(ភ្នំពេញ)៖ លោក ឌី រ័ត្នខេមរុណ ប្រធានអនុសាខាកាកបាទក្រហមខណ្ឌមានជ័យ នាព្រឹកថ្ងៃទី០២ ខែមីនា ឆ្នាំ២០២២នេះ បានដឹកនាំក្រុមការងារ ចុះជួបសំណេះសំណាល សួរសុខទុក្ខ និងផ្តលអំណោយមនុស្សធម៌របស់កាកបាទក្រហមកម្ពុជា ដល់បុរីទារក និងកុមារជាតិ ដែលមានទីតាំងស្ថិតនៅភូមិដំណាក់ធំ៣ សង្កាត់ស្ទឹងមានជ័យទី៣ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។

នាឱកាសនោះដែរ លោក ឌី រ័ត្នខេមរុណ ក៏បានពាំនាំនូវប្រសាសន៍ផ្តាំផ្ញើសាកសួរសុខទុក្ខពីលោក ឃួង ស្រេង ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា រាជធានីភ្នំពេញ និងជាពិសេសពីសំណាក់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុនរ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ជូនដល់កុមារកំព្រាទាំងអស់ នៅក្នុងបុរីទារក និងកុមារជាតិ ប្រកបដោយសេចក្តីនឹករលឹក ។

លោក ឌី រ័ត្នខេមរុណ ក៏បានអំពាវនាវដល់អ្នកមើលថែទាំ កុមារកំព្រា នៅក្នុងបុរីទារក និងកុមារជាតិ យកចិត្តទុកដាក់ពីសុខភាពអនាម័យក្នុងការរស់នៅ និងការហូបចុក ព្រមទាំងបន្តប្រុងប្រយ័ត្នចំពោះជំងឺកូវីដ-១៩ ជាពិសេសមេរោគបំប្លែងខ្លួនថ្មីប្រភេទ អូមីក្រុង (Omicron) ដែលអត្រាឆ្លងកំពុងកើនឡើងក្នុងរយៈពេលប៉ុន្មានថ្ងៃចុងក្រោយនេះ ។ ត្រូវយកចិត្តទុកដាក់ការពារខ្លួនជាចាំបាច់ ក្នុងនោះសូមកាត់បន្ថយការជួបជុំ ឬការប្រមូលផ្តុំដែលមានមនុស្សច្រើន និងត្រូវអនុវត្តវិធានការ ៣កុំ និង ៣ការពារ តាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ឲ្យបានខ្ជាប់ខ្ជួន ដើម្បីសុវត្ថិភាពសុខភាពទាំងអស់គ្នា។

លោក ឌី រ័ត្នខេមរុណ បានបន្តថា អង្គការសហប្រជាជាតិ បានសម្រេចផ្តល់គោរមងារជាឥស្សរជនឆ្នើមថ្នាក់ជាតិ ជូនសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ជាពិសេសសកម្មភាពក្នុងការចូលរួមកាត់បន្ថយអត្រាមរណៈមាតា និងទារក សំដៅបង្កើតធនធានមនុស្សដើម្បីអភិវឌ្ឍសង្គមជាតិ។ ទន្ទឹមនឹងនេះលោក ប្រធានអនុសាខា ក៏បានលើកឡើង អំពីកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការប្រយុទ្ធប្រឆាំងកូវីដ-១៩ ក្នុងយុទ្ធនាការស្រោចវ៉ាក់សាំងជូនដល់ប្រជាពលរដ្ឋ និងជួយរក្សាលំនឹង ជីវភាពរបស់ប្រជាជនក្រីក្រ ជនងាយរងគ្រោះ ព្រមជាមួយការធានាបាននិរន្តរភាពការងាររបស់ប្រជាជន បើទោះបីជាកូវីដ-១៩ បានបំផ្លិចបំផ្លាញយ៉ាងធ្ងន់ធ្ងរលើវិស័យ សុខុមាលភាពសង្គម សេដ្ឋកិច្ច។

យ៉ាងណាមិញ លោក ឌី រ័ត្នខេមរុណ ក៏បានអំពាវនាវឱ្យស្ត្រីមានផ្ទៃពោះ ស្ត្រីជាមាតា ស្ត្រីក្នុងវ័យបន្តពូជ ទាំងអស់ ចូលរួមអនុវត្តតាមអនុសាសន៍ ក្នុងការថែទាំ សុខភាពម្តាយ និងកូនក្នុងបរិបទ «រស់នៅធម្មតាតាមបែបគន្លងថ្មី» ពង្រឹងការផ្តល់សេវាភាពបន្តពូជ សុខភាពមាតា ទារក និងកុមារ និងការផ្តល់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ជូនស្ត្រីមានផ្ទៃពោះ និងមាតាកំពុងបំបៅកូនដោយទឹកដោះម្តាយ ក្នុងគោលបំណងគាំទ្រសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា និង
ជាឥស្សរជនឆ្នើមថ្នាក់ជាតិ នៃផែនការសកម្មភាពរួមអគ្គលេខាធិការអង្គការសហប្រជាជាតិដើមី្បសុខភាពស្ត្រី និងកុមារ ។

ក្នុងនោះលោកប្រធាន ក៏បានលើកនូវខ្លឹមសារនៃសារលិខិតរបស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិតប្រធាន ដោយផ្តោតសំខាន់លើការ ពង្រឹងការផ្តល់សេវាសុខភាពបន្តពូជ សុខភាពមាតា ទារក និងកុមារ និងការផ្តល់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ជូនស្ត្រីមានផ្ទៃពោះ និងមាតាកំពុងបំបៅកូនដោយទឹកដោះម្តាយ និងកំពុងបន្តចាក់ដូសជំរុញ និងពង្រឹងការអនុវត្តវិធានការសុខាភិបាល និងការព្យាបាលជាបន្តបន្ទាប់ទៀតប្រកបដោយប្រសិទ្ធភាព និង ឲ្យបានល្អប្រសើរឡើងវិញ ឲ្យបានសមស្របជាមួយនឹងប្រធានបទនៃទិវាជាតិសុខភាពមាតា ទារក និងកុមារ ឆ្នាំ២០២២នេះ។

សូមបញ្ជាក់ថា អំណោយមនុស្សធម៌ដែលផ្តល់ជូនដល់បុរីទារក និងកុមារ រួមមាន ៖ អង្ករ ១០បាវ, មី ម៉ាម៉ា ២កេសធំ(១២ កេសតូច), ទឹកសុទ្ធកម្ពុជា ៣០កេស, ទឹកត្រី ៥យួរ (៣០ ដប), ទឹកស៊ីអ៊ីវ ៥យួរ(៣០ ដប), ត្រីខ ១០យួរ (១០០ កំប៉ុង), ជែលលាងដៃ ១កេស(១៦ដប) និងថវិកា៤០ម៉ឺនរៀល ដើម្បីជួយសម្រួលដល់ជីវភាពប្រចាំថ្ងៃផងដែរ៕