(រតនគិរី)៖ នៅព្រឹកថ្ងៃទី២ ខែមីនា ឆ្នាំ២០២២ លោក លន់ សុភាព អភិបាលរងខេត្តរតនគិរី បានអញ្ជើញបើកកិច្ចប្រជុំផ្សព្វផ្សាយការរៀបចំ និងកសាងកម្មវិធីវិនិយោគ៣ឆ្នាំរំកិល (២០២៣-២០២៥) របស់រដ្ឋបាលខេត្ត។ កិច្ចប្រជុំនេះ ក៏មានការអញ្ជើញចូលរួមពីតំណាង នាយក នាយករងអង្គភាពចំណុះសាលាខេត្ត អភិបាល អភិបាលរងក្រុងស្រុកទទួលបន្ទុកផែនការ ប្រធាន អនុប្រធានមន្ទីរអង្គភាពពាក់ព័ន្ធ ប្រធានការិយាល័យផែនការ និងគាំទ្រឃុំសង្កាត់ តំណាងវិស័យឯកជន តំណាងអង្គការសង្គមស៊ីវិល និងមន្រ្ដីពាក់ព័ន្ធជាច្រើនរូបផងដែរ។

នាឱកាសនេះលោក លន់ សុភាព បានថ្លែងថា ការផ្សព្វផ្សាយរៀបចំ និងកសាងកម្មវិធីវិនិយោគ៣ឆ្នាំរំកិល (២០២៣-២០២៥) របស់រដ្ឋបាលក្រុង ស្រុក ឃុំសង្កាត់ ដែលរដ្ឋបាលនីមួយៗ គ្រោងប្រើប្រាស់មូលនិធិអភិវឌ្ឍន៍ របស់ខ្លួនសម្រាប់អនុវត្តក្នុង២០២៣ ដើម្បីមានមូលដ្ឋានបច្ចេកទេសសម្រាប់ទីចាត់ការនានាចំណុះសាលាខេត្ត មន្ទីរអង្គភាពជុំវិញខេត្ត រដ្ឋបាលក្រុង ស្រុក។ ឯកសារបច្ចេកទេសទាំងនេះ ពិតជាមានសារៈសំខាន់ សម្រាប់ធ្វើការជ្រើសរើស គម្រោងអាទិភាពការកំណត់គម្រោងសេវាសង្គមជាដើម ដើម្បីធ្វើជាធាតុចូល សម្រាប់ការរៀបចំកម្មវិធីវិនិយោគបីឆ្នាំរំកិលរបស់រដ្ឋបាលខ្លួន។ ដូច្នេះស្នើឲ្យភាគីអ្នកពាក់ព័ន្ធទាំងអស់ ត្រូវពិនិត្យលើសូចនាករនានា ដែលមានបញ្ហាប្រឈមខ្ពស់ រួចយកមកដោះស្រាយតាមលំដាប់លំដោយ នៅក្នុងកម្មវិធីវិនិយោគបីឆ្នាំរំកិលរបស់រដ្ឋបាលខ្លួន ហើយត្រូវធ្វើបច្ចុប្បន្នភាពគំរូនានាជារៀងរាល់ឆ្នាំ។

លោកបន្ថែមថា កិច្ចប្រជុំថ្ងៃនេះពិតជាមានសារៈសំខាន់ខ្លាំងណាស់ព្រោះថា លោក លោកស្រីដែលអញ្ជើញមកពី ទីចាត់ការនានាចំណុះសាលាខេត្ត មន្ទីរអង្គភាពជុំវិញខេត្ត រដ្ឋបាលក្រុង ស្រុក អង្គការសង្គមស៊ីវិល និងវិស័យឯកជន នឹងទទួលបាននូវផ្នែកបច្ចេកទេស និតិវិធី វិធីសាស្រ្ដ និងចំណេះដឹងបន្ថែមទៀតក្នុងការរៀបចំ និងកសាងកម្មវិធីវិនិយោគបីឆ្នាំរំកិលរបស់រដ្ឋបាលរបស់ខ្លួន។លោកក៏បានស្នើឱ្យអោយលោក លោកស្រីយកចិត្តទុកដាក់ឱ្យបានហ្មត់ចត់ ទៅផ្នែកបច្ចេកទេស និតិវិធី និងវិធីសាស្រ្ដ ដែលអ្នកសម្របសម្រួល នឹងធ្វើបទបង្ហាញជូនតាមលំដាប់លំដោយ។

ឆ្លៀតក្នុងឱកាសនេះលោកអភិបាលរងខេត្ត ក៏បានកោតសរសើរដល់ក្រុមការងារបច្ចេកទេស នៃទីចាត់ការផែនការ និងវិនិយោគ និងមន្ទីរផែនការខេត្ត ដែលបានខិតខំប្រឹងប្រែង និងសម្របសម្រួលជាមួយអ្នកពាក់ព័ន្ធទាំងអស់ ដើម្បីរៀបចំកិច្ចប្រជុំនេះឡើង ពីព្រោះឯកសារបច្ចេកទេសទាំងអស់នេះ មានការកែសម្រួលបន្ថែមនូវក្នុងជំហានទី១ អំពីការងារបច្ចេកទេសថ្មីៗ៕