(ភ្នំពេញ)៖ ថ្លែងក្នុងឱកាសអញ្ជើញសម្ពោធដាក់ឱ្យប្រើប្រាស់ផ្លូវជាតិលេខ៣ ភ្នំពេញ-កំពត នាព្រឹកថ្ងៃទី០២ ខែមីនា ឆ្នាំ២០២២នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា បានណែនាំដល់មន្ត្រីជំនាញ ពិនិត្យពីការកំណត់បន្ថែមល្បឿនឱ្យឡើងដល់ ១០០គីឡូម៉ែត្រក្នុងមួយម៉ោង នៅតាមផ្លូវដែលមានទំហំធំៗ ជាពិសេសផ្លូវសំខាន់ៗ ដែលមានទំហំធំ និងមានគន្លងផ្លូវហើយស្រាប់។

សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា នៅថ្ងៃខាងមុខ អាចនឹងមានការបង្កើនល្បឿន ព្រោះផ្លូវនេះវាមានកន្លែង អាចបើកបាន៨០គីឡូម៉ែត្រក្នុងមួយម៉ោង និង ៤០គីឡូម៉ែត្រក្នុងមួយម៉ោង ប៉ុន្តែនៅមានអ្នកភាន់ច្រឡំត្រង់ថា ឃើញគេដាក់លេខ ៤០ ចឹងបើក ៤០រហូត តាំងពីកំពតដល់ភ្នំពេញ ទោះបីចូលដល់កន្លែង ៨០ហើយ អត់ហ៊ានបើកព្រោះអត់បានមើលកន្លែងដ៏ទៃទៀត ចឹងហើយអាកន្លែងធំគេឱ្យបើក ៨០ក្នុងមួយម៉ោង អាកន្លែងតូចបើក៤០ក្នុងមួយម៉ោង។

ពាក់ព័ន្ធនឹងការកំណត់ល្បឿនក្នុងការបើកបរនេះសម្តេចតេជោ ហ៊ុន សែន បានថ្លែងបញ្ជាក់ដូចនេះថា «ខ្ញុំគិតថា ៨០ អាចនឹងយឺតជាង អាចនឹងយឺត ផ្លូវល្បឿនលឿនគឺ ១២០គីឡូ ដែលបន្តិចទៀតនឹងតភ្ជាប់រវាងទីក្រុងភ្នំពេញ និងខេត្តព្រះសីហនុ ដែលកំពុងសាងសង់ដោយក្រុមហ៊ុនចិន ឥលូវនេះសម្រាប់យើង នៅពេល ដែលយើងមានគន្លងផ្លូវយ៉ាងនេះ គន្លងផ្លូវបែបនេះគឺកំពុងតែមាននៅក្នុងផ្លូវជាតិលេខ៣ផង ផ្លូវជាតិលេខ៦ ផ្លូវជាតិលេខ៥ និងផ្លូវជាតិលេខ១ ចឹងតើគួផ្លូវណាបង្កើនល្បឿន អនុញ្ញាតឱ្យឡើងដល់ ១០០ ហើយផ្លូវណាឡើងដល់ប៉ុន្មាន នឹងពិនិត្យអំពីបញ្ហានេះ ព្រោះបើក៤០ជាប់ វានៅគាំងនៅនឹង»

ពាក់ព័ន្ធនឹងផ្លូវជាតិលេខ៣នេះ សម្តេចតេជោ ហ៊ុន សែន ក៏បានកោតសរសើរពីរៀបចំដាក់កាមេរ៉ាចាប់ល្បឿនទាំង១០ទីតាំង ដែលជាការធ្វើទំនើបកម្មមួយ នៃការសាង សង់ផ្លូវ ដែលអាចធ្វើការកំណត់ល្បឿនរបស់អ្នកបើកបរ បើកបើកហួសល្បឿន គឺគេអាចនឹងធ្វើការចាប់ល្បឿន ហើយនិងនាំយកលិខិតផាកពិន័យដល់ផ្ទះតែម្តង ដែលនេះគឺជាការខិតខំមួយដែរ។

សម្តេចតេជោ ហ៊ុន សែន ក៏បានគូសបញ្ជាក់ដែរថា ឥលូវនេះយុទ្ធសាស្ត្រនៃការធ្វើផ្លូវគឺត្រូវបានផ្លាស់ប្តូរហើយ ដែលពីមុនគឺធ្វើឱ្យតែបានវែង ដែលមិនទាន់គិតទៅលើ គុណភាពនោះទេ តែមកដល់ឥលូវនេះគឺចាប់ផ្តើមធ្វើការកែលម្អរឱ្យល្អជាងមុនហើយ ដែលមានតម្លៃថ្លៃជាងពេលមុន៕