(ភ្នំពេញ)៖ មានបទពិសោធន៍ពន្លត់ភ្លើងសង្គ្រាមដ៏រ៉ាំរ៉ៃ នៅក្នុងប្រទេសកម្ពុជា សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា នៅព្រឹកថ្ងៃទី០២ ខែមីនា ឆ្នាំ២០២២នេះ បានបង្ហាញការយល់ឃើញថា ការផ្ដល់សព្វាវុធទៅកាន់ប្រទេសអ៊ុយក្រែន នឹងធ្វើឲ្យសង្គ្រាមរវាងរុស្ស៉ី-អ៊ុយក្រែន ផ្ទុះកាន់តែខ្លាំងឡើង ហើយលំបាករកទីបញ្ចប់ទៅវិញ។

ក្នុងឱកាសអញ្ជើញសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ ផ្លូវជាតិលេខ៣ ភ្នំពេញ-កំពត សម្ដេចតេជោ ហ៊ុន សែន បានចាត់ទុកថា ការផ្ដល់សព្វាវុធពីបណ្ដាប្រទេសប៉ែកអឺរ៉ុប ទៅកាន់ប្រទេសអ៊ុយក្រែន នៅពេលនេះ ប្រៀបបានដូចជាសង្គ្រាមរវាងអឺរ៉ុប ជាមួយរុស្ស៉ី ហើយកម្ពុជា មិនគាំទ្រឡើយនៅចំណុចនេះ។

សម្ដេចតេជោ ហ៊ុន សែន បានមានប្រសាសន៍បែបនេះថា «យើងមិនលើកទឹកចិត្ត យើងជំទាស់ ជាមួយការប្រើប្រាស់កម្លាំង ឬការគំរាមកំហែងប្រើប្រាស់កម្លាំងប្រឆាំង នឹងភាគីមួយទៀត។ ឥលូវជម្លោះការវាយប្រហារពីរុស្ស៉ី ទៅកាន់អ៊ុយក្រែន វាកំពុងក្លាយទៅជាអឺរ៉ុប បនីយកម្មសង្គ្រាមជាមួយរុស្ស៉ីទៅហើយ។ ប្រទេសនានានៅក្នុងអឺរ៉ុប បាននាំគ្នាប្រគល់ទាំងមនុស្សឲ្យចូលទៅជួយច្បាំងនៅក្នុងអ៊ុយក្រែន ប្រគល់ទាំងអាវុធ ប្រគល់ទាំងយន្ដហោះ បើដូច្នោះសង្គ្រាមរវាងរុស្ស៉ីជាមួយអ៊ុយក្រែន មិនមែនជាសង្គ្រាមរុស្ស៉ី-អ៊ុយក្រែនទៀតទេ ជាសង្គ្រាមរុស្ស៉ីជាមួយអឺរ៉ុប»

សម្ដេចតេជោ ហ៊ុន សែន បានអះអាងថា មូលហេតុដែលសម្ដេចហ៊ានហៅថា សង្គ្រាមរវាងរុស្ស៉ី និងអឺរ៉ុប ដោយសារតាមរយៈការផ្ដល់ជំនួយយោធា រហូតដល់ផ្ដល់យន្ដហោះ ដែលនេះជាការលើកទឹកចិត្តបន្ថែមនៃការធ្វើសង្គ្រាម។ សម្ដេចនៅតែសង្កត់ធ្ងន់ថា មិនអាចយកសង្គ្រាម ទៅបញ្ចប់សង្គ្រាមបាននោះទេ។

សម្រាប់កម្ពុជា សម្ដេចតេជោ ហ៊ុន សែន បានលើកទឹកចិត្តឲ្យមានកិច្ចចរចារ ដើម្បីបញ្ចប់សង្គ្រាមមួយនេះ ហើយកម្ពុជាជំទាស់រាល់ការប្រើប្រាស់កម្លាំង និងគំរាមប្រើប្រាស់កម្លាំងប្រឆាំងទៅនឹងភាគីមួយទៀត។ សម្ដេចបានបង្ហាញក្ដីសង្ឃឹមថា ទាំងរុស្ស៉ី និងអ៊ុយក្រែន នឹងយោគយល់ដល់គោលជំហររបស់កម្ពុជា ដែលត្រូវប្រកាន់យកនៅតាមវេទិកាអន្ដរជាតិនានា ហើយក៏មិនគួរចាប់បង្ខាំងកម្ពុជា ឲ្យកាន់ជើងភាគីនេះ ឬភាគីនោះឡើយ។

សម្ដេចតេជោនាយករដ្ឋមន្ដ្រី បានកត់សម្គាល់ទៀតថា សង្គ្រាមនៅអ៊ុយក្រែននឹងអូសអន្លាយ ហើយអាចក្លាយទៅជាសង្គ្រាមឈ្លប ប្រសិនបើរុស្ស៉ីមិនដកទ័ព ហើយពេលនោះនឹងមានមនុស្សស្លាប់ និងរបួសច្រើនថ្ងៃ។ សម្តេចតេជោ ហ៊ុន សែន ក៏បានប្រកាសមិនលើកទឹកចិត្តឲ្យមានការផ្តល់ជំនួយយោធាទៅកាន់ប្រទេសអ៊ុយក្រែនផងដែរ ដែលបញ្ហានេះបានធ្វើឲ្យកម្ពុជា ពិបាកក្នុងការបញ្ជាក់ជំហររបស់ខ្លួនដែរ។ ទោះជាយ៉ាងនេះក្តី សម្តេចបញ្ជាក់ថា នេះជាទស្សនៈរបស់សម្តេចប៉ុណ្ណោះ មិនមែនជាទស្សនៈរបស់អាស៊ាននោះទេ។

សម្ដេចតេជោ ហ៊ុន សែន ធ្លាប់បានគូសបញ្ជាក់ថា រុស្ស៉ី អាចនឹងផុងខ្លួននៅក្នុងទឹកដីរបស់អ៊ុយក្រែន ប្រសិនរុស្ស៉ីត្រូវទុកកងទ័ពរយៈពេលយូរក្នុងទឹកដីអ៊ុយក្រែន ដែលមានជាបទពិសោធន៍រួចហើយសម្រាប់កងទ័ពសូវៀត នៅអាហ្វហ្គានីស្ថាននាទសវត្សរ៍១៩៨០ និងកងទ័ពអាមេរិកនិងណាតូ នៅអាហ្វហ្គានីស្ថានក្នុងសតវត្សទី២១។

កិច្ចការសំខាន់បំផុតនៅចំពោះមុខនោះ គឺការចរចាដោយសន្តិវិធី ដោយផ្តល់នូវប្រយោជន៍គ្នាទៅវិញទៅមក ទើបឈានដល់ការបញ្ចប់សង្រ្គាមបង្ហូរឈាមគ្នា និងរកឃើញសន្តិភាពយ៉ាងពិតប្រាកដ។ ដូចដែលសម្ដេចធ្លាប់លើកឡើងជាច្រើនដងរួចហើយថា សម្ដេចគ្មានជំនឿថាយកសង្រ្គាមដើម្បីបញ្ចប់សង្រ្គាមបាននោះទេ។ ទីកន្លែង និងពេលវេលាចរចាមិនគួរក្លាយជាឧបសគ្គសម្រាប់ការចចារនោះឡើយ ព្រោះវានាំដល់ពន្យាការឈឺចាប់សម្រាប់ប្រជាជនដែលពេលនេះកំពុងរត់ភៀសខ្លួន និងជ្រកក្រោមជំរកសុវត្ថិភាពគួរឲ្យអាណិត។

សូមរំលឹកថា សង្គ្រាមឈ្លានពានរបស់រុស្ស៉ីលើអ៊ុយក្រែន បានក្លាយជាប្រធានបទសំខាន់នៅលើពិភពលោក ដោយប្រទេសនានាសម្តែងការព្រួយបារម្ភចំពោះការរីករាលដាលសង្គ្រាម ហើយអំពាវនាវឲ្យមានការអត់ធ្មត់ និងមានកិច្ចសន្ទនា។ ក្នុងសង្គ្រាមរយៈពេល១សប្តាហ៍មកនេះ មានមនុស្សរាប់ពាន់នាក់ស្លាប់ ខណៈហេដ្ឋារចនាសម្ព័ន្ធនានា ក្នុងទីក្រុងធំៗរបស់អ៊ុយក្រែន បានរងការវាយប្រហារស្ទើរខ្ទេចខ្ទាំ៕