ក្នុងពិធីផ្សព្វផ្សាយគោលនយោបាយជាតិប្រជាជន ឆ្នាំ២០១៦-២០៣០ នៅវិមានសន្តិភាព។
សេចក្តីព្រាងគោលនយោបាយជាតិប្រជាជន (២០១៦-២០៣០) ត្រូវអនុម័តគាំទ្រ កាលពីថ្ងៃទី០៤ ខែមីនា ឆ្នាំ២០១៦ ហើយគោលនេះជាគោលនយោបាយ និងជាត្រីវិស័យរបស់ប្រជាជន។ នេះបើតាមការប្រកាសរបស់ លោក ផៃ ស៊ីផាន អ្នកនាំពាក្យទីស្តីការគណៈរដ្ឋមន្រ្តី កាលពីខែមីនា។
គោលនយោបាយជាតិប្រជាជន ២០១៦-២០៣០ នេះ ផ្តោតការយកចិត្តទុកដាក់លើចំណងទាក់ទងគ្នារវាងបម្រែបម្រួលប្រជាសាស្រ្ត និងការធ្វើផែនការអភិវឌ្ឍន៍ដោយផ្តោតលើវិស័យអាទិភាព៤ រួមមាន ទី១.ការអភិវឌ្ឍនិងការពង្រីកហេដ្ឋារចនាសម្ព័ន្ធរូបវន្ត ទី២.ការគ្រប់គ្រងទេសន្តរប្រវេសន៍និងនគរូបនីយកម្ម ទី៣.ការពង្រីកវិស័យកសិកម្ម និងសកម្មភាពពាក់ព័ន្ធ និងទី៤- ការវិនិយោគលើវិស័យសង្គមកិច្ចនិងការអភិវឌ្ឍមូលធនមនុស្ស៕