(សៀមរាប)៖ មន្ទីរពេទ្យកុមារអង្គរ បានរៀបចំ ពិធីប្រគល់ទទួលប័ណ្ណសរសើរបុគ្គលិកឆ្នើម និងវិញ្ញាបនបត្របញ្ជាក់ការសិក្សាជូនដល់បុគ្គលិកនៃមន្ទីរពេទ្យកុមារអង្គរប្រចាំឆ្នាំ២០២១ សរុប៨៥នាក់។

ការប្រគល់ប័ណ្ឌសរសើរ និងវិញ្ញាបនបត្រ ត្រូវបានប្រគល់ជូនដល់បុគ្គលិក មន្ទីរពេទ្យកុមារអង្គរ ដែលមានស្នាដៃផ្សេងៗគ្នាចំនួន ៨៥នាក់ ក្នុងនោះមានប័ណ្ឌសរសើរបង្ហាញស្នាដៃលះបង់កំលាំងកាយចិត្ត ពេលវេលាបំពេញការងារនៅក្នុងមន្ទីរពេទ្យកុមារអង្គររយៈពេល២០ឆ្នាំ ចំនួន ៦នាក់ រយៈពេល១០ឆ្នាំ ចំនួន២២នាក់ ប័ណ្ឌសរសើរបុគ្គលិកឆ្នើមឆ្នាំ២០២១សរុបចំនួន៣៩នាក់ និងបុគ្គលិកដែលទទួលជោគជ័យក្នុងការសិក្សា មានវេជ្ជបណ្ឌិតឯកទេស៤នាក់ វេជ្ជបណ្ឌិតកម្មសិក្សា ៣នាក់ ព្រមទាំងគិលានុបដ្ឋាកជំនាញថែទាំកុមារ ចំនួន១១នាក់ផងដែរ។

ក្នុងពិធីដែលរៀបចំនៅចុងខែ កុម្ភៈ កន្លងទៅ ថ្នាក់ដឹកនាំ បុគ្គលិក និងអ្នកជំងឺទាំងអស់ ក៏បានសម្តែងនូវការដឹងគុណដល់ស្ថាបនិក និងសមាជិកក្រុមប្រឹក្សាភិបាល អ្នកផ្តល់ជំនួយតូច ធំ អ្នកគាំទ្រទាំងក្នុង និងក្រៅប្រទេសទាំងអស់ ព្រមទាំងរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា និងដែលបានចូលរួមចំណែកយ៉ាងធំធេងក្នុងអស់រយៈពេល ២២ ឆ្នាំមកនេះ។

សូមបញ្ជាក់ផងដែរ បេសកកម្ម ពិនិត្យ ព្យាបាល និងថែទាំសុខភាពកុមារកម្ពុជា របស់មន្ទីរពេទ្យកុមារអង្គរ ប្រកបដោយគុណភាពខ្ពស់ សេចក្តីមេត្តាករុណា និងអំពាវនាវឲ្យមានការចូលរួមជាបន្តទៀត ដើម្បីឲ្យកុមារកម្ពុជា ទទួលបាននូវសុខុមាលភាពកាន់តែប្រសើរ៕